ចិន៖ នារីជនជាតិចិនម្នាក់ បានរងការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង ក្រោយត្រូវស្វាមីចិត្តឥតមេត្តាចាកចោលដោយគ្មានអាល័យ ក្រោយពីនាងសម្រាលបានកូនប្រុស ធ្វើឲ្យរូបសម្រស់ហាក់ប្រែប្រួល រីកមាឌបែកសាច់ ខូសអស់រាងស្លីម។

នាង Liu Yajuan

បើយោងតាមប្រភពសារព័ត៌មាន នារីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Liu Yajuan បានផ្តល់សម្ភាសន៍តាមរយៈកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ ទាំងអារម្មណ៍ក្តុកក្តួល ជុំវិញនឹងជីវិតគ្រួសារមិនសមប្រកប ត្រូវស្វាមីចាកចោលព្រោះតែនាងមានរូបរាងធាត់ បន្ទាប់ពីឆ្លងទន្លេសម្រាលបានកូនប្រុសរួច។

Liu នាងបាននិយាយថា ពីមុនឡើយទម្ងន់របស់នាងត្រឹម ៥០គីឡូក្រាមប៉ុណ្ណោះ រហូតឡើងដល់ ៩០គីឡូក្រាម ក្រោយនាងសម្រាលកូនរួច។ ប្តីរបស់នាងបាននិយាយដាក់នាងថា គាត់ពេញចិត្ត និងស្រលាញ់តែប្រពន្ធរូបរាងស្គមស្អាតតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ធាត់ដូចជ្រូក ដូច្នេះគាត់មិនអាចទ្រាំរស់នៅជាមួយនឹងនាងបានទៀតនោះទេ។

នាង Liu Yajuan

Liu ថា នាងពិតជាឈឺចាប់ខ្លាំងណាស់ បន្ទាប់ពីបានឮពាក្យសម្ដីប៉ុន្មានម៉ាត់នេះ ចេញមាត់ស្វាមីជាទីស្រលាញ់។ ហើយនៅទីបំផុត គាត់ក៏បានចាកចេញពីនាងមែន ព្រោះតែស្អប់នាងមានរូបរាងធាត់។

អ្នកម្តាយវ័យក្មេងរូបនេះ បានរៀបរាប់ឲ្យដឹងទៀតថា កាលរៀបការហើយថ្មីថ្មោង ស្វាមីរបស់នាងតែងតែឧស្សាហ៍និយាយលេងជាមួយនឹងនាងថា គាត់ចង់ធ្វើជាស្វាមីម្នាក់ដ៏ល្អបំផុតសម្រាប់នាង ហើយគាត់ពិតជាចង់ឲ្យនាងឡើងគីឡូណាស់ ព្រោះនៅពេលដែលនាងធាត់ នាងនឹងមិនរត់ចោលគាត់ ហើយក៏មិនមានប្រុសណា មកស្រលាញ់នាងទៀតនោះឡើយ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ នៅទីបំផុតប្តីរបស់នាងបែរជាប្រែចិត្ត ចាកចោលនាងទាំងគ្មានអាល័យ បន្ទាប់ពីនាងប្រែរូបរាងទៅជាធាត់។

នាង Liu Yajuan

ប្រភពដដែលបន្តថា មិនត្រឹមតែជីវិតអាពាហ៍ពិពាហ៍របស់ Liu ត្រូវបានបែកបាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងទទួលរងនូវជំងឺខ្លាញ់រុំថ្លើមធ្ងន់ធ្ងរ ដោយសារតែការធាត់នេះទៀតផង។ ហើយសូម្បីតែកូនប្រុសដ៏គួរឲ្យស្រលាញ់របស់នាង ក៏តែងតែចំអន់លេងសើចនឹងនាងថា «ម៉ាក់ៗជាស្រីដែលធាត់ដូចជ្រូក!»

បើទោះបីជាយ៉ាងណាក្តី បច្ចុប្បន្ននេះ Liu នាងបានតាំងចិត្តយ៉ាងមុតមាំបំផុត ដោយព្យាយាមស្វែងរកវិធីសម្រក់ទម្ងន់ជាច្រើន ដូចជាតាមរយៈការហាត់ប្រាណ និងចូលរួមនៅក្នុងកម្មវិធីនានាជាដើម ដើម្បីទទួលបានរាងស្អាតរបស់នាងត្រលប់មកវិញ។

នាង Liu Yajuan

ជាក់ស្តែង ថ្មីៗនេះ Liu នាងក៏បានចូលរួមជាមួយនឹងកម្មវិធីទូរទស្សន៍មួយ នៅក្នុងការប្រកួតប្រជែងសម្រកទម្ងន់ផងដែរ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ត្រឹមតែសប្តាហ៍ដំបូងប៉ុណ្ណោះ Liu នាងអាចស្រកបាន ៣,២គីឡូក្រាម ដោយផ្តួលបេក្ខនារីប្រកួត ១៣រូប និងថែមទាំងបានឈរនៅលើចំណាត់ថ្នាក់លេខ១ ទៀតផង។ នាងថា នាងនឹងប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីសម្រេចគោលបំណងរបស់នាង។

នាង Liu Yajuan

គួរឲ្យដឹងផងដែរថា រឿងរ៉ាវរបស់ Liu បានទទួលការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គមចិន ខណៈក៏មានអ្នកខ្លះបានបញ្ចេញមតិលើកទឹកចិត្ត និងអាណិតនាងថា៖

«ប្រពន្ធរបស់អ្នកប្រែប្រួលរូបរាង (ធាត់) ក៏ព្រោះតែនាងខំប្រឹងបង្កើតកូនឲ្យអ្នកនឹងហើយ។ តាំងខ្លួនជាប្រុស ជាប្តីគេ ប៉ុន្តែបែរជាចាកចោលនាងយ៉ាងដូច្នេះ តើសមទេ?»

«នាងគួរតែសម្រកទម្ងន់បែបនេះគឺល្អហើយ ធ្វើវាដើម្បីខ្លួននាង និងសុខភាពខ្លួនឯង កុំដើម្បីផ្គាប់ចិត្តអាប្តីហេងស៊យនោះអី!»

«ស្មានតែស្រីៗហ្នឹង សប្បាយចិត្តមែន នៅពេលដែលនាងឡើងគីឡូ ធាត់បែបហ្នឹងនោះ?»

«ប្រហែលមកពីនាង មិនទាន់បានជួបនឹងបុរសល្អពិតនោះទេ ទើបបានជាគេចាកចោលនាងយ៉ាងដូច្នេះ។ មិនអីទេ ត្រូវក្រោយឈរ តស៊ូទៅមុខទៀត» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

នាង Liu Yajuan
នាង Liu Yajuan
នាង Liu Yajuan
នាង Liu Yajuan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]