ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្រោយសង្កេតឃើញថាមានអតិថិជនមួយចំនួន បានបង្ហោះសារចោទប្រកាន់ជាច្រើននៅលើបណ្តាញសង្គម Facebook ថា ពួកគេបានដកចំប្រាក់ក្លែងក្លាយពីទូ ATM របស់ ABA នោះ ឥឡូវធនាគារមួយនេះកំពុងចាត់វិធានការភ្លាមៗ ដោយទាក់ទងទៅកាន់ម្ចាស់សារ Facebook ទាំងនោះដោយផ្ទាល់ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ដែលបានលើកឡើង ។

អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើននាក់ ដែលអះអាងថា ខ្លួនបានដកប្រាក់ពីទូ ATM របស់ធនាគារ ABA ចំក្រដាសប្រាក់ក្លែងក្លាយនោះ បានលុបសារចោទប្រកាន់របស់ខ្លួនជាបន្តបន្ទាប់ រួមជាមួយនឹងការបង្ហោះសារជាសាធារណៈនៅលើបណ្តាញសង្គម Facebook ដោយសារភាពថា ពួកគេមានការយល់ច្រឡំដោយខ្លួនឯង ហើយក៏បានសុំការអភ័យទោសពីធនាគារ ABA ផងដែរ។

លិខិតរបស់អតិថិជន ABA ដែលសុំការអភ័យទោសពីធនាគារ

ទាក់ទងនឹងករណីមួយក្នុងចំណោមករណីទាំងនោះ មានអតិថិជនម្នាក់បានដកប្រាក់ពីទូ ATM មួយរបស់ ABA នៅរាជធានីភ្នំពេញ ហើយរយៈពេល ១២ ថ្ងៃក្រោយមក ទើបរូបគេបានបង្ហោះរូបថតបង្ហាញពីក្រដាសប្រាក់ ១០០ ដុល្លារ១សន្លឹក ដោយមានសរសេរពាក្យ «COPY» យ៉ាងច្បាស់ និងបានចោទថា ក្រដាសប្រាក់នោះ ត្រូវបានដកចេញពីទូ ATM មួយរបស់ធនាគារ ABA។

បុគ្គលិកនាយកដ្ឋានដំណោះស្រាយបញ្ហារបស់ធនាគារ បានអញ្ជើញអតិថិជនរូបនោះឲ្យទៅកាន់ធនាគារ និងបានពិនិត្យមើលឡើងវិញជាមួយបុគ្គលិកផ្នែកដោះស្រាយបញ្ហានូវព័ត៌មាននៃការដកប្រាក់ដែលគាត់បានធ្វើឡើង។ ផ្អែកតាមភ័ស្តុតាងជាក់ស្ដែងចំពោះមុខ អតិថិជនរូបនោះបានទទួលស្គាល់ទាំងស្រុងថា ក្រដាសប្រាក់ដែលខ្លួនដកពីទូ ATM នោះ គឺជាក្រដាសប្រាក់ពិត ហើយអាចនឹងត្រូវគេលួចប្តូរដាក់ក្រដាសប្រាក់ក្លែងក្លាយ ក្នុងការបូបនៅចន្លោះពេល ១២ ថ្ងៃនោះ។

ការបង្ហោះសារពីអតិថិជនម្នាក់ក្រោយពី ABA បានបង្ហាញភ័ស្តុតាង

លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ABA បានបញ្ជាក់ថា៖

«ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមក យើងបានឃើញការបង្ហោះសារនៅលើបណ្តាញសង្គម Facebook ចំនួន ១៥ ករណី ដោយចោទប្រកាន់ថា ដកបានប្រាក់ក្លែងក្លាយពីម៉ាស៊ីនរបស់យើង។ រឿងនេះគឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះការិយាល័យដោះស្រាយបញ្ហារបស់យើងកម្រទទួលបាននូវបណ្ដឹងតវ៉ាអំពីក្រដាសប្រាក់ក្លែងក្លាយណាស់ មិនថាតាមសាខាធនាគារនានារបស់យើង តាមរយៈទូរស័ព្ទ ឬតាមអនឡាញនោះទេ បើទោះបីជាយើងផ្សព្វផ្សាយយ៉ាងទូលំទូលាយឲ្យអតិថិជនធ្វើការស្នើ សាកសួរព័ត៌មាន និងស្វែងរកដំណោះស្រាយតាមបណ្ដាញទំនាក់ទំនងផ្លូវការរបស់យើងក៏ដោយ»។

លោកបានប្រាប់បន្តថា៖ 

«ពួកគាត់ចាប់ផ្ដើមប្រតិកម្មតែនៅលើបណ្តាញសង្គម ដោយមិនស្វែងរកជំនួយ ឬដំណោះស្រាយដោយផ្ទាល់ពីធនាគារឡើយ»។

អ្នកស្រី ឡុង នីនលីដា ប្រធានអង្គភាពប្រតិបត្តិការសាច់ប្រាក់របស់ធនាគារ ABA បានពន្យល់ថា ABA មិនខុសពីធនាគារពាណិជ្ជធំៗទាំងអស់នៅកម្ពុជាប៉ុន្មានឡើយ ធនាគារនេះ ប្រើប្រាស់ឧបករណ៍ពិនិត្យក្រដាសប្រាក់ដ៏ទំនើបចុងក្រោយបង្អស់ ដែលអាចស្គាល់ និងចាប់យកក្រដាសប្រាក់ក្លែងក្លាយចេញពីក្រដាសប្រាក់ពិត ដែលដាក់ឲ្យចរាចរក្នុងទូ ATM ទាំង ៣០១ កន្លែងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ អ្នកស្រីបានឲ្យដឹងថា៖

«ម៉ាស៊ីនពិនិត្យប្រាក់ទាំងនេះ ដែលជាផ្នែកមួយនៃកម្មវិធីសន្តិសុខផ្សេងទៀត អាចចាប់ និងថតយកលេខមាលា (Serial Number) របស់ក្រដាសប្រាក់គ្រប់សន្លឹក ដែលយើងបានដាក់បញ្ចូលទៅក្នុងទូ ATM នានា ដូច្នេះនៅពេលដែលមានការតវ៉ាទាមទារពីអតិថិជន យើងនឹងយកកំណត់ត្រានេះ ធ្វើជាឯកសារយោងដើម្បីផ្ទៀងផ្ទាត់ថាតើក្រដាសប្រាក់នោះ ពិតជាចេញពីម៉ាស៊ីនរបស់យើងមែន ឬមិនមែន»។

អ្នកស្រី នីនលីដា បានបន្ថែមទៀតថា៖ 

«ក្រៅពីឧបករណ៍ពិនិត្យក្រដាសប្រាក់ យើងក៏មានក្រុមការងារគ្រប់គ្រងសាច់ប្រាក់ និង ក្រុមជំនាញការសន្តិសុខសម្រាប់ត្រួតពិនិត្យជាប់ជានិច្ចលើគ្រប់ដំណាក់កាលនៃការចរាចរក្រដាសប្រាក់របស់យើង ដោយប្រើកាមេរ៉ាសុវត្ថិភាពជាច្រើន ដើម្បីធានាឲ្យបានថា គ្មាននរណាម្នាក់អាចលួចបន្លំក្រដាសប្រាក់ដែលដាក់ចូលក្នុងទូ ATM របស់យើងបានឡើយ»។

ក្រុមហ៊ុនសាជីវកម្មជាច្រើនប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយជាមួយនឹងអ្នកតវ៉ាលើបណ្តាញសង្គមទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនទាំងនោះ។ ក្រុមហ៊ុនខ្លះមិនចាប់អារម្មណ៍លើសារផ្សេងៗឡើយ ខណៈក្រុមហ៊ុនខ្លះព្យាយាមទាក់ទងដោះស្រាយដោយផ្ទាល់។

ធនាគារ ABA បានប្រើប្រាស់យុទ្ធសាស្ត្រទី២ ដូចដែលលោក Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានលើកឡើងថា៖ 

«កាជឿជាក់ទុកចិត្ត គឺជាគន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗនៃកិច្ចការបម្រើសេវាជូនអតិថិជន ដែលត្រូវបានចាត់ទុកថាជាតម្លៃស្នូលរបស់យើង»។

ធនាគារ ABA ធ្វើការតាមដានបណ្តាញសង្គមយ៉ាងដិតដល់ ហើយក៏នឹងបន្តទាក់ទងទៅកាន់អតិថិជនដែលបង្ហោះសារត្អូញត្អែរផ្សេងៗអំពីសេវាកម្មរបស់ធនាគារ ដោយជម្រុញពួកគាត់ដាក់ពាក្យបណ្តឹង ឬលើកជាសំណើទៅកាន់ធនាគារដោយផ្ទាល់ ជាជាងការបង្ហោះសារលើ Facebook ឬនៅលើគេហទំព័រផ្សេងៗទៀត។

លោក Zimarev បានបញ្ជាក់ថា៖ 

«មធ្យោបាយដែលល្អបំផុតក្នុងការលើកឡើងពីបញ្ហាពាក់ព័ន្ធ គឺការទាក់ទងដោយផ្ទាល់ទៅកាន់ធនាគារ ជាកន្លែងដែលយើងមានការផ្ដល់ជូននូវវិធីដោះស្រាយបញ្ហាយ៉ាងទូលំទូលាយ ដែលរួមមានដូចជាការស៊ើបអង្កេតយ៉ាងល្អិតល្អន់ទៅលើបញ្ហាដែលបានលើកឡើងជាដើម។ ដូច្នេះចំណុចសំខាន់ដំបូងគេ គឺធ្វើយ៉ាងណាឲ្យអតិថិជិនដែលកំពុងតែត្អូញត្អែរនៅលើបណ្តាញសង្គមបានដឹងថា ដំណោះស្រាយដែលល្អបំផុតនោះ គឺការលើកយកបញ្ហារបស់ពួកគេមកកាន់ធនាគារយើងដោយផ្ទាល់»។

លោកបានកត់ស្គាល់ឃើញថា ចាប់តាំងពីពេលដែលធនាគារនេះបានប្រើប្រាស់មធ្យោបាយទាក់ទងទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមដោយផ្ទាល់ ហើយផ្សព្វផ្សាយអំពីលទ្ធផលនៃការស៊ើបអង្កេតដែលបង្ហាញថា រាល់ប្រាក់ដកចេញពីទូ ATM របស់ធនាគារ គឺជាក្រដាសប្រាក់ពិតរួចមកអតិថិជនភាគច្រើន បានបញ្ឈប់ការត្អូញត្អែរបស់ខ្លួននៅលើបណ្តាញសង្គម Facebook។

លោក Zimarev បានឲ្យដឹងថា៖ 

«យើងយកចិត្តទុកដាក់យ៉ាងខ្លាំងលើរាល់ការតវ៉ា និង ការរក្សាកេរិ៍្តឈ្មោះរបស់យើង ហេតុនេះ នៅពេលដែលមានមនុស្សព្យាយាមបង្ខូចកេរិ៍្តឈ្មោះរបស់យើងលើបណ្តាញសង្គម យើងចាត់វិធានការភ្លាមៗដើម្បីធានាឲ្យបានថា ការពិតទាំងស្រុងត្រូវបានបង្ហាញ និងចែករំលែកបន្ត»។

លោកបានបន្ថែមទៀតថា៖ 

«យើងនឹងដោះស្រាយបញ្ហាទាំងនេះតាមផ្លូវច្បាប់ប្រសិនបើយើងដឹងថា អ្នកបង្ហោះសារទាំងនោះកំពុងតែព្យាយាមឆបោកធនាគារយើង ឬបង្ខូចឈ្មោះរបស់យើងដោយចេតនា តាមរយៈការបង្ហោះសារមួលបង្កាច់លើបណ្តាញសង្គម ដោយមិនអនុវត្តតាមនីតិវិធីត្រឹមត្រូវដើម្បីស្វែងរកដំណោះស្រាយពីធនាគារដោយផ្ទាល់»។

ពាក់ព័ន្ធនឹងករណីនេះដែរ បច្ចុប្បន្នមានបុរសជនជាតិស្វ៊ីសម្នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅរាជធានីភ្នំពេញពីបទឆបោកធនាគារដោយចេតនា តាមរយៈការលួចប្តូរក្រដាសប្រាក់ពិត ១ សន្លឹក ជាមួយនឹងក្រដាសប្រាក់មួយ ដែលមានសរសេរអក្សរថា «COPY» និងបានព្យាយាមមួលបង្កាច់ថា ក្រដាសប្រាក់ក្លែងក្លាយនេះបានដកចេញពីទូមួយរបស់ធនាគារ ABA។

បុរសជាជនជាតិស្វ៊ីសម្នាក់ ដែលបានឆបោកធនាគារ ABA

លោក Zimarev បានសន្និដ្ឋានថា៖ 

«តាមរយៈការពិនិត្យ និងការស៊ើបអង្កេតផ្ទៃក្នុង យើងបានរកឃើញថា ការត្អូញត្អែរដែលកើតមានកន្លងមក គឺជាការព្យាយាមបង្ខូចកេរិ៍្តឈ្មោះ និងឆបោក។ យើងនឹងធ្វើការជាមួយស្ថាប័នអនុវត្តច្បាប់ ដើម្បីធានាឲ្យបានថា បញ្ហានោះ ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ ដែលក្នុងនោះអាចមានការកាត់ទោសកម្រិតព្រហ្មទណ្ឌលើជនឆបោកផង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]