រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ សង្ស័យ​រថយន្ត​អស់​សាំង​បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ធ្វើ​ដំណើរ​ផ្លូវ​សុខ​ៗ ស្រាប់តែ​ឈប់​រថយន្ត​កណ្ដាលផ្លូវ រួច​ចុះ​ដើរទៅ​បាត់ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កណ្តាលផ្លូវ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​៨​និង​និង​១០​នាទី​យប់ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ ជិត​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រើយ​ខាងត្បូង ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

តាម​ប្រភព​ពី​បងប្អូន​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ផ្លូវ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប ម៉ាក PORSCHE ពណ៌​ខ្លា​ឃ្លោក ពាក់​ស្លាក​លេខ ភ្នំពេញ 2O 6366 ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ថា​នារី​រូប​នោះ​មានរឿង ក៏​ស្រាប់តែ​ឈប់​រថយន្ត​កណ្តាលផ្លូវ ហើយ​បាន​ចុះ​ពីលើ​រថយន្ត​ដើរ​ចេញ​ទាំង​រំភើយ​ទៅ​បាត់ ដោយ​មិន​ខ្វល់​ពី​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​ផ្សេង​ទៀត​ទាល់តែ​សោះ ។

មួយសន្ទុះ​ក្រោយមក ឃើញ​មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ក៏​ស្រាប់​ឃើញ​នារី​ម្នាក់ និង​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​ហើយ​និយាយ​ថា រថយន្ត​របស់​ពួក​គេ​អស់​សាំង ហើយ​ពេល​នោះ​ដែរ​សមត្ថកិច្ច​ក៏​បានឱ្យ​ពួក​គេ​អូស​រថយន្ត​យក​ទៅ​ចាក់​សាំង ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​ដទៃ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]