ចិន៖ គ្រប់ទីកន្លែង គ្រប់ពេលវេលា មិនថាទៅដល់ទីណាទេ សុទ្ធតែឮគេនិយាយពីរឿង Avengers: Endgame ស្ទើរតែគ្រប់ៗគ្នាទៅហើយ ព្រោះរឿងនេះពិតជាល្បីកក្រើកពេញបណ្តាញសង្គមពិតមែន ហើយរឿងនេះល្បី និងត្រូវបានមហាជននិយាយតៗគ្នាចាប់តាំងពី Trailer លើកដំបូង ដែលចេញកាលពីប៉ុន្មានខែមុនមកម្ល៉េះ។ រឿងដ៏អស្ចារ្យនេះ ត្រូវបានចាត់ទុកជារឿងហូលីវូដ ដែលវែងជាងគេនិងកំសត់ជាងគេ ហើយសូម្បីតែតារាសម្តែង Chris Evans ដែលដើរជាតួអង្គ Captain America ក៏យំ ៦ដង ខណៈពេលកំពុងតែមើលរឿងនេះដែរ។ ដូច្នេះតើរឿងនេះពិតជាកំសត់ខ្លាំងឬ?

ច្បាស់ណាស់ប្រាកដជាកំសត់ខ្លាំង ចំពោះនិស្សិតស្រីម្នាក់នេះ ព្រោះតែនាងត្រូវបានគេរាយការណ៍ថា នាងយំឥតឈប់អស់រយៈពេល ៣ម៉ោង ខណៈពេលមើលរឿង Avengers: Endgame នេះ រហូតដល់ខ្សោះខ្លួន និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនៅពេលមើលរឿងនេះចប់។

ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ នៅក្នុងខេត្តចេជាំង ប្រទេសចិន។

យោងតាមប្រភពច្បាស់ការណ៍មួយបានរាយការណ៍ថា និស្សិតស្រីវ័យ ២១ឆ្នាំរូបនេះ (សូមមិនបញ្ចេញឈ្មោះ) និងមិត្តភក្កិនាង បានបបួលគ្នាទៅមើលរឿង Avengers: Endgame នៅថ្ងៃបើកសម្ពោធជាលើកដំបូង ហើយនាងពិតជាជក់ចិត្ត ក្តុកក្តួលនឹងសាច់រឿងនេះខ្លាំងមែនទែន។ ខណៈពេលមនុស្សម្នាអង្គុយមើលនិងអ្នកខ្លះយំដោយស្ងប់ស្ងៀម បែរជានាងទ្រហោយំ និងដកដង្ហើមខ្លាំងៗទៅវិញ បន្ទាប់ពីមើលដល់ឈុតកំសត់មួយចំនួន។ (មិនមែន Spoil ទេ)

បន្ទាប់ពីចាកចេញពីរោងកុន នាងស្រាប់តែឈឺដើមទ្រូង និងពិបាកដកដង្ហើម។ ជើងរបស់នាងចាប់ផ្តើមស្ពឹកយកតែម្តង។ ដោយឃើញស្ថានភាពមិនល្អ មិត្តភក្កិនាងក៏បានតេហៅទ្បានសង្រ្គោះ ដើម្បីនាំនាងទៅមន្ទីរពេទ្យជាបន្ទាន់។

គ្រូពេទ្យបាននិយាយថា៖

«ក្រោយពេលពិនិត្យរួច យើងអាចសន្និដ្ឋានបានថា មកពីនាងយំខ្លាំងពេក រហូតដល់ខ្សោះខ្លួន និងមានអាការពិបាកដកដង្ហើមលើសពីធម្មតា។ ដូច្នេះយើងបានឱ្យនាង ពាក់ម៉ាស់អុកស៊ីសែន និងឱ្យនាងសម្រាកបន្តិចសិន រួចស្ថានភាពនាងនឹងត្រលប់មកជាធម្មតាវិញ។»

ប្រភពដដែលបានឱ្យដឹងថា បន្ទាប់ពីស្ថានភាពរបស់នាងបានធូរស្បើយហើយ នាងក៏បានត្រលប់ទៅផ្ទះវិញនៅយប់នោះ។

ដូច្នេះ យើងអាចសន្និដ្ឋានបានថា នារីម្នាក់នេះច្បាស់ជាហ្វេនផ្កាប់មុខរបស់រឿង Avengers: Endgame ជាក់ជាពុំខាន ហើយនាងមិនអាចទ្រាំបាន នូវឈុតក្តុកក្តួលមួយចំនួននៅក្នុងរឿងនេះ ទើបនាងយំរហូតដល់ខ្សោះខ្លួន និងពិបាកដង្ហើមដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យបែបនេះ។

តើសាច់រឿងមួយនេះពិតជាកំសត់ ជូរចត់ ក្តុកក្តួល ដល់ថ្នាក់យំបោកខ្លួនខ្លាំងឬ? សូម Comment ប្រាប់យើង។ ម្តងទៀត ហាម Spoil ឬប្រាប់សាច់រឿងទាំងមូល!៕ 

រូបនារីម្នាក់នេះត្រូវពាក់ម៉ាស់អុកស៊ីសែនសម្រាកនៅមន្ទីរពេទ្យ ព្រោះតែយំរហូតដល់ខ្សោះខ្លួន
Avengers: Endgame

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]