(បន្ទាយមានជ័យ)៖ ក្រោយបង្ក្រាបបានជនសង្ស័យ២នាក់ រួមជាមួយគ្រឿងញៀនជាង៥គីឡូក្រាម នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្ត បានធ្វើការសាកសួរព័ត៌មានបន្ថែមពីជនសង្ស័យចំនួន២នាក់ នៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ករណីខាងលើកម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងអនុវត្តតាមបញ្ជា របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើយ៉ាងណាត្រូវទប់ស្កាត់ បង្ការ បង្ក្រាបឲ្យបានខ្លាំងខ្លាបញ្ហាគ្រឿងញៀន។

មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបានទាំងពីរនាក់រួមមាន ទី១៖ឈ្មោះ ភុងចាន់ សេកសាន់ អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅភូមិ១ សង្កាត់-ក្រុងវ្វ៉ាងណាំយេន ខេត្តស្រះកែវ ប្រទេសថៃ និងទី២៖ ឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការបន្ថែមថា ករណីនេះបង្ក្រាបសមត្ថកិច្ចបានធ្វើការបង្ក្រាបនៅ ល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីន ICE ១,៩៩២ក្រាម និងគ្រឿងញៀនមេតំហ្វេតាមីន WY ចំនូន៥១,១២២គ្រាប់ ស្នើនឹង៥,២៤០.៥ក្រាម។

យ៉ាងណាក៏ដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសលាដំបូងខេត្ត ក៏បានអះអាងដែរថា គ្រឿងញៀនខាងលើនេះ គឺការនាំយកពីប្រទេសថៃ តាមព្រំដែន តែក៏ត្រូវកម្លាំងអាវុធហត្ថចាប់បង្ក្រាបបានសម្រេចតែម្ដង តែប្រសិនបើបង្ក្រាបមិនបានទេនោះ មិនដឹងថាគ្រឿងញៀនខាងលើនេះ ត្រូវបានគេចែកចាយ បំផ្លាញអនាគតដល់មនុស្សប៉ុន្មាននាក់ឡើយ។

លោកព្រះរាជអាជ្ញាសង្កត់ធ្ងន់ថា ករណីខាងលើនេះលោកចាត់ការតាមនីតិវិធីច្បាប់ដើម្បីធ្វើការផ្ដន្ទាទោសឧក្រិដ្ឋជនទាំងពីរនាក់ខាងលើ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]