បើសួរចាស់ៗពីដើមប្រាកដដឹងថា ទឹកបាយ មានប្រយោជន៍​ប៉ុនណាហើយ តែសម័យ​ឥលូវទំនើប ប្រហែល​មាន​គ្នាយើង​ភាគ​ច្រើនអាច​មិន​ដឹង​រឿង​នេះ។ អង្ករ​មាន​ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​អង់ទីអុកស៊ីដង់ (ជួយកុំឲ្យចាស់ និងការពារ​មហារីក) ច្រើន ឯ​ទឹកបាយ​វិញក៏ល្អមិនធម្មតា​ដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖

១- អ្វីទៅ​ជា​ទឹក​បាយ?

ពេល​និយាយរឿង​​ទឹកបាយភ្លាម អ្នកខ្លះអាចច្រឡំថាជាទឹកអង្ករ ដែល​បាន​នៅពេល​យើង​លាង​អង្ករមុន​ពេល​ដាំបាយ។ ឯទឹកបាយ ជាប្រភេទ​ទឹក​អង្ករ​ល្អ​បំផុត ដែលបាននៅពេលបាយកំពុងដាំពុះ ឬអាចថា ជាទឹកបបរក៏បាន។

២- ធ្វើ​ម៉េច​ទើប​អាច​ចម្រាញ់​បាន​ទឹកបាយ​ល្អ?

ដើម្បី​បាន​ទឹក​បាយ​ល្អ និង​មាន​គុណ​ភាព យើងត្រូវការអង្ករកន្លះកំប៉ុង និង​ទឹក ៤ ​កំប៉ុង ដោយ​ដំបូង ដាំទឹកនៅ​ក្នុង​ឆ្នាំង​មួយ។ នៅពេល​ទឹកពុះ បង់​អង្ករ​ចូល រួច​បន្ដ​ការ​ដាំ ២០​ នាទីទៀត ចាំយក​ឆ្នាំង​ចេញពី​ចង្រ្កាន រួច​បើក​គម្របចេញ។ បន្ទាប់​មក រង់ចាំ​រហូត​ទឹកបាយត្រជាក់ សឹមចាក់ចូល​​ក្នុងដប​ទឹក ដើម្បី​រក្សា​ទុកក្នុងទូទឹកកក ដើម្បីទុកផឹក​រយៈពេលច្រើន​ថ្ងៃ។

៣- ​ទឹកបាយមាន​ប្រយោជន៍​អី​ខ្លះ?

ទឹកបាយត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈធម្មជាតិ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​លើស​លុប ទៅ​លើ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ផ្តល់​សារធាតុ​ចាំ​បាច់​ជួយទ្រទ្រង់​​​រាងកាយ ពិសេស​ជួយដោះ​ស្រាយ​បញ្ហា​ជំងឺ​សើ​ស្បែក​ជាច្រើន​ប្រភេទ ខណៈ​គុណ​ប្រយោជន៍​ចម្បង​មាន​ដូច​ជា៖
– ជួយ​ថែ​ទាំ​សុខភាព​សក់៖ ទឹកបាយ អាច​ជួយ​ឲ្យសុខភាព​សក់​កាន់​តែ​ល្អ រឹងមាំ ភ្លឺថ្លា ដោយ​យើង​​គ្រាន់តែផ្សើម​សក់​​ជាមួយ​ទឹក​បាយ ដោយ​ទុក​ចោល​ប៉ុន្មាន​នាទី សឹម​លាង​សម្អាត​ជាមួយ​ទឹកក្តៅឧណ្ហៗ ហើយត្រូវអនុវត្ដ​បែប​នេះ ៣​ ដង/សប្ដាហ៍។
– ម្ស៉ៅលាប​ស្បែក៖ ទឹកបាយផ្ទុក​សារធាតុ​ផ្សំ​សកម្ម អាច​ធ្វើឲ្យ​រន្ធ​ស្បែក​កាន់តែ​តូច កម្ចាត់​កោសិកា​ស្បែក​ងាប់ និង​ជំរុញ​ប្រសិទ្ធភាព​ផលិតផល​ការពារ​កាំរស្មី​យូវីដែល​អាច​បង្ក​​គ្រោះថ្នាក់ដល់​​ស្បែក។ សារធាតុ​ក្នុង​ទឹកបាយ ធ្វើឲ្យ​វាក្លាយជា​ផ្សៅ​លាប​ស្បែក​ដ៏​ស័ក្ដិសិទ្ធិ​ ហើយអ្វីយើង​​ត្រូវ​ធ្វើ គឺ​ប្រើ​ដុំ​សំឡី​មួយ យកទៅ​ជ្រលក់ក្នុង​ទឹកបាយ រួច​យក​ទៅ​លាប​មុខយើង ទុកឲ្យស្ងួត​នៅ​លើ​មុខរួច​ចាំ​ចូល​គេង ដោយ​ប្រើ​​ម៉ាស់បិទ​ពីលើ ដើម្បី​ទទួល​ប្រសិទ្ធភាពកាន់​តែ​​ខ្ពស់។ អនុវត្ត​វិធី​នេះ ជា​ប្រចាំ​ថ្ងៃស្បែក​មុខ​នឹង​ភ្លឺ​ថ្លាម៉ត់​រលោង។
– ព្យាបាល​មុន៖ ទឹក​បាយមាន​សារធាតុ​ប្រឆាំង​ការលាក និង​ការ​ដាច់រលាត់កោសិកាស្បែក អាច​កាត់បន្ថយ និង​បង្ការ​ «មុន»។ ផលិតផល​ធម្មជាតិ​នេះ ​ធ្វើឲ្យស្បែក​រលោង និង​ទន់។ គ្រាន់តែ​ប្រើ​ដុំ​សំឡី​ ជ្រលក់​ទឹក​បាយ និង​លាប​លើ​ផ្ទៃស្បែក ដែល​មាន​ក្បាល​មុន ឬ​មុន​ក្បាល​ខ្មៅ ដោយ​អនុវត្ត ២​ ដង/ថ្ងៃ។

៤- សារធាតុ​ប្រឆាំង​អាការៈរាក

​ក្នុង​អង្ករ មាន​សារធាតុ​រ៉ែ ព្យាបាល​អាការៈរាក ដោយ​គ្រាន់​តែ​បន្ថែម​អំបិល​ខ្លះ ទៅ​ក្នុង​កែវ​ទឹក​បាយ រួច​ហើយ​ផឹក​ទឹក​បាយ​នោះ។ ​ចាំបាច់​ត្រូវ​ផឹក​ ២ ​កែវ/ថ្ងៃ រហូត​ដល់​បញ្ហា​រាក​ធូរស្បើយ។

៥- ភេសជ្ជៈ​ប៉ូវកម្លាំង​បែប​ធម្មជាតិ

ទឹកបាយពិតជាអាច​ប្រដូច​នឹង​ភេសជ្ជៈ​ប៉ូវកម្លាំង​បាន​មែន ព្រោះ​ផ្ដល់​ឲ្យ​រាងកាយ​នូវ​អាមីណូអាស៊ី​ដសំខាន់ៗ ៨ ប្រភេទ ​ធ្វើឲ្យ​សាច់ដុំ​មាន​ចលនា​ឡើងវិញ។ ក្នុង​ទឹក​បាយ ​ក៏មាន​កាបូអ៊ីដ្រាតមួយ​ចំនួន​ផងដែរ អាច​បង្កើន​ថាមពល ដោយ​ផឹក​ទឹក​បាយ ១ ​កែវ មុនពេលហាត់ប្រាណ ឬ​លេងកីឡា​ផ្សេងៗ។

៦- ព្យាបាល​ជំងឺ​ត្រអក

ដឹង​អត់? ជាតិម៉្សៅនៅ​ក្នុង​អង្ករអាច​ព្យាបាល​ជំងឺ​ត្រអក​ ដោយ​គ្រាន់​តែ​យកទឹក​បាយ ទៅ​លាប​កន្លែង​មាន​ជំងឺ ដើម្បី​កាត់បន្ថយ​ការ​រមាស់ និងធ្វើ​ឲ្យ​​ភាព​ស្ងួត ​អនុវត្ត​វិធី​នេះ ៣​ ដង/​ថ្ងៃ។

៧- រូបមន្ត​សម្រាប់​ការ​ទល់លាមក

ចំពោះ​បញ្ហា​ទល់​លាមក​វិញ ផឹកទឹក​បាយ ១ ​កែវ/​ថ្ងៃ ជួយ​សម្រួល​ការ​ទល់លាមកយ៉ាង​មាន​ប្រសិទ្ធភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]