ជាតិ​ទឹក​ពិត​ជា​សំខាន់​ណាស់ពិសេស​ស្រីៗ​កំពុង​ពពោះ​ ហើយ​អាកាស​ធាតុ​ក្តៅ​បែប​នេះរឹត​តែ​សំខាន់​ទៀត ព្រោះ​អំឡុង​ពេល​ពពោះរាង​កាយ​ត្រូវ​ការ​ជាតិ​ទឹក​កាន់​តែ​ច្រើន ហេតុនេះ​ប្រសិន​ខ្វះ​ជាតិ​ទឹកច្បាស់​ជា​មាន​បញ្ហា​ហើយ អូនៗ​ក្នុង​ផ្ទៃ​ក៏​ជួប​បញ្ហា​សុខភាព​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្ទេចទាំង​មូលហេតុរោគ​សញ្ញា និង​វិធី​ការពារ​ឲ្យ​គ្នា​យើង​ដឹងទាំង​អស់​តែ​ម្តង។

១- ធ្វើ​ម៉េច​អាច​ដឹង​ថា​បាត់បង់​ជាតិ​ទឹក?

រោគ​សញ្ញាចម្បង គឺ​ក្តៅ​ខ្លួន ព្រោះ​ពេល​បាត់​បង់​ជាតិ​ទឹក​ក្នុងខ្លួនរាង​កាយ​នឹង​មិន​អាច​ធ្វើ​ការ​សម្រប​ជា​មួយ​សីតុណ្ហ​ភាពក្នុង​ខ្លួន​បាន​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​យើង​ក៏​អាច​ពិនិត្យ​ទឹក​នោម​ខ្លួន​ឯង ដើម្បី​ដឹង​ថា​ខ្វះ​ជាតិ​ទឹក ឬអត់ ហើយ​បើ​សិន​ជា​ទឹក​នោម​ពណ៌​ក្រហម​ក្រម៉ៅគួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​ជា​ទូទៅ​មាន​ដូច​ជា៖
– ស្ងួត ស្អិត​មាត់
– ស្រេក​ទឹក​ញឹក
– ងងុយ​គេង
– ទឹក​នោម​តិច
– ឈឺ​ក្បាល
– ទល់​លាមក
– វិល​មុខ
បើ​សិន​ជា​បាត់​បង់​ជាតិ​ទឹក​ធ្ងន់​ធ្ងរ រោគ​សញ្ញា​អាច​មាន៖ 
– រសាប់​រសល់
– វង្វេង​វង្វាន់
– ទឹក​នោម​តិច ឬ​គ្មាន
– ភ្នែក​រូង
– ដង្ហើម​ញាប់
– បេះដូង​លោត​ញាប់
– សម្ពាធ​ឈាម​ទាប

២- មូលហេតុ​នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក

កើត​ឡើង​ពេល​យើង​ផឹក​ទឹក​ធម្មតា ឬភេសជ្ជៈ​ប្រភេទ​ផ្សេងៗ តិច​ជាង​បរិមាណ​ដែល​រាង​កាយ​ចំណាយ (បញ្ចេញ​ចោល) មាន​ន័យ​ថា យើង​កំពុង​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ។ ពេល​កំពុង​ពពោះ ជាតិ​ទឹក គឺ​សំខាន់​ណាស់ មាន​នាទី​សំខាន់ជាប់ពាក់ព័ន្ធ​ការ​កកើត​នៃ​សុក ដែល​ជា​ច្រក​នាំ​អាហារ​ពី​ម៉ាក់ៗ ​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ហើយ​មូល​ហេតុ​ចម្បង​រួម​មាន៖
– ហាត់​ប្រាណ​ខ្លាំង​ពេក
– រាក​ខ្លាំង​ពេក
– ក្អួត
– គ្រុន​ក្ដៅ
– បែក​ញើស​ខ្លាំង
– ផឹក​ទឹក​មិន​គ្រប់​គ្រាន់

៣- បាត់បង់​ជាតិ​ទឹក​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​អត់?

ករណី​នេះអាច​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ច្រើនសម្រាប់​ទាំង​សុខភាព​យើង រួម​ទាំង​កូន​ក្នុង​ផ្ទៃអាច​បង្ក​បញ្ហា​មួយ​ចំនួន​ដូច​ជា៖
– ខួរ​ឆ្អឹង​ខ្នង​កូន​វិវត្ត​មិន​ប្រក្រតី
– ទឹក​ភ្លោះ​តិច​ជាង​ធម្មតា
– សម្រាល​មុន​ពេល​កំណត់
– ទឹក​ដោះ​ម៉ាក់ៗ​ចេញ​តិច
– ពិការ​ពី​កំណើត

៤- វិធី​ការពារ​បាត់បង់​ជាតិ​ទឹក​ពេល​ពពោះ

រឿង​នេះស្រីៗ​យើងច្បាស់​ជា​គ្មាន​នរណា​ដែល​ថា​មិន​ដឹង​ថា ដើម្បី​កុំ​បាត់​បង់​ជាតិ​ទឹក​ត្រូវ​ញ៉ាំ​ទឹកឲ្យ​ច្រើន​នោះ​ឡើយ ប៉ុន្តែ​អ្វី​យើង​គួរ​ដឹង​បន្ថែមត្រូវ​ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ព្រោះ​​អាច​ធ្វើ​ឲ្យ​យើង​នោម​ច្រើន បណ្តាល​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ក្នុង និង​ចៀស​វាង​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក ហាត់​កម្រិត​មធ្យម​បាន​ហើយ​ដើម្បី​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​បេប៊ី។ នៅ​ពេល​មេឃ​ក្តៅមិន​គួរ​ចេញ​ក្រៅ​ច្រើន​ពេក​ដែរ។

គួរ​យក​ទឹក​តាម​ខ្លួន​ពេល​ចេញ​ក្រៅ ហើយ​ផឹក​ទឹកឲ្យ​បាន​គ្រប់​គ្រាន់។ មាន​ការ​ណែ​នាំ​មួយបង្ហាញ​ថា គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន ១២ ​កែវ ក្នុង​មួយ​ថ្ងៃ ដើម្បី​សុខភាព​ល្អ។ តែ​បើ​មាន​បញ្ហា​ក្រពះ​ពោះវៀន មិន​គួរ​ញ៉ាំ​ទឹក​ពេល​កំពុង​ញ៉ាំ​អាហារ​ឡើយ។ ក៏​ប៉ុន្តែ​គួរ​ញ៉ាំ​ទឹក​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​វិញ ដើម្បី​កុំ​ឲ្យ​មិន​ស្រួល​ក្នុង​ពោះ។ ក្នុង​ករណី​ចាញ់​កូន ចេះ​តែ​ក្អួត​ចង្អោរ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]