(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនជាតិចិនម្នាក់ បានស្ពាយកាបូបភ្ជាប់ជាមួយគ្រាប់បែកកែច្នៃ ចូលទៅក្នុងហាងចិនមួយកន្លែងលក់គុជ យីហោ «ហឺហឺ» ស្ថិតនៅមុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ដោយឃើញសភាពបែបនេះ ម្ចាស់ទីតាំងលើបានស្រែកឆោឡោឡើង និងរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ហើយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌបានដឹកនាំកម្លាំង ដើម្បីចុះទៅអន្ដរាគមន៍ និងចាប់ខ្លួនជនសង្ស័យឈ្មោះ លីវ ជីន អាយុ៣៩ឆ្នាំ រួមជាមួយវត្ថុតាងដើម្បីឲ្យអង្គភាពស៊ីម៉ាក់ ចុះធ្វើការពិនិត្យភ្លាមៗផងដែរ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គ្រាប់បែកកែច្នៃដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ជាមួយជនជាតិចិនម្នាក់នៅខណ្ឌពោធិ៍សែនជ័យនោះ ជាប្រភេទគ្រាប់មិនផ្ទុះបាននោះទេ ដោយសារគ្មានខ្សែឈ្នួនផ្ទុះ ហើយនៅខាងក្នុងបំពង់នោះមានតែដីខ្សាច់ មិនមែនរំសេវនោះទេ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា តាមការត្រួតពិនិត្យរបស់មន្រ្តីស៊ីម៉ាក់ បានបង្ហាញថាជាប្រភេទគ្រាប់បែកកែច្នៃមិនអាចផ្ទុះនោះទេ ដូច្នេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមសាធារណជនជ្រាប ក្រោយសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិនដែលគេសង្ស័យ យកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកនោះទេ ដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ»។

ជាមួយគ្នានេះ លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា ករណីនេះផ្ដើមចេញពីគំនុំរកស៊ីជាមួយដៃគូរបស់ខ្លួន ជាជនជាតិចិនដូចគ្នា ទើបធ្វើឲ្យជនសង្ស័យយកគ្រាប់បែកកែច្នៃ មកគំរាមដៃគូជម្លោះរបស់ខ្លួន។

តាមការសាកសួរពីឈ្មោះ ថាំង នៀន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន (ម្ចាស់ហាងតែគុជ) បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូកង់បីមកម្នាក់ឯង មានស្ពាយវត្ថុម្យ៉ាងដែលគេសង្ស័យថាគ្រាប់បែក ចូលមកចំណុចខាងលើហើយសួររកឈ្មោះ តឹង ដែលឧស្សាហ៍មកហាងខាងលើ ហើយម្ចាស់ហាងបានឆ្លើយថា អត់ឃើញឈ្មោះតឹង មកទីនេះទេ។

បន្ទាប់មកជនសង្ស័យ បានយកវត្ថុម្យ៉ាងដែលមានរុំស្កុតជាមួយនាឡិកាចេញពីកាបូប ឃើញដូច្នោះម្ចាស់ហាងភ័យឆោឡោស្រែកឡូឡា លឺដល់ប្រជាពលរដ្ឋ ប្តឹងសមត្ថកិច្ច បន្ទាប់មកកម្លាំងនគរបាលបានចុះមកឃាត់ខ្លួនជនសង្ស័យ រួមវត្ថុតាងមកប៉ុស្តិ៍នគបាលចោមចៅ១ ដើម្បីសាកសួរ និងទាក់ទងទៅអង្គភាពស៊ីម៉ាក់ មកពិនិត្យវត្ថុតាងខាងលើថា តើជាគ្រាប់បែកច្នៃ ឬមិនមែន?។

តាមការសាកសួរពីជនសង្ស័យបានប្រាប់ថា ខ្លួនបានលេងហ្គេម (ក្នុងកម្មវិធីម្យ៉ាងដែលលេងផង មើលមុខគ្នាឃើញផង) ជាមួយឈ្មោះ តឹង ហើយបានប្រកែកគ្នា ខ្វែងគំនិតគ្នាតាមប្រព័ន្ធ Internet ហើយឈ្មោះតឹងនេះ ក៏មានបញ្ហាជំពាក់លុយកាក់ខ្លួនផងដែរ ពាក់ព័ន្ធការរកស៊ីចូលហ៊ុនគ្នា ហើយខ្លួនចង់ជួបឈ្មោះតឹង តែមិនដឹងថាស្នាក់ នៅឯណា។ ប៉ុន្ដែដឹងថាឧស្សាហ៍មកហាងលក់តែគុជខាងលើ ទើបខ្លួនមកហាងខាងលើដើម្បីរក ហើយជនសង្ស័យបានប្រាប់ថា វត្ថុខាងលើមិនមែនជាគ្រឿងផ្ទុះទេ គឺខ្លួនធ្វើលេងដើម្បីគំរាមតែប៉ុណ្ណោះ។

ក្រោយពីមន្ត្រីស៊ីម៉ាក ធ្វើការត្រួតពិនិត្យរួចបានសន្និដ្ឋានថា មិនមែនជាគ្រឿងផ្ទុះទេ គឺជនសង្ស័យរៀបចំឲ្យដូចគ្រឿងផ្ទុះ ដើម្បីគម្រាមអ្នកដ៏ទៃ ដូចចម្លើយរបស់ជនសង្ស័យមែន។ បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគបាលរក្សាទុក ចំណែកជនសង្ស័យឃាត់ខ្លួន បណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យរង់ចាំបន្តនិតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]