ហ្វីលីពីន៖ ថ្មីៗនេះ ហាងកាហ្វេនៅហ្វីលីពីនមួយកន្លែង កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ពិសេសអ្នកនិយមលេងបណ្តាញ ក្រោយត្រូវបានគេដឹងថា មានគំនិតច្នៃប្រឌិតនៅក្នុងការប្រើប្រាស់ស្លឹកដូង យកមកធ្វើជាទុយោបឺត ជំនួសដោយការប្រើប្រាស់ប្លាស្ទិច ដើម្បីជួយរក្សាបរិស្ថាន។

ទុយោបឺតធ្វើពីស្លឹកដូង

ហាងកាហ្វេខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Café Editha មានទីតាំងស្ថិតនៅក្នុងតំបន់ Dapa ខេត្ត Surigao del Norte ប្រទេសហ្វីលីពីន។

តាមរយៈការផ្តល់បទសម្ភាសន៍មួយ ជាមួយនឹងកាសែតក្នុងស្រុក អ្នកគ្រប់គ្រងហាងកាហ្វេ Café Editha ឈ្មោះ នាង Sarah Tiu បានឲ្យដឹងថា ទុយោបឺតធ្វើពីស្លឹកដូងនេះ ត្រូវបានគេហៅថា Lukay (ឈ្មោះហៅក្នុងតំបន់)។ នាងចាប់ផ្តើមមានគំនិតប្រើប្រាស់ស្លឹកដូងមកច្នៃធ្វើជាបែបនេះ គឺនៅគ្រាមួយកំឡុងពេលដែលនាងបានធ្វើដំណើរកម្សាន្តជាមួយនឹងគ្រួសារ ទៅលេងនៅលើកោះ Corregidor Island ។

អ្នកគ្រប់គ្រងវ័យ ៣៧ឆ្នាំ រូបនេះ បានបន្តទៀតថា «នៅគ្រានោះ ពួកយើងបានទិញផ្លែដូងស្រស់ យកមកហូបទឹក ហើយអ្នកលក់គេបានកាត់ស្លឹកដូង យកមកធ្វើជាទុយោសម្រាប់បឺត។ ដោយសារតែ មានការចាប់អារម្មណ៍ ពួកយើងក៏បានឲ្យពួកគេ (អ្នកលក់) បង្រៀនពួកយើង ពីរបៀបធ្វើវាតែម្តង ព្រោះថាគំនិតមួយនេះពិតជាល្អ និងគួរឲ្យស្ញប់ស្ញែងណាស់»

ទុយោបឺតធ្វើពីស្លឹកដូង

នាង Sarah Tiu ជាអ្នកគ្រប់គ្រងនៅហាងកាហ្វេខាងលើនេះ បានឲ្យដឹងទៀតថា កន្លងមកនាងក៏ធ្លាប់រិះរកគ្រប់មធ្យោបាយ នៅក្នុងការច្នៃបង្កើតទុយោបឺត ដើម្បីចូលរួមចំណែកជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ដោយជំនួសដោយការប្រើប្រាស់ទុយោបឺតធ្វើពីដែក នឹងធ្វើពីក្រដាសផងដែរ។ ប៉ុន្តែពុំទទួលបានការចាប់អារម្មណ៍ និងគាំទ្រនៅក្នុងហាងនោះទេ។

ទើបតែរយៈពេលប៉ុន្មានសប្តាហ៍នេះប៉ុណ្ណោះ ដែលនាងបានសាកល្បងប្រើប្រាស់ទុយោបឺតស្លឹកដូង ដោយទទួលបានគំនិតវិជ្ជមាន ការសរសើរ និងការគាំទ្រជាច្រើនពីសំណាក់អតិថិជន។ ពិសេស ថែមទាំងល្បីនៅលើបណ្តាញសង្គមថែមទៀតផង។

គួររម្លឹកផងដែរថា កាលពីប៉ុន្មានខែកន្លងទៅនេះ ក៏ធ្លាប់មានយុវជនវៀតណាមម្នាក់ មានគំនិតច្នៃប្រឌិតនៅក្នុងការបង្កើតទុយោបឺត ធ្វើពីដើមស្មៅរុក្ខជាតិ ក្នុងគោលបំណងជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ដោយទទួលបានការសរសើរផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

ទុយោបឺតធ្វើពីស្លឹកដូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]