ហុងកុង៖ រហូតមកដល់ពេលនេះ នៅលើហ្វេសប៊ុកពោរពេញទៅដោយអ្នក Spoil ឬអ្នកនិយាយសាច់រឿងទាក់ទិនទៅនឹងរឿង Avengers: Endgame ស្ទើរតែគ្រប់ៗគ្នាទៅហើយ ព្រោះពួកគេមិនអាចទប់នូវអារម្មណ៍រំភើបរបស់ពួកគេបាន។

វិធីតែមួយគត់ដើម្បីកុំឱ្យគេ Spoil រឿងនេះនៅលើបណ្តាញសង្គម គឺត្រូវមើលរឿងនេះឱ្យបានមុនគេ ហើយនេះគឺជាអ្វីដែលក្រុមហ៊ុនមួយនេះបានធ្វើ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅនេះ មេរបស់ក្រុមហ៊ុនមួយកន្លែង ក្នុងទីក្រុងហុងកុង បានកក់ Hall (សាល) ទាំងមូលសម្រាប់បុគ្គលិកទាំងអស់ដើម្បីមើលរឿង Avengers: Endgame ព្រោះតែគាត់មានការព្រួយបារម្ភខ្លាចថា បុគ្គលិករបស់គាត់នឹង Spoil រឿងនេះដល់គាត់។

ហេតុផលម្យ៉ាងទៀត គឺដោយសារតែ បុគ្គលិកទាំងអស់ត្រូវការប្រើប្រាប់បណ្តាញសង្គមដើម្បីធ្វើការ ដូច្នេះការ Spoil រឿងនេះគឺជារឿងមុននិងក្រោយតែប៉ុណ្ណោះ។ ដូច្នេះ មេរបស់ពួកគេក៏បានសម្រេចចិត្តថា ប្រើប្រាស់វិធីព្រួញមួយបាញ់បានចាបពីរ ដោយនាំពួកគេទៅមើលរឿងនេះក្នុងម៉ោងការងារយកតែម្តង។

ក្រោយមក ពួកគេបានចែករំលែករឿងនេះ នៅលើបណ្តាញសង្គមដោយរៀបរាប់ថា៖

«ក្រុមហ៊ុនមិនទទួលបានផលប្រយោជន៍អ្វីពីការធ្វើបែបនេះទេ ប៉ុន្តែនេះជាអ្វីដែលយើងត្រូវសម្របខ្លួនតាមកាលៈទេសៈ។ ដោយសារតែ យើងត្រូវការប្រើប្រាស់ហ្វេសប៊ុក, Instagram និង WeChat សម្រាប់ធ្វើការងារ។ ដូច្នេះយើងមានហានិភ័យខ្ពស់ក្នុងការ Spoil រឿង Avengers: Endgame។ ដូច្នេះបានជាព្រឹកនេះនៅម៉ោងការងារ មេក៏យល់ព្រមថា ពួកយើងនឹងកក់ Hall ទាំងមូលជុំគ្នាដើម្បីមើលរឿងនេះ និងចៀសវាងការ Spoil» ។

មេបារម្ភខ្លាចបុគ្គលិក Spoil រឿង Avengers: Endgame ក៏កក់ Hall ទាំងមូលឱ្យពួកគេមើលទាំងអស់គ្នា

ក្រោយមក រឿងមួយនេះបានល្បី និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ហើយពួកគេភាគច្រើនសុទ្ធសឹងតែមានការកោតសរសើរនូវទឹកចិត្តរបស់ក្រុមហ៊ុននេះ។ ដោយអ្នកខ្លះបានសួរថា តើមានកន្លែងណាទំនេរដែលឬទេ ព្រោះពួកគេចង់ដាក់ពាក្យទៅធ្វើការនៅក្រុមហ៊ុននេះដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បាននិយាយថា៖

«ពួកគេពិតជាសំណាងមែន! ខ្ញុំត្រូវដាក់ពាក្យសុំច្បាប់ដើម្បីមើលរឿងនេះ ហើយមេខ្ញុំលេងទឹកមុខចម្លែកដាក់ខ្ញុំទៀត» ។

ដូច្នេះ សូមប្រិយមិត្តទាំងអស់គ្នា ប្រសិនបើអ្នកបានមើលរឿង Avengers: Endgame រួច សូមកុំ Spoil វានៅលើហ្វេសប៊ុកអី ដើម្បីឱ្យអ្នកដទៃទៀតមានការភ្ញាក់ផ្អើល នៅពេលពួកគេមើលវាជាលើកដំបូង៕   

Avengers: Endgame

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]