រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​នាំ​ស្រី​ស្នេហ៍​ទៅ​ក្រេបទឹក​ឃ្មុំ​នៅផ្ទះ​សំណាក់​យ៉ាង​ស្កប់ស្កល់​អស់​មួយ​យប់ ហើយ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ និង​កូន​(​ប្តី​មុន​) តាម​ទាន់ រួច​ចុច​ប្រព័ន្ធ GPS ពន្លត់​ម៉ាស៊ីនរថយន្ត​ឃាត់ខ្លួន​ស្រី​ស្នេហ៍​ផ្អើល​ទាំង​ព្រឹក​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ប្រមាណ​ជិត​១០០​ម៉ែត្រ​ផ្ទះសំណាក់ «​លក្ខណ៍​ប៊ូ​ទិច ម៉ូ​តែ​ល​» ស្ថិត​ក្នុង​តំបន់​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បុរស​លួច​មាន​ស្រី​កំណាន់​នោះ​ឈ្មោះ សុ​ភ័​ក្រ អាយុប្រមាណ​ជាង​៤០​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​តាក់ស៊ី និង​ដឹក​ភ្ញៀវ លំនៅ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​២AM.៧៨៨៥ ចំណែក​ស្រី​ស្នេហ៍​ប្រាប់​ថា ខ្លួនអាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ មាន​លំនៅ​ខេត្តក្រចេះ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ បុរស​ជា​ប្តី​បាន​នាំ​ស្រី​ស្នេហ៍​ទៅ​ឡើង​ឋាន​សួគ៌ា​នៅផ្ទះ​សំណាក់ «​លក្ខណ៍​ប៊ូ​ទិច ម៉ូ​តែ​ល​» បន្ទាប់​ពី​ក្រេបទឹក​ឃ្មុំ​យ៉ាង​ស្កប់​ស្គាល់​អស់​មួយ​យប់ លុះ​ព្រឹក​ឡើង​ជិះ​រថយន្ត​ចេញ​វិញ​ក៏​ត្រូវ​កូនប្រុស និង​ប្រពន្ធ​មក​ដល់​ក៏​ចុច GPS ពន្លត់​ម៉ាស៊ីន ហើយ​ឱ្យ​ប្តី​ជួប​គ្នា​ដោះ​ស្រាយ និង​ចាប់ដៃ​នារី​ជា​ស្រី​ស្នេហ៍​ជាប់ ដើម្បី​ថត​ទុកជា​ភស្តុ​តាង​ដែល​បញ្ជាក់​ថា ជា​សហាយ​ស្មន់នឹងគ្នា ។

ប្រភព​ដដែល​បន្ត​ថា ព្រឹក​នោះ​ស្ត្រី​ជា​ប្រពន្ធ​ចាប់ដៃ​ស្រី​ស្នេហ៍​ជាប់ ហើយ​បុរស​ជា​ប្តី​ក៏​ព្យាយាម​ទៅ​ប្រវាយប្រតប់​ដើម្បី​រំដោះ​ចេញ ក៏​មានការ​ទាស់ទែង​គ្នា​បែកផ្សែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ​។ ភ្លាម​ៗ​បុរស​ជា​ប្តី​ក៏​គេចខ្លួន​បាត់​ចោល​រថយន្ត​តែ​ម្តង ដោយឡែក​នារី​ជា​ស្រី​ស្នេហ៍​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ចាប់​ជាប់ រួច​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក តែ​ក្រោយមក​ដោះ​លែង​វិញ​បន្ទាប់​ពី​នគរបាល​ណែនាំ​ឱ្យទៅ​ប្តឹង​នៅ​មូលដ្ឋាន​។

តាម​ស្ត្រី​ជា​ប្រពន្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ការ​តាម​ចាប់​ស្ត្រី​ជា​សហាយស្មន់ គឺ​ដើម្បី​ទុកជា​ភស្តុ​តាង និង​ប្តឹង​លែងលះ​ប្តី​ដែល​លួច​មាន​ស្រី​ជា​បន្តបន្ទាប់ និង​លក់​រថយន្ត​យក​ប្រាក់​សង​គេ​តែ​ប៉ុណ្ណោះ ហើយ​លោក​ប្តី​ចង់ទៅ​ណា​ទៅ​ៗ គាត់​លែងយក​ទៀត​ហើយ ។ គាត់​បន្ត​ថា នាង​ជា​ស្ត្រី​ម៉េ​ម៉ា​យ​ដែល​ប្តី​បែកបាក់​គ្នា​ប្រមាណ​១៧​ឆ្នាំ​មក​ហើយ គាត់​ក៏​រៀប​ការ​ជាមួយ​ប្តី​ថ្មី​រូប​នោះ ដោយ​ពុំ​មានកូន​ទេ​ព្រោះ​គាត់​មាន​ជំងឺ​ខ្សោយ​។ ការ​រស់នៅ​ជាមួយ​គ្នា ប្តី​តែងតែ​លួច​មាន​ស្រី​ធ្វើបាប​ចិត្ត​គាត់​ឱ្យ​ទឹកភ្នែក​រាល់ថ្ងៃ តែ​គាត់​នៅ​តែ​ស្រលាញ់​ប្តី​។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​២០០៩ ព្រោះតែ​ស្រី ប្តី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង គាត់​ខំ​ព្យាបាល និង​មើល​តែ​ប្តី​រហូត​ជា ហើយ​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មុន​នេះ​ប្តី​មាន​ជំងឺ​ទឹកនោមផ្អែម​ក៏​នៅ​តែ​ខំ​ថែទាំ​ប្តី តែ​លោក​ប្តី​មិន​យកចិត្តទុកដាក់​នោះ​ទេ ទោះបីជា​គាត់​មាន​ជំងឺ​បេះដូង លើសឈាម​ក៏​មិន​ខ្វល់​នៅ​ទៅ​លួច​មាន​ស្រី​ដេក​ចោលផ្ទះ ហើយ​គាត់​តាម​ចាប់​បាន​ទាំង​លេខ​ទូរស័ព្ទ និង​ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង​។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា នេះ​ជា​លើក​ទី​៤ ដែល​គាត់​តាម​ទាន់ប្តី​លួច​មាន​ស្រី​នៅ​ក្នុង​រយៈពេល ប្រមាណ​១​ឆ្នាំ​នេះ ព្រមទាំង​ណែនាំ​អប់រំ​ឱ្យ​ឈប់​ទាក់ទង​ស្រី តែ​លោក​ប្តី​មិន​ស្តាប់ ហើយ​កូន​គាត់​ក៏​បំពាក់​ប្រព័ន្ធ GPS ចាប់​ភស្តុ​តាង​ប្តី ដើម្បី​លែងលះ​គ្នា​។ លុះ​មុន​ថ្ងៃ​កើតហេតុ​២​ថ្ងៃ​លោក​ប្តី​ប្រាប់​គាត់​ថា ទៅ​ខេត្តកំពត​ដោយ​ឱ្យ​អ៊ុតខោអាវ​យ៉ាង​ស្អាត តែ​មិន​នឹក​ស្មានថា​ណាត់ជួប​ស្រី​ដេក​ផ្ទះសំណាក់​បែប​នេះ​។

គាត់​បន្ត​ទៀត​ថា តាម​រយៈ GPS នៅ​ម៉ោង​ប្រមាណ​ជាង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា គាត់​ក៏​តាម​ប្តី​រក​ឃើញ​ប្តី​នាំ​ស្រី​មក​ដេក​ផ្ទះសំណាក់ ហើយ​គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ក៏​ត្រឡប់​មក​ចាំ​រហូត​ដល់​ម៉ោង​ប្រមាណ​៦​ព្រឹក​ទើប​ចេញពីផ្ទះ​សំណាក់ ហើយ​ត្រូវ​កូនប្រុស​ចុច GPS ពន្លត់​ម៉ាស៊ីន រួច​ឃាត់​សហាយ​ស្មាន់​តែ​ម្តង ។

តាម​នារី​ជា​ស្ត្រី​ស្នេហ៍​ឱ្យ​ដឹង​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​រូប​នោះ​ប្រមាណ​១​ខែ​តាម​ហ្វេ​ស​ប៊ុ​ក ទើបតែ​ណាត់ជួប​គ្នា​ជា​លើក​ទី​១ ហើយ​ការ​ទាក់ទង​គ្នា​បុរស​នេះ​ប្រាប់​ថា ខ្លួន​គ្មាន​ប្រពន្ធ​ទេ​រស់នៅ​ជាមួយ​ឪពុក ហើយ​តែងតែ​ទាក់ទង​គ្នា​តាម​រយៈ​ឆាត ។ ប្រមាណ​២​ថ្ងៃមុន បុរស​រូប​នោះ​ក៏​ណាត់​នាង​មក​ភ្នំពេញ​ដោយ​ប្រាប់​ថា ឱ្យ​លុយ ហើយ​ព្រោះតែ​ប្រាក់ ណាមួយ​ឪពុក​ឈឺ​ក៏​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ លុះ​ពេល​ល្ងាច​ត្រូវ​បុរស​នេះ​ចាំ​ទទួល​នៅ​គល់​ស្ពាន​ជ្រោយចង្វារ ក៏​នាំ​គ្នា​មក​ដេក​ផ្ទះសំណាក់​ស្រាប់តែ​ប្រពន្ធ​មក​ទាន់​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ ស្ត្រី​ជា​ប្រពន្ធ​ក៏​ឃាត់ខ្លួន (​នារី​ជា​ស្រី​ស្នេហ៍​) នាំ​ទៅ​ប៉ុស្តិ៍​ស្រះ​ចក តែ​នគរបាល​ក៏​ណែនាំ​ឱ្យទៅ​ប្តឹង​នៅ​មូលដ្ឋាន ក្រោយមក​ក៏​បាន​លែង​នារី​នោះ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ដោយ​​ឡែក​ចំណែក​រថយន្ត​ត្រូវ​បានកូន​ប្រុស​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​ទៅ​ផ្ទះ ព្រោះ​រថយន្ត​នោះ​អត់​ឆេះ​ដោយសារ​បុរស​ដែល​ជា​ឪពុក​យក​កូនសោរ​ទៅ​បាត់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]