កែប៖ ស្រី្តម្នាក់រងរបួសធ្ងន់ សន្លប់នៅនឹងកន្លែង កើតហេតុខណៈពេល បើកម៉ូតូម្នាក់ឯងចេញពី លក់បង្គារ នៅផ្សា ក្តាម ក្រុងកែប ហើយវិលត្រឡប់ ទៅផ្ទះវិញ ចៃដន្យ បានបុកសត្វគោរត់ឆ្លងផ្លូវ កាលវេលាម៉ោង ៥និង៤៥នាទី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ នៅចំណុចខាងត្បូង អនុវិទ្យាល័យ សង្គម រាស្រ្តនិយម ជាង១០០ម៉ែត្រ លើកំណាត់ផ្លូវជាតិពីទីរួមខេត្តកែប ទៅរង្វង់មូល សេះស សិ្ថតក្នុងភូមិ ស្បូវ សង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកែប ។

ក្រុមគ្រួសារស្រី្តរងគ្រោះបានឲ្យដឹងថា ស្រី្តរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ង៉ែត ស៊ីណា អាយុ៣៨ឆ្នាំ មុខរបរអ្នកលក់ដូរបង្គាស្រស់ នៅផ្សា ក្តាមមាត់សមុទ្រ កែប រស់នៅភូមិដំណាក់ចង្អើរសង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកែប ជិះម៉ូតូ ម៉ាក់វេវកញ្ចាស់គ្មានស្លាកលេខ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុស្រី្តរងគ្រោះបានបើកម៉ូតូម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើចៃដន្យ បានបុកនឹងសត្វគោ១ក្បាល គឺ គោស្ទាវមានកន្លុះនិងមានខ្សែ ១ កន្ទុយជាប់នឹងគោនេះផង បុកចំពេញទំហឹង ខណៈគោរត់កាត់មុខឆ្លងថ្នល់ បណ្តាលឲ្យដួលរងរបួសធ្ងន់ សន្លប់នៅនឹងកន្លែង កើតហេតុ។ ក្រោយពេលកើតហេតុភ្លាមៗ នោះដែរស្រី្តរងគ្រោះត្រូវបានគេជួយសង្រ្កោះបន្ទាន់ដោយដឹកយកទៅសង្រ្កោះ នៅពេទ្យ(សម្ភព )បូកគោ ទីរួមខេត្តកំពត ។ ស្រី្តរងគ្រោះរងរបួស បែកក្បាល និងបាក់ឆ្អឹងដងកាំបិតខាងស្តាំ ។ រីឯសត្វគោបង្កខាងលើ ត្រូវបាននគរបាលនាំយកទៅរក្សាទុក ដើម្បីស្រាវជា្រវរកម្ចាស់គោ សំរាប់ធ្វើការដោះស្រាយជាមួយស្រី្តរងគ្រោះ។ ចំណែកម៉ូតូខូចខាតធ្ងន់ក៏ត្រូវបាននគរបាលរក្សាទុកផងដែរ សំរាប់ធ្វើការដោះស្រាយ ៕

ដោយៈ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]