ខេត្តស្វាយរៀង៖ រឿងរ៉ាវស្ត្រីម្នាក់ឆ្លងទន្លេហើយស្លាប់ទាំងម្តាយនិងទារកនៅក្នុងផ្ទៃ ត្រូវបានបុរសជាប្តីនិងកូនស្រីចោទថា ពេទ្យមិនយកចិត្តទុកដាក់ជួយសង្គ្រោះ និងគ្មានវេជ្ជបណ្ឌិតប្រចាំការ ទុកឱ្យជនរងគ្រោះស្លាប់នៅក្រៅបន្ទប់សម្រាល ។ ការបែកធ្លាយរឿងដ៏រសើប ដែលតែងកើតមានជារឿយៗនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៣និង១០នាទីរសៀលថ្ងៃ ទី២៩ ខែមេសា នៅមន្ទីរពេទ្យបង្អែកខេត្ត ។
បើតាមកូនស្រីឈ្មោះ ផាង លីឌីន អាយុ២០ឆ្នាំ ដែលនៅជាប់ជាមួយម្តាយនិយាយថា ម្តាយនាងឈ្មោះ ផន សាវរី អាយុ៤០ឆ្នាំ មានកូនស្រី៣នាក់ រូបនាងជាកូនទី២ ហើយកូនស្រីដែលស្លាប់ក្នុងផ្ទៃជាមួយម្តាយជាកូនទី៤ ។ គ្រួសារនាងរស់នៅក្នុងភូមិត្រពាំងថ្នា ឃុំរាជ្យមន្ទីរស្រុកកំពង់រោទ៍ ។ នៅពេលម្តាយនាងគ្រប់ខែឆ្លងទន្លេ ឪពុកនាងបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តផ្នែកសម្ភពនៅថ្ងៃទី២៥ ខែមេសា វេលាម៉ោង១១យប់ ។
ពេលនោះ គ្រូពេទ្យវាស់ឈាម និងពិនិត្យចង្វាក់បេះដូង រួចដាក់សេរ៉ូម ហើយមកដល់ថ្ងៃទី២៦ ខែមេសា វេលាម៉ោង៧ព្រឹកគ្រូពេទ្យឲ្យនាំម្តាយទៅឆ្លុះអេកូ ។ ពេលទៅដល់កន្លែងអេកូ គ្រូពេទ្យប្រចាំការបានស្តីបន្ទោសដោយប្រើពាក្យមិនសមរម្យទៅលើអ្នកកំដរថា ថ្មើរហ្នឹងមានអ្នកអេកូឯណាទាំងព្រឹក ហើយនាងក៏គ្រាហ៍ម្តាយឡើងទៅជាន់ទី២វិញ ។
ប្រភពដដែលបន្តថា សូម្បីតែព្យូសេរ៉ូម ក៏គ្រូពេទ្យប្រើនាងឱ្យទៅរកដែកព្យូសេរ៉ូមខ្លួនឯងដែរ ។ លុះដាក់សេរ៉ូមហើយ គ្រូពេទ្យក៏ទៅបាត់ហើយរហូតដល់ម៉ោង៩ព្រឹកទើបបានអេកូពោះ ។ នៅវេលាម៉ោង១រសៀល ឪពុកនាងនិងរូបនាងជាកូន បានប្រាប់គ្រូពេទ្យថា សភាពម្តាយនាងដូចជាមិនល្អទេ បើយ៉ាងណាសូមធ្វើការវះកាត់ទៅ តែគ្រូពេទ្យឆ្លើយថាមិនអីទេ និងទុករហូតដល់ម៉ោង៤រសៀល ម្តាយនាងប្រាប់ថាគាត់ធ្វើទុក្ខក្នុងខ្លួនខ្លាំង ក្តៅក្នុងខ្លួនខ្សោះទឹក ក៏បានជំរុញ ពេទ្យថាបើមិនកើតទេឲ្យពេទ្យវះកាត់ទៅ ។
នាងនិងម្តាយធំឃើញម្តាយធ្វើទុក្ខខ្លាំង ត្រូវការជំនួយពីគ្រូពេទ្យក៏រត់រកគ្រូពេទ្យឲ្យមកមើលជួយសង្គ្រោះ ប៉ុន្តែគ្មានគ្រូពេទ្យប្រចាំការទេ រីឯគ្រូពេទ្យម្នាក់មកដល់ប្រាប់ថា មិនអីទេឲ្យម្តាយគាត់អង្គុយលើកន្ថោរខាងមុខបន្ទប់រង់ចាំ ដោយប្រាប់ថា រង់ចាំគ្រូពេទ្យមកសិន ។ លុះដល់ម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមេសា ម្តាយគាត់ស្រែកថ្ងូរថា ចុកខ្លាំងនិងវិលមុខ នាងរត់ទៅរកគ្រូពេទ្យតែគ្មានឃើញគ្រូពេទ្យប្រចាំការណាម្នាក់ទេ ។
ម្តាយនាងចុករហូតបែកពពុះមាត់ស្លឈាម ខ្លួនឡើងខ្មៅ និងប្រកាច់ដួលនៅខាងមុខបន្ទប់ ទើបគ្រូពេទ្យមកសែងចូលក្នុងបន្ទប់ដើម្បីសង្គ្រោះ ។ ប៉ុន្តែអ្វីៗហួសពេលទៅហើយ ម្តាយនាងបានស្លាប់និងស្លាប់ទាំងកូនក្នុងផ្ទៃតែម្តង ឯពេទ្យមកដល់ហើយអង្អែលក្បាលថា កាត់ចិត្តទៅគ្រូពេទ្យជួយអស់លទ្ធភាពហើយតែមិនអាចជួយបាន ។ តាមពិត គ្មានគ្រូពេទ្យប្រចាំការទេ ម្តាយនាងស្លាប់រួមនឹងកូនក្នុងផ្ទៃក៏ស្លាប់ គឺដោយការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ ។
បុរសជាប្តីឈ្មោះ ផាង សំអុល អាយុ៤៥ឆ្នាំ បានចោទប្រកាន់ថា មកពីពេទ្យមិនយកចិត្តទុកដាក់ ហើយធ្វេសប្រហែសទើបធ្វើឲ្យប្រពន្ធគាត់ស្លាប់ ។ គាត់បានអំពាវនាវដល់រាជរដ្ឋាភិបាល សូមជួយរកយុត្តិធម៌ឲ្យសពប្រពន្ធនិងកូនគាត់ផង ។
ទាក់ទិននឹងករណីខាងលើនេះ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា មានកិច្ចប្រជុំផ្ទៃក្នុងមួយនៅសាលប្រជុំអគារសម្តេចម៉ែនៃមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោកចាន់ ដារ៉ា នាយកមន្ទីរពេទ្យបង្អែកខេត្ត លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យផ្នែកសម្ភពជាច្រើនរូប។ កិច្ចប្រជុំផ្ទៃក្នុងនេះ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្តាប់ឡើយ ហើយរហូតដល់ម៉ោង៤និង៣០នាទីរសៀល ទើបបញ្ចប់ ។
អ្នកសារព័ត៌មានយើងបានសុំសម្ភាសលោក ចាន់ ដារ៉ា នាយកមន្ទីរពេទ្យបង្អែកខេត្ដដែរ បុ៉ន្តែលោកសុំមិនឆ្លើយ និងឲ្យសាកសួរទៅលោកវេជ្ជបណ្ឌិត កែរ រដ្ឋា នាយកមន្ទីរសុខាភិបាលខេត្តវិញ ។ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា មានប្រសាសន៍ថា ស្ត្រីរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង មិនមែនដោយសារពេទ្យធ្វេសប្រហែស ឬពេទ្យមិនយកចិត្តទុកដាក់នោះទេ ។
បើតាមការពិនិត្យតាមដានស្ថានភាពផ្ទៃពោះ និងតាមការមើលអេកូគឺសភាពធម្មតា អាចសម្រាលតាមធម្មជាតិបាន ហើយបញ្ហាកស្បូនគឺមិនទាន់បើកគ្រូពេទ្យក៏បានដាក់ថ្នាំឲ្យបើកស្បូន គឺស្បូនបើកបាន៣សង្ទីម៉ែត្រទើបទុកឲ្យកើតតាមធម្មជាតិ មិននឹកស្មានថាចៃដន្យស្ត្រីរងគ្រោះមានជំងឺគាំងបេះដូងកើតឡើង ធ្វើឲ្យគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដូច្នេះជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង ។
បើតាមមន្ត្រីសុខាភិបាលមួយរូបបង្ហើបថាលោកវេជ្ជបណ្ឌិត យក់ ពុទ្ធវិសាល គ្រូពេទ្យព្យាបាលផ្នែកសម្ភពទទួលវេនប្រចាំការ មានការធ្វេសប្រហែសនិងនាំឲ្យមានកំហុសបច្ចេកទេសហើយនេះជាលើកទី២ហើយដែលលោកវេជ្ជបណ្ឌិតរូបនេះមានកំហុសបច្ចេកទេស ដែល នៅឆ្នាំ២០១៨ មានការធ្វេសប្រហែសបណ្តាលឲ្យអ្នកជំងឺស្លាប់ម្នាក់ដែរ ។
មហាជនសង្កេតឃើញថា បើមានអ្នកជំងឺឬអ្នកឆ្លងទន្លេចំល្ងាចថ្ងៃសុក្រនិងថ្ងៃសៅរ៍-អាទិត្យគឺច្រើនតែគ្មានវេជ្ជបណ្ឌិតប្រចាំការ ។ ទាក់ទិននឹងករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត យក់ ពុទ្ធវិសាល បានទេមកដល់ល្ងាចថ្ងៃទី២៩ ខែមេសា៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]