ម៉ាឡេស៊ី៖ និស្ស័យគូស្នេហ៍របស់មនុស្សម្នាក់ៗ ពិតជាមើលមិនឃើញ ខ្លះស្រលាញ់គ្នាចង់ងាប់ចង់រស់ ប៉ុន្តែចុងក្រោយបែរជាបែកបាក់ចែកផ្លូវគ្នា រីឯខ្លះទៀត មិនទាំងដែលបានស្គាល់គ្នាសោះ ចៃដន្យបានជួបមុខគ្នាម្តង ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច រហូតបានរៀបការនឹងគ្នាក៏មាន។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ បាននឹងកំពុងតែល្បីនៅលើបណ្តាញសង្គម ជុំវិញនឹងគូស្នេហ៍ខុសសញ្ជាតិ ខុសពណ៌សម្បុរមួយគូ បានលង់ចិត្តស្រលាញ់គ្នា បន្ទាប់ពីបានជួបគ្នាជាលើកដំបូង ពេលខាងស្រីកំសត់ជួបទុក្ខហូរទឹកភ្នែក ក៏ត្រូវបានខាងប្រុសស្ម័គ្រខ្លួនចូលទៅលួងលោម រហូតទាល់តែបានរៀបការ សាងគ្រួសារដ៏មានសុភមង្គល។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

បើយោងតាមប្រភពបានឲ្យដឹងថា រឿងរ៉ាវស្នេហានេះដំបូង បានកើតឡើងតាំងពីកំឡុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅមកម៉្លេះ គឺនៅគ្រាដែលនាង Nur Afilah Amir Rusdi Fila អាយុ ២៤ឆ្នាំ បានទៅអង្គុយលួចយំកណ្ដោចកណ្ដែងតែម្នាក់ឯង នៅឯហាងកាហ្វេមួយ ក្នុងផ្សារទំនើប Pavilion Mall ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសារតែ នាងមានជម្លោះ មានអារម្មណ៍មួម៉ៅ ខឹងសម្បារនឹងមិត្តភក្តិ ឬសម្លាញ់ដែលស្នាក់នៅផ្ទះជាមួយគ្នា។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ជុំវិញនឹងរឿងរ៉ាវនេះ នាង Fila បាននិយាយថា នៅគ្រានោះ នាងកំពុងតែអង្គុយយំម្នាក់ឯង ហើយភ្លាមៗនោះក៏ស្រាប់តែលេចមុខបុរសស្បែកខ្មៅម្នាក់ បានដើរសំដៅមករកនាង។ បន្ទាប់មក គាត់ក៏បានព្យាយាមលួងលោមនាង។ ដំបូងឡើយ នាងក៏មានការភិយភ័យ និងប្រយ័ត្នខ្លួនផងដែរ ពីព្រោះតែនាងនៅម្នាក់ឯង ហើយនាងខ្លាចក្រែងប្រុសម៉ៅនេះ កេញចំណេញលើនាង។ ប៉ុន្តែក្រោយមកនាងកត់សម្គាល់ឃើញថា គាត់ហាក់បីដូចជាមនុស្សស្មោះត្រង់ម្នាក់ ម្យ៉ាងនាងក៏រំជួលចិត្តនឹងពាក្យសម្ដី សកម្មភាពដែលគាត់មានមកលើនាងផងដែរ ទើបនាងជឿជាក់លើជោគវាសនាថា ប្រហែលជាព្រះជាម្ចាស់ (ព្រះអាឡា Allah) បានបញ្ជូនគាត់ឲ្យមករកនាងហើយ។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ងាកមកកាន់ប្រុសម៉ៅ អាយុ ២៦ឆ្នាំ លោក Adama Mohamed Camra មកពីប្រទេសហ្គីណេ (Guines) អាហ្រ្វិចខាងលិច បច្ចុប្បន្នបាននឹងកំពុងបន្តការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Universiti Sultan Zainal Abidin ក្នុងរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី ក៏បាននិយាយរៀបរាប់ដែរថា នៅគ្រានោះលោកពិតជាចាប់អារម្មណ៍ទៅលើបុគ្គលិកលក្ខណៈ និងរូបសម្រស់ Fila យ៉ាងខ្លាំង។

«អ្វីដែលខ្ញុំចូលចិត្តខ្លាំងបំផុតអំពី Fila នោះ គឺនាង ឆ្លាត ចិត្តល្អ និងចេះគិតគូរ។ ខ្ញុំធ្លាប់ធ្វើដំណើរអស់ជាច្រើនកន្លែងមកហើយ ប៉ុន្តែមិនដែលបានជួបនារីណា ចិត្តល្អ និងស្រស់ស្អាតដូចជានាងនោះទេ។ ខ្ញុំពិតជាស្រលាញ់អ្វីៗទាំងអស់ដែលនាងមាន» លោក Adama និយាយ។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ស្របពេលដែល Fila នាងក៏បានលើកសរសើរលោក Adama ដែរថា គាត់គឺជាបុរសក្នុងក្តីសុបិនរបស់នាងតែម្នាក់គត់។ គាត់ជាមនុស្សល្អ ចេះថ្នាក់ថ្នមមើលថែរក្សា ជាបុរសពូកែ និងមានភាពអំណត់អត់ធ្មត់។ ជាពិសេស គាត់ថែមទាំងប្រតិបត្តិតាមគ្រួសាររបស់នាង បើទោះបីជានាងហើយនឹងគាត់ មានសាសនាខុសគ្នាក្តី ដែលរឹតតែធ្វើឲ្យនាងកាន់តែស្រលាញ់ និងធ្លាក់អន្លង់ស្នេហ៍លើ Adama ថ្វេដង។

ប្រភពដដែលបន្តថា ក្រោយទំនាក់ទំនងបានរយៈពេល ២ខែ Adama ក៏បានអញ្ជើញនាង (ឬបបួល) ទៅលេងកម្សាន្តនៅ អារ៉ាប៊ី សាអូឌីត (Saudi Arabia) ទៀតផង។ ប៉ុន្តែត្រូវបាននាងបដិសេធ និងបានប្រាប់ហេតុផលទៅកាន់មិត្តប្រុសនាងរូបនេះវិញថា ពួកគេទាំងពីរមិនទាន់បានរៀបការជាមួយគ្នានោះទេ។ ក្រោយមកពួកគេទាំងពីរ ក៏បានគិតពីរឿងរៀបការដោយមានការដឹងឮពីចាស់ទុំសងខាងផងដែរ។

រហូតនៅទីបំផុតគូស្នេហ៍ដ៏ផ្អែមល្ហែមនេះ ក៏បានចាប់ដៃគ្នាជាផ្លូវការ កាលពីថ្ងៃសុក្រ ទី២៦ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅឯខាងគេហដ្ឋានកូនក្រមុំ នាង Fila ដោយមានការចូលរួមពីសំណាក់សាច់ញាតិ និងមិត្តភក្តិជាច្រើន។ លោក Adama យកមិត្តភក្តិរបស់លោកធ្វើជាអ្នកកំដរ ចំណែឯ Fila យកបងប្អូនស្រីរបស់នាងធ្វើជាអ្នកកំដរ។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ទន្ទឹមនឹងនេះ ក៏មានពាក្យរិះគន់ពីអ្នកមួយចំនួន ជុំវិញនឹងពិធីមង្គលការរបស់ពួកគេទាំងពីរផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី Fila នាងបាននិយាយថា នាងមិនខ្វល់ទៅនឹងគំនិតបែបអវិជ្ជមានរបស់អ្នកទាំងនោះឡើយ។ សំខាន់នាងនិងស្វាមី គឺស្រលាញ់យល់ចិត្តគ្នា ហើយក៏មានការដឹងឮពីចាស់ទុំសងខាងត្រឹមត្រូវ។ ម្យ៉ាងវិញទៀតនោះ ឪពុករបស់ Fila គាត់ក៏ជាអ្នកដែលអប់រំខាងសាសនា និងចេះរហូតដល់ទៅ ៥ភាសាឯណោះ។ ដូច្នេះគាត់ពិតជាយល់ដឹងបានច្រើនអំពីបញ្ហាទាំងអស់នេះ មិនដូចនិងពាក្យរិះគន់របស់អ្នកដទៃនោះទេ។

គួរឲ្យដឹងផងដែរថា រឿងរ៉ាវស្នេហារហូតបានឈានដល់ការរៀបមង្គលការដ៏ស្រស់បំព្រងនេះ បានបំផុសគំនិតយ៉ាងខ្លាំង ដល់មហាជនទូទៅ នៅក្នុងការបង្ហាញមួយ ដែលស្នេហាត្រូវឆ្លងកាត់គ្រប់ព្រំដែន មិនថាទោះទៅដល់ជើងមេឃ ក៏អាចនៅតែបានជួបគ្នា ឬអាចនិយាយបានថា ជានិស្ស័យ។ គ្រប់គ្នាក៏បានជូនពរដល់ Fila និង លោក Adama ឲ្យស្រលាញ់គ្នាជារឿងរហូតផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]