ក្រុងប៉េកាំង៖ នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Li Jinge អនុប្រធានក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង។ នៅក្នុងកិច្ចជំនួបនោះសម្តេចតេជោ និងលោកអនុប្រធានក្រុមហ៊ុន Huawei បានផ្លាស់ប្តូរចក្ខុវិស័យអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរនៃឌីជីថលរបស់ប្រទេសកម្ពុជា ហើយសម្តេចតេជោក៏បានចូលរួមជាសក្ខីភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីអំពីបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) រវាងក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd និងទូរគមនាគមន៍កម្ពុជាផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបស្តាំ)ជួបជាមួយលោកLi Jin’ge, អនុប្រធានក្រុមហ៊ុន Huawei (រូបឆ្វេង) នៅទីក្រុងប៉េកាំង
ឯកឧត្តម សុខ ពុទ្ធិវុធ (រូបស្តាំ) រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា និង លោក Li Xiongwei (រូបឆ្វេង) នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd.ចុះហត្ថលេខាលើអនុស្សរណៈលើកិច្ចសហប្រតិបត្តិការលើ5G នៅកម្ពុជា

លោក Li Jinge បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់លើគ្រប់វិស័យក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនេះ ប្រទេសកម្ពុជាបានក្លាយជាអ្នកត្រួសត្រាយមួយក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

លោក Li Jinge បានមានប្រសាសន៍ថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៩ មកម៉្លេះ ហើយឆ្នាំនេះគឺជាខួបគម្រប់ ២០ ឆ្នាំនៃក្រុមហ៊ុន Huawei នៅកម្ពុជា។ ក្រុមហ៊ុន Huawei សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការផ្តល់អនុសាសន៍ណែនាំពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ហើយនឹងមានកិត្តិយសក្នុងការធ្វើជាសក្ខីភាព និងចូលរួមចំណែកចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) នៃកម្ពុជា។ ក្រុមហ៊ុន Huawei កោតសរសើរយ៉ាងខ្លាំងចំពោះទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីអំពីសារៈសំខាន់នៃសេដ្ឋកិច្ចឌីជីថល និងប្រជាជនអេឡិចត្រូនិច (E-people)។ ក្រុមហ៊ុន Huawei នឹងខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា និងគាំទ្រដល់ការអនុវត្តយ៉ាងពេញលេញនូវ «យុទ្ធសាស្ត្រចតុកោណ» នៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យ ICT របស់កម្ពុជា ហើយសម្តេចគឺជានាយករដ្ឋមន្ត្រីនៃបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (ICT)។ សម្តេចតេជោបានប្រៀបធៀបអ៊ិនធឺណិតទៅនឹងផ្លូវល្បឿនលឿននៃឌីជីថល ហើយប្រទេសកម្ពុជាក៏គួរតែសង្កត់ធ្ងន់លើការអភិវឌ្ឍសមត្ថភាពទាក់ទងនឹងអ៊ីនធឺណិតនេះផងដែរ។ ប្រទេសកម្ពុជាសង្ឃឹមថា នឹងបានប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីជួយប្រទេសកម្ពុជាក្នុងការបង្កើនល្បឿនអ៊ីនធឺណិត។

ក្នុងឆ្នាំ២០១៨ ជាលើកដំបូងដែលប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើងលើសពី ១០០ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៩,៥% ធៀបនឹងឆ្នាំមុនហើយការចំណាយលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R & D) មានចំនួន ១៤,១% នៃចំណូលសរុបប្រចាំឆ្នាំ។ ការបន្តវិនិយោគក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បានពង្រឹងភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Huawei ទៅលើផលិតផលនិងដំណោះស្រាយបច្ចេកវិទ្យា។ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី5 (5G) ក្រុមហ៊ុន Huawei បានទទួលបានកិច្ចសន្យាពាណិជ្ជកម្មនៃបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ចំនួន ៤០ នៅទូទាំងពិភពលោក និងបាននាំចេញ ៧០.០០០ ស្ថានីយ៍មូលដ្ឋាននៃបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G)។ Huawei គឺជាក្រុមហ៊ុនផលិតតែមួយគត់នៅក្នុងឧស្សាហកម្មដែលអាចផ្តល់នូវផលិតផល និងដំណោះស្រាយដ៏ពេញលេញនៃបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G)។ បច្ចេកវិទ្យារបស់ Huawei គឺបានដើរលឿនជាងដៃគូប្រកួតប្រជែងរបស់ខ្លួនយ៉ាងហោចណាស់ពី ១២ ទៅ ១៨ ខែ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ

ក្រុមហ៊ុន Huawei ជឿជាក់ថាឆ្នាំ២០១៩ នឹងជាឆ្នាំដំបូងនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) របស់កម្ពុជា។ ក្រុមហ៊ុនក៏មានឆន្ទៈនាំយកបច្ចេកវិទ្យា និងផលិតផល 5G ចុងក្រោយបំផុតមកកាន់ប្រទេសកម្ពុជា ក៏ដូចជាចែករំលែកនូវបទពិសោធន៍ជាក់ស្តែងជាសកលរបស់ក្រុមហ៊ុនជាមួយទូរគមនាគមន៍កម្ពុជា ដើម្បីកែលម្អកម្រិតហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា បង្កើតប្រព័ន្ធឌីជីថលកម្ពុជា និងគាំទ្រដល់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖

«ក្រុមហ៊ុន Huawei គឺជាមិត្តចាស់ដ៏ល្អ ហើយខ្ញុំមានសេចក្តីរីករាយដោយបានជួបជាមួយក្រុមហ៊ុន Huawei នៅថ្ងៃនេះ និងបានចូលរួមជាសក្ខីភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Huawei Technologies (Cambodia) Co.Ltd និង ទូរគមនាគមន៍កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G)។ ខ្ញុំមានសេចក្តីរំពឹងថា ប្រទេសកម្ពុជាអាចស្ថិតនៅក្នុងចំណោមបណ្តាប្រទស ដែលនឹងចាប់ផ្តើម និងប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ដំបូងគេនៅក្នុងតំបន់អាស៊ានក្នុងពេលអនាគតដ៏ខ្លី»។

ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមដោយលោក Li Jin’ge អនុប្រធានក្រុមហ៊ុន Huawei ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា និងលោក Li Xiongwei នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នៅកម្ពុជា។ ភាគីទាំងពីរនឹងចូលរួមជាមួយគ្នា ដើម្បីបង្កើតប្រព័ន្ធអេកូដ៏ល្អសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) របស់កម្ពុជា និងជួយប្រទេសកម្ពុជាក្លាយជាអ្នកត្រួសត្រាយលើបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នៅក្នុងតំបន់អាស៊ាន។

បច្ចុប្បន្នទូរគមនាគមន៍កម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនទៅរកកម្រិតមួយទៀត ដើម្បីបំពេញតាមការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT) ពិភពលោក និងដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់អ៊ិនធឺណិតយ៉ាងឆាប់រហ័សដល់ប្រជាជន និងភ្ញៀវទេសចរនៅកម្ពុជា៕

ពិធីចុះហត្ថលេខាលើអនុស្សរណៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]