ចិន៖ សត្វឆ្កែជាច្រើនរាប់រយក្បាល ត្រូវបានក្រុមឈ្មួញចាប់បង្ខាំងទុកក្នុងឃ្លាំងកខ្វក់ ដើម្បីត្រៀមយកទៅលក់ចែកចាយ កាប់សម្លាប់យកសាច់ទទួលទាន ក្នុងពិធីបុណ្យហូបសាច់ឆ្កែប្រចាំឆ្នាំ ក្នុងទីក្រុង Yulin ប្រទេសចិន ដែលបង្កជាការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។

សត្វឆ្កែជាច្រើនក្បាលត្រូវបានគេបង្ខាំងទុក

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមសត្វឆ្កែជាច្រើនរយក្បាល ដែលត្រូវបានគេចាប់បង្ខាំងទុកទាំងអស់នោះ ក្នុងនោះមានទាំងសត្វឆ្កែអនាថា សត្វឆ្កែចិញ្ចឹមដែលដើរទាក់(លួច)ពីអ្នកស្រុក ក៏ដូចជាសត្វឆ្កែដែលត្រូវបានទិញយកមកទុកត្រៀមកាប់សាច់ផងដែរ។

ជុំវិញនឹងករណីនេះ ក្រុមអ្នកស្ម័គ្រចិត្តក្នុងខេត្តស៊ីឈួន ក៏បានព្យាយាមចុះទប់ស្កាត់ និងជួយសង្គ្រោះបានសត្វឆ្កែជាច្រើនរយក្បាល ពីទីតាំងមួយចំនួនក្នុងតំបន់ផងដែរ។

សត្វឆ្កែជាច្រើនក្បាលត្រូវបានគេបង្ខាំងទុក

ស្ថាបនិកមជ្ឈមណ្ឌលការពារសត្វ Bo Ai Animal Protection Centre ក្នុងទីក្រុង Guangyuan ខេត្តស៊ីឈួន អ្នកស្រី Du Yufeng បានមានប្រសាសន៍លើកឡើងថា តួលេខនៃសត្វឆ្កែអនាថា និងសត្វឆ្កែចិញ្ចឹម គឺពិតជាមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដែលត្រូវបានក្រុមឈ្មួញចាប់យកទៅបង្ខាំងទុកក្នុងឃ្លាំងងងឹត ផ្សេងៗគ្នាជាច្រើនកន្លែង ក្នុងខេត្តស៊ីឈួន ដើម្បីត្រៀមយកទៅលក់ និងកាប់សម្លាប់ធ្វើជាម្ហូបអាហារទទួលទាន ក្នុងអំឡុងនៃពិធីបុណ្យ «Yulin Dog Meat Festival» ដែលតែងតែបន្តប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ (រយៈពេល១០ថ្ងៃ ពោលគឺ ដល់ចុងខែមិថុនា) ក្នុងទីក្រុង Yulin បើទោះបីជាកន្លងមក ធ្លាប់មានការប្រឆាំង និងរិះគន់ក្តី។

សត្វឆ្កែជាច្រើនក្បាលត្រូវបានគេបង្ខាំងទុក

អ្នកស្រី Du បានបន្តថា ខេត្តស៊ីឈួន គឺជាតំបន់ភ្នំ ហើយក៏ជាមុខសញ្ញាដ៏កក្លើន នៅក្នុងការជួញដូរ (ទិញលក់) សត្វឆ្កែខុសច្បាប់ផងដែរ។ អ្នកស្រីថា មកទល់ពេលនេះ សត្វឆ្កែប្រមាណជាង ៣០០ក្បាលហើយ ដែលអ្នកស្រី រួមជាមួយនឹងក្រុមការងារស្ម័គ្រចិត្ត បានជួយសង្គ្រោះចេញពីឃ្លាំងងងឹតទាំងនោះ ចំនួន៣កន្លែងខុសៗគ្នា ក្នុងទីក្រុង Dazhou ដែលមានចម្ងាយប្រមាណ ១,៣៥០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Yulin ។

ជាក់ស្តែង តាមរយៈរូបភាព និងវីដេអូឃ្លីប ដែលត្រូវបានគេថតបាន និងបង្ហោះចែកចាយ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ នូវទិដ្ឋភាពសត្វឆ្កែជាច្រើនក្បាល ខ្លះកំពុងតែជាប់ច្រវាក់ ស្រែកថ្ងូរ គ្រហឹម (ដូចយំ) ប្រៀបបីដូចជាការធ្វើទារុណកម្ម យ៉ាងគួរឲ្យអាណិត និងហាក់ចង់ឲ្យជួយរំដោះពួកវាចេញពីទីនោះ។

សត្វឆ្កែជាច្រើនក្បាលត្រូវបានគេបង្ខាំងទុក

តាមការឲ្យដឹងបន្ថែមពីអ្នកស្រី Du កន្លងមក ក្រុមមន្រ្តី ឬរដ្ឋាភិបាលក្នុងតំបន់ ក៏ធ្លាប់បានបដិសេធចំពោះសកម្មភាពអ្នកស្រី នៅក្នុងការជួយសង្រ្គោះសត្វឆ្កែ ដោយមិនប្រគល់ឲ្យគាត់យកទៅមើលថែទាំនៅមណ្ឌល ឬអង្គការរបស់គាត់នោះទេ។ ក្រុមមន្រ្តីបានសុំឲ្យពួកគាត់រក្សាសត្វឆ្កែទុក យ៉ាងហោចណាស់រយៈពេល ២១ថ្ងៃសិន ដើម្បីធ្វើការពិនិត្យ (ក្រែងមានមេរោគឆ្លងផ្សេងៗ)។

ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលអ្នកស្រី និងក្រុមការងារស្ម័គ្រចិត្ត បានចុះទៅជួបម្តងទៀតតាមការណាត់ សត្វឆ្កែមួយចំនួនត្រូវបានគេដឹងថា បែរជាត្រូវផ្លាស់យកទៅទុកនៅទីតាំងសម្ងាត់ ខណៈឯខ្លះទៀតបែរជាយកទៅជួញដូរឲ្យក្រុមឈ្មួញទៅវិញ។

នេះសបញ្ជាក់ថា មន្រ្តីក្នុងតំបន់ពិតជាមានគំនិតឃុបឃិត ជាមួយនឹងក្រុមឈ្មួញ ដែលធ្វើឲ្យអ្នកស្រី Du ហាក់សម្ដែងការសោកស្តាយយ៉ាងខ្លាំង។

រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី មកទល់ពេលនេះ អ្នកស្រី Du និងក្រុមការងារស្ម័គ្រចិត្ត ក៏នៅតែព្យាយាមបន្តយ៉ាងខ្លាំង ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទប់ស្កាត់ការកាប់សម្លាប់សត្វឆ្កែយ៉ាងរង្គាល នៅក្នុងពិធីបុណ្យប្រចាំឆ្នាំ ដ៏គួរឲ្យព្រៃផ្សៃមួយនេះផងដែរ។

អ្នកស្រី ក៏បានជំរុញឲ្យសាធារណៈជនទាំងអស់ គួរយកចិត្តទុកដាក់លើបញ្ហានេះ និងដាក់សម្ពាធលើរដ្ឋាភិបាលក្នុងតំបន់ ដើម្បីឲ្យពួកគេជួយដោះស្រាយឡើងវិញ ប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវផងដែរ។

រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់

គួរឲ្យដឹងផងដែរថា បើរម្លឹកកាលពីឆ្នាំកន្លងៗទៅ សត្វឆ្កែយ៉ាងហោចណាស់ ក៏ប្រមាណខ្ទង់១ម៉ឺនក្បាលដែរ ក្នុងទីក្រុង Yulin ដែលត្រូវបានគេជឿជាក់ថា បានកាប់សម្លាប់ធ្វើជាម្ហូបទទួលទាន ក្នុងពិធីបុណ្យប្រចាំឆ្នាំមួយនេះផងដែរ។ អ្នកលេងបណ្តាញ ក៏ធ្លាប់បានបញ្ចេញថា «សត្វឆ្កែក៏ជាសមាជិកក្រុមគ្រួសាររបស់យើងម្នាក់ដែរ មិនមែនជាអាហារសម្រាប់យើងបរិភោគនោះទេ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ និងកម្រងរូបភាពចាស់ៗខាងក្រោម៖ 

រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់
ពិធីបុណ្យទទួលទានសាច់ឆ្កែ
រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់
រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់
រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់
រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់
រូបភាពផ្សេងៗនៃសត្វឆ្កែដែលក្រុមឈ្មួញយកលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]