រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ដឹក​សសរ​គ្រឹះ​មួយ​គ្រឿង បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​ពីក្រោយ​ពេញទំហឹង​កៀប​ជាប់​គ្នា​រួច​រុញ​ទៅ​បុក​ផ្ទុក​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត ដែល​កំពុង​ឈប់​ចត​ស្ងៀម​ទាំង​កំរោល បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ដី​នោះ​ខ្ទាត​ផ្លោង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​បាន​កៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន​របួស​យ៉ាងធ្ងន់ធ្ងរ រីឯ​កូនស្រី​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ដឹក​សសរ​គ្រឹះ​បង្កហេតុ​នោះ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​កើតឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​របួស​ធ្ងន់ធ្ងរ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​ឈ្មោះ អៀង លី​ហួ អាយុ​៣៦​ឆ្នាំ រថយន្ត​ដឹក​ទំនិញ​ម៉ាក ពណ៌​បៃតង ពាក់​ស្លាក​លេខ​ព្រះ​សី​នុ 3A – 1763 ។ ចំណែក​រថយន្ត​ដឹក​សសរ​គ្រឹះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5967 អ្នកបើកបរ​គេចខ្លួន​បាត់ ។

រីឯ​រថយន្ត​បែន​ដឹក​ដី​ដែល​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​នោះ​ម៉ាក​ហ៊ី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP – 0213 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែរ ។ តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​បែន​ដឹក​ទំនិញ​បាន​បើក​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច បន្ទាប់​មក​បាន​បត់​ឆ្ពោះទៅ​ត្បូង​ផុត​ហើយ​ស្រាប់តែ​រថយន្ត​ដឹក​សសរ​គ្រឹះ​បេតុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើកបរ​ក្នុង​ល្បឿន​លឿន​បោះពួយ​ពី​ជើង​ទៅ​ត្បូង​ជ្រុល​ទៅ​បុក​រុញ​ពីក្រោយ​ពេញទំហឹង ។

ខណៈនោះ​បាន​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ខ្ទាត​ជ្រុល​ទៅ​បុក​រុញ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ស្ងៀម បណ្ដាល​ឲ្យ​រថយន្ដ​ដឹក​ដី​ខ្ទាត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្រឡាប់ ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​គាប​ជាប់​ក្នុង​កាប៊ី​ន ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​អ្នក​បើករថយន្ត​ដឹក​ទំនិញ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ចេញ​ទៅ​អន្តរាគមន៍ និង​គាស់​យក​ជន​រង​គ្រោះ​ចេញពី​ក្នុង​កាប៊ី​ន​រួច​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង និង​ស្ទូច​លើកយក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]