(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ដែលអាចលក់គ្រឿងញៀនមួយថ្ងៃអស់២គីឡូក្រាម និងបក្បពួកម្នាក់ទៀត ដោយរឹបអូសគ្រឿងញៀនជិត៣គីឡូក្រាម។

លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ត្រីប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០១៩ ដែលកម្លាងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា និងលោកវរសេនីយ៍ឯក អាំ សុជាតិ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួសដោយលោក គួជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅ ផ្សេងគ្នា៖

* គោលដៅទី១៖ នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល បន្ទប់លេខ២០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាងមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ២២៧.៦១ក្រាម និងជញ្ជីងថ្លឹង១គ្រឿង ។

* គោលដៅទី២៖ នៅវេលាម៉ោង៧ល្ងាចនាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារអូរប្ញស្សី សង្កាត់អូរប្ញស្សី ខណ្ឌ៧មករា ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តាំង ស្រុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ២,០១៤.៨ក្រាម។

* គោលដៅទី៣៖ នៅវេលាម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្តទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យឈ្មោះ តាំង ស្រុន នៅចំណុចផ្ទះលេខ ១៣៦ អឺ២ ផ្លូវសុកហុក (១០៧) សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ដកហូតវត្ថុតាងរួមមានសារធាតុញៀន មេតំហ្វេតាមីន (ice) ២៨២.៨៩ក្រាម, ជញ្ជីងថ្លឹង១គ្រឿង, សំបកកញ្ចប់ (តែ) សម្រាប់ច្រកគ្រឿងញៀនចំនួន១៩កញ្ចប់ (ច្រកគ្រឿងញៀនចំនួន១៩គីឡូក្រាម) ដែលជនសង្ស័យបាន រំលែកលក់ឱ្យម៉ូយតែ១សប្តាហ៍ប៉ុណ្ណោះ, សំបកថងផ្លាសស្ទិតសម្រាប់វេចខ្ចប់មួយចំនួន និងបានឃាត់ទុកទ្រព្យសម្បត្តិ៖ ផ្ទះល្វែងលេខ ១៣៦អឺ២ របស់ឈ្មោះ តាង ស្រុន។

សរុបវត្ថុតាងដែលចាប់បានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២៥២៥.៣ក្រាម ជញ្ជីងថ្លឹង២គ្រឿង ទូរស័ព្ទដៃ៣គ្រឿង ថងវេចខ្ចប់មួយចំនួន និងឃាត់ទុកផ្ទះ១ល្វែង។

លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង បញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួននៅមន្ទីរប្រឆាំងគ្រឿងញៀន និងរៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]