អាមេរិក៖ ផ្ទុះការសរសើរ បន្ទាប់ពីមេហ្វេសប៊ុកលោក Mark Zuckerberg បានបង្កើតប្រអប់ជំនួយដល់ការគេងមួយឱ្យប្រពន្ធរបស់លោក។

យោងតាមបណ្តាញសង្គម Instagram ផ្លូវការរបស់លោក Mark Zuckerberg បានឱ្យដឹងថា ថ្មីៗនេះ ព្រោះតែភរិយារបស់លោក មានបញ្ហាគេងពុំលក់ស្រួល ដោយសារត្រូវភ្ញាក់មើលកូនតូច ហើយពិបាកក្នុងការគេងលក់វិញ ទើបលោកបែកគំនិតបង្កើតប្រអប់ពិសេសម្យ៉ាងឱ្យនាង។ 

គ្រួសារលោក Mark Zuckerberg

«ធ្វើជាម្តាយគេពិតជាពិបាកខ្លាំងណាស់ ហើយដោយសារតែយើងមានកូនតូចៗនោះ Priscilla (ឈ្មោះប្រពន្ធមេហ្វេសប៊ុក) ពិតជាពិបាកក្នុងការគេងលក់ឱ្យបានសុខស្រួលនៅពេលយប់។ នាងរមែងភ្ញាក់ឡើង និងឆែកមើលម៉ោងនៅក្នុងទូរស័ព្ទ ហើយទៅមើលកូនថាពួកគេភ្ញាក់នៅ ក្រោយមកនាងមិនអាចគេងលក់បានវិញនោះទេ។» (សំណេររបស់លោក Zuckerberg)

ដូច្នេះដើម្បីជួយភរិយាឱ្យគេងលក់បានសុខស្រួលនោះ លោក Zuckerberg ក៏បែកគំនិត បង្កើតប្រអប់ពិសេសមួយ ដែលជំនួយដល់ការគេងរបស់នាង។

លោក Mark Zuckerberg បានរៀបរាប់ថា៖ 

«ខ្ញុំបានបង្កើតរបស់មួយឱ្យប្រពន្ធខ្ញុំដែលមានឈ្មោះថា “Sleep Box ឬប្រអប់ជំនួយដល់ការគេង”។ ខ្ញុំបានដាក់វានៅលើតុក្បែរគ្រែ ហើយនៅពេលម៉ោង ៦-៧ ព្រឹក វានឹងបញ្ចេញពន្លឺខ្សោយមួយ -- វាភ្លឺគ្រប់គ្រាន់ដែលនាងដឹងថា វាគឺជាពេលវេលាដែលម្នាក់ក្នុងចំណោមយើងត្រូវទៅដាស់កូនហើយ ប៉ុន្តែពន្លឺនេះនឹងមិនភ្លឺខ្លាំងរំខាននាងគេងនោះទេ ប្រសិនបើនាងកំពុងតែគេងលក់នោះ។»

«ហើយដោយសារតែវាមិនមានម៉ោងជាប់ជាមួយ ប្រសិនបើនាងភ្ញាក់ពាក់កណ្តាលយប់ នាងអាចត្រលប់ទៅគេងវិញ ដោយមិនចាំបាច់បារម្ភពីពេលវេលាអីទេ។ ជាក់ស្តែង វាពិតជាមានប្រសិទ្ធភាពលើសពីការរំពឹងទុកខ្ញុំទៅទៀត ហើយពេលនេះនាងអាចគេងលក់បានសុខស្រួលហើយ។» 

ប្រអប់ជំនួយដល់ការគេងដែលលោក Zuckerberg បង្កើតឱ្យប្រពន្ធ

លោកបានបន្ថែមទៀតថា៖

«ក្នុងនាមជាវិស្វករម្នាក់ ការបង្កើតឧបករណ៍មួយដើម្បីជួយដល់ប្រពន្ធឱ្យគេងលក់បានសុខស្រួលនោះ គឺជាវិធីដ៏ល្អបំផុតសម្រាប់ខ្ញុំ ក្នុងការបង្ហាញសេចក្តីស្រលាញ់ និងការដឹងគុណចំពោះនាង។ មិត្តភក្កិមួយចំនួនរបស់ខ្ញុំបានប្រាប់ខ្ញុំថា ពួកគេចង់បានរបស់បែបនេះដែរ ដូច្នេះខ្ញុំបានចែករំលែករឿងនេះ ដោយក្រែងលមានសហគ្រិនផ្សេងចង់រកស៊ីជំនួញនេះ និងបង្កើតវាសម្រាប់មនុស្សផ្សេងទៀត!។» 

ក្រោយមករឿងនេះបានល្បីពេញ Instagram ហើយមនុស្សម្នាជាច្រើនសុទ្ធសឹងតែកោតសរសើរលោក Mark Zuckerberg ហើយអ្នកខ្លះក៏បាននិយាយថា ពួកគេចង់បានប្រអប់បែបនេះមួយដែរសម្រាប់ប្រពន្ធរបស់ពួកគេ៕

គ្រួសារលោក Mark Zuckerberg
លោក Mark Zuckerberg និងភរិយា
Comment របស់អ្នកប្រើប្រាស់ Instagram
លោក Mark Zuckerberg និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]