ឥណ្ឌា៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យសង្វេគបំផុត ដែលស្រ្តីជនជាតិឥណ្ឌាជាច្រើន បានប្រថុយគ្រោះថ្នាក់តោងខ្សែពួរទម្លាក់ខ្លួនចូលទៅក្នុងអណ្ដូង ជម្រៅជាច្រើនម៉ែត្រ ដើម្បីចុះដងទឹកយកប្រើប្រាស់ ក្រោយប្រទេសជួបគ្រោះរាំងស្ងួត ក្តៅហួតហែង។

ស្រ្តីឥណ្ឌាចុះអណ្ដូងដងយកទឹក

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ស្រ្តីឥណ្ឌាជាច្រើនដែលរស់នៅក្នុងភូមិ Badewadi ទីក្រុង Nashik ភាគខាងលិចប្រទេសឥណ្ឌា ត្រូវបានបង្ខំចិត្តចុះទៅដល់បាតអណ្ដូង ដែលមានជម្រៅប្រមាណ ៦០ហ្វីត ឬ ១៨ម៉ែត្រ ដោយប្រើប្រាស់ខ្សែពួរតោងទម្លាក់ខ្លួន ដែលមើលទៅហាក់គ្មានសុវត្ថិភាពទាល់តែសោះ ដើម្បីចុះដងទឹកយកមកប្រើប្រាស់ បន្ទាប់ពីប្រទេសមួយនេះ (តាមតំបន់មួយចំនួន) បានជួបគ្រោះរាំងស្ងួត សឹងតែគ្មានទឹកប្រើប្រាស់ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយមកនេះ។

នៅក្នុងនោះ គេក៏សង្កេតឃើញមានស្រ្តីខ្លះទៀត បានព្យាយាមទម្លាក់កូនធុង ឬកាដុងជ័រដែលមានចងខ្សែ ដើម្បីដងយកទឹក ឬសុំជំនួយពីស្រ្តីដែលនៅក្នុងអណ្ដូងឲ្យជួយដងឲ្យពួកគេ រួចអូសឡើងមកលើវិញផងដែរ។

ស្រ្តីឥណ្ឌាចុះអណ្ដូងដងយកទឹក

សកម្មជនម្នាក់ឈ្មោះ លោក Bhagwan Madhe ធ្វើការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ បានថតវីដេអូឃ្លីបពីសកម្មភាពស្រ្តីទាំងនោះ ក្នុងភូមិ Badewadi កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ និងបានបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍ ខណៈដែលអ្នកមួយចំនួនក៏បានបង្ហាញពីអារម្មណ៍ក្កុកក្តួល និងព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកស្រ្តីទាំងនោះផងដែរ។

សកម្មជនរូបនេះបាននិយាយថា នៅក្នុងតំបន់នេះបានជួបប្រទះនឹងបញ្ហាកង្វះទឹកយ៉ាងធ្ងន់ធ្ងរ អស់រយៈពេល ៣ឆ្នាំ មកហើយ។ ហើយរដ្ឋាភិបាលក៏បានបរាជ័យនៅក្នុងការដោះស្រាយលើវិបត្តិមួយនេះផងដែរ។

លោកបានបន្ថែមថា ស្រ្តីភាគច្រើនបច្ចុប្បន្ន គឺកំពុងតែប្រថុយអាយុជីវិតយ៉ាងខ្លាំង ក្នុងការចុះទៅដល់បាតអណ្ដូង ដើម្បីដួសយកទឹកមកប្រើប្រាស់ក្នុងគ្រួសារ។ ប៉ុន្តែជាសំណាងល្អហើយ ដែលមកទល់ពេលនេះពុំទាន់មានស្រ្តីណាម្នាក់បានរងគ្រោះថ្នាក់នោះទេ។

ស្រ្តីឥណ្ឌាចុះអណ្ដូងដងយកទឹក

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះត្រូវបានគេរាយការណ៍ថា ប្រភពទឹកបានស្ងួតហួងហែង នៅក្នុងភូមិចំនួន ២៥ នៅទូទាំងតំបន់ Trimbakeshwar Taluka ក្នុងទីក្រុង Nashik ភាគខាងលិច នៃប្រទេសឥណ្ឌា។ នៅសេសសល់ប្រភពទឹកតិចតួចប៉ុណ្ណោះ ដែលអាចប្រើប្រាស់បាន ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យស្រ្តីៗជាច្រើន នាំគ្នាចុះទៅដល់បាតអណ្ដូង ដើម្បីបានទឹកយកមកប្រើប្រាស់ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]