ចិន៖ ប្រទេសមានច្បាប់ សាលាមានវិន័យ ជាពិសេសនៅក្នុងស្រុកចិន វិន័យសាលាពិតជាតឹងរ៉ឹងខ្លាំងមែនទែន ដែលមិនអនុញ្ញាតឱ្យសិស្សប្រើប្រាស់ទូរស័ព្ទនៅក្នុងម៉ោងរៀនទេ ប៉ុន្តែបែរជាមានសិស្សមួយចំនួន នៅតែបំពានវិន័យរបស់សាលា។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានវីដេអូមួយកំពុងតែល្បីនៅលើបណ្តាញសង្គមចិន បានបង្ហាញថា សិស្សសាលាជាច្រើននាក់ ត្រូវបង្ខំចិត្តវាយកម្ទេចទូរស័ព្ទចោល ព្រោះតែពួកគេប្រើប្រាស់វានៅក្នុងថ្នាក់រៀន ហើយត្រូវគ្រូចាប់បាន។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសាលារៀនមួយកន្លែង ក្នុងប្រទេសចិន។ មិនត្រឹមតែពួកសិស្សទាំងនោះ ត្រូវកម្ទេចទូរស័ព្ទចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវខ្មាសសិស្សដទៃទៀតផង ព្រោះតែខាងសាលាបានហៅសិស្សដទៃទៀត មកមើលពួកគេកម្ទេចទូរស័ព្ទចោល ដើម្បីទុកជាការព្រមានដល់សិស្សដទៃទៀត។

បន្ថែមពីនេះទៀត បន្ទាប់ពីសិស្សទាំងនោះបានយកពូថៅដំទូរស័ព្ទខ្លួនចោលហើយ មិនអស់ចិត្ត ក៏មានគ្រូម្នាក់ទៀត បានដំបន្ថែមទៀត ដើម្បីធានាថាទូរស័ព្ទទាំងនោះពិតជាខ្ទេចខ្ទីអស់ មិនអាចជួសជុលបានវិញ។

ក្រោយមករឿងនេះ បានល្បីនៅលើបណ្តាញសង្គម ដោយអ្នកខ្លះក៏គាំទ្រទង្វើរបស់សាលារៀនមួយនេះ ហើយអ្នកខ្លះទៀតក៏បានរិះគន់ចំៗថា ការធ្វើបែបនេះពិតជាមិនត្រឹមត្រូវនោះទេ។

យ៉ាងណាមិញ គេយល់ឃើញថា ខាងសាលារៀនពុំគួរធ្វើបែបនេះនោះទេ ព្រោះការធ្វើបែបនេះដូចជាហួសហេតុពេកហើយ។ ប្រសិនបើសិស្សទាំងនោះបំពានវិន័យរបស់សាលារៀន គួរណាស់តែដកហូតវាទុកសិន រួចចាំឱ្យវិញនៅពេលចេញទៅផ្ទះ ឬក៏អាចហៅអាណាព្យាបាលរបស់គេមកយកទូរស័ព្ទវិញ មិនគួរណាទៅដំកម្ទេចទូរស័ព្ទចោលបែបនេះទេ៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោម៖

សិស្សកំពុងតែដំទូរស័ព្ទចោល
សិស្សកំពុងតែដំទូរស័ព្ទចោល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]