គ្រាប់ប្រេងវីតាមីន E មានផ្ទុកទៅដោយសារធាតុសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្មពិសេសៗ ដែលអ្នកអាចរកបានដោយងាយនៅរាល់ផ្សារទំនើប និងឱសថស្ថានស្របច្បាប់។ នៅក្នុងនោះផងដែរ គ្រាប់ប្រេងវីតាមីនE ត្រូវបានគេយកមកប្រើប្រាស់ភាគច្រើនសម្រាប់លាយគ្រឿងផ្សំបែបធម្មជាតិ ដើម្បីសម្រស់ផ្ទៃមុខ និងស្បែកយ៉ាងច្រើនរាប់មិនអស់។

អ្វីដែលពិសេសនោះ គ្រាន់តែលាបគ្រាប់ប្រេងវីតាមីន E តែមួយមុខមិនបាច់លាយអ្វីទាំងអស់ ក៏អាចជួយផ្នែកសម្រស់បានច្រើនយ៉ាងផងដែរ ដែលរួមមានដូចជា៖

ប្រេងវីតាមីន ​E ជំនួយស្បែកច្រើនយ៉ាង

១. ជួយស្បែកមុខស្អាតទន់រលោង

លាបតែគ្រាប់ប្រេងវីតាមីនលើផ្ទៃមុខជាប្រចាំ ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់ផ្ទៃមុខជួយឱ្យស្បែកទន់ រលោងស្រស់ស្អាត ម៉ដ្ឋខៃគួរឱ្យចង់ស្តាបអង្អែល។

២. ព្យាបាលស្នាមសង្វារ

លាបវីតាមីន E លើស្បែកដែលមានសង្វារជាប្រចាំ នឹងអាចកាត់បន្ថយស្លាកស្នាមបានយ៉ាងល្អ ដោយសារតែវាមានជាតិសំណើម និងជួយឱ្យកោសិកាស្បែកតឹងណែនអស់ស្នាមសង្វារ។

៣.ជួយឱ្យស្បែកភ្លឺ បំបាត់ស្នាម

លាបប្រេងវីតាមីន E អាចជួយឱ្យស្បែកប្រែជាស្រស់ថ្លា ទន់រលោង ជាពិសេសគឺបំបាត់រាល់ស្នាមអុច និងស្នាមខ្មៅនានាបានយ៉ាងល្អ។

ប្រេងវីតាមីន ​E ជំនួយស្បែកច្រើនយ៉ាង

៤. ព្យាបាលជំងឺសាច់ដុំ

ការលាបប្រេងវីតាមីន E ក៏អាចជួយរំសាយភាពឈឺចុកចាប់ និងបន្ថយភាពតានតឹងនៃសាច់ដុំបានល្អផងដែរ។

៥. ប្រឆាំងភាពចាស់ជ្រីវជ្រួញ

ការលាយប្រេងវីតាមីន E ជាមួយនឹងគ្រីមដែលអ្នកលាបប្រចាំឱ្យបាន ២ ទៅ៣ដងក្នុយ១សប្តាហ៍ នឹងជួយឱ្យផ្ទៃមុខរបស់អ្នកក្មេងជាងវ័យ និងបំបាត់ភាពចាស់ជ្រីវជ្រួញបានយ៉ាងល្អ។

៦. ជួយផ្តល់សំណើម

លាយប្រេងវីតាមីន E ប៉ុន្មានដំណក់នៅក្នុងគ្រីមផ្តល់សំណើម លាបមុខពេលយប់មុនពេលចូលគេងជាប្រចាំអាចជួយកម្ចាត់ស្បែកស្ងួត ធ្វើឱ្យស្បែកប្រែជាមានសំណើម ទន់ រលោងស្រស់ថ្លាជាមិនខាន។

៧. កម្ចាត់ស្នាមខ្មៅក្រោមភ្នែក

អ្នកអាចលាបប្រេងវីតាមីន E នៅក្រោមភ្នែករបស់អ្នកជាប្រចាំ ដើម្បីកម្ចាត់ស្នាមខ្មៅៗក្រោមភ្នែក ឬក៏ ២ ទៅ៣ថ្ងៃម្តង ឬអាចលាយប្រេងវីតាមីន E ជាមួយគ្រីមលាបមុខធម្មតាម៉ាស្សានៅក្រោមភ្នែកក៏មានប្រសិទ្ធភាពដូចគ្នាដែរ។

ប្រេងវីតាមីន ​E ជំនួយស្បែកច្រើនយ៉ាង

៨. ព្យាបាលស្បែករលាក

វីតាមីន E ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចប្រឆាំងនឹងកាំរស្មី UV និងផលប៉ះពាល់ពីកម្តៅថ្ងៃបាន។ ដោយអ្នកអាចប្រើប្រេងវីតាមីន E ប៉ុន្មានដំណក់ លាប និងម៉ាស្សាថ្នមៗនៅត្រង់តំបន់ដែលរងការរលាកដោយសារតែកម្តៅថ្ងៃ ស្បែករបស់អ្នកប្រែជាជាសះស្បើយជាមិនខាន។

៩. លាងសម្អាតស្បែកមុខបន្ទាន់

គ្រាប់ប្រេងវិតាមីន E ពិតជាពិសេសណាស់នៅក្នុងការកម្ចាត់ស្បែកមុខដែលកខ្វក់ ថែមទាំងជួយឱ្យសារធាតុប្រេងមានតុល្យភាពល្អផងដែរ។ ដូច្នេះអ្នកអាចយកដុំសម្លីផ្តិតប្រេងវីតាមីន ​E  មកជូតសម្អាតលើផ្ទៃមុខជំនួសឱ្យទឹកលាងមុខក៏បានដូចគ្នាដែរ។

១០. ព្យាបាលបបូរមាត់ប្រេះ

ប្រេងវីតាមីន E បានដើរតួនាទីជាសារធាតុផ្តល់សំណើម ដែលអាចជួយឱ្យបបូរមាត់ទន់រលោង ថែមទាំងការពារ និងព្យាបាលបបូរមាត់ប្រេះបានផងដែរ។ អ្នកអាចលាបប្រេងវីតាមីន E លើបបូរមាត់ ឬអាចលាយជាមួយនឹងទឹកឃ្មុំបន្ថែមទៀតក៏បានដែរ។

ប្រេងវីតាមីន ​E ជំនួយស្បែកច្រើនយ៉ាង

ចំណាំ៖ ជាមធ្យមអ្នកអាចប្រើប្រេងវីតាមីន E បាន ៥ដងក្នុងមួយសប្តាហ៍។ តែសម្រាប់អ្នកដែលដែលមានស្បែកស្ងួត អ្នកអាចប្រើបាន ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ ហើយសម្រាប់អ្នកដែលមានស្បែកមុខឡើងប្រេង អ្នកអាចប្រើបានតែម្តងគត់ក្នុងមួយសប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]