ភ្នំពេញ៖ ការសិក្សាជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា។ ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា ចំនួននិស្សិតដ៏ច្រើនសន្ធឹកសន្ធាប់ បាននិងកំពុងតែព្យាយាមតោងចាប់ឱកាសដើម្បីទទួលបានអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសមិនថានៅក្នុងតំបន់អាស៊ី ឬនៅប៉ែកអ៊ឺរ៉ុប។ ហេតុនេះហើយខាងក្រុមការងារខ្មែរឡូត ពិតជាមានក្តីរីករាយដែលបានធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងសាស្រ្តាចារ្យម្នាក់  ទាក់ទិនទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួននៃការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េខាងត្បូង ដើម្បីយកមកចែករំលែកជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា។

ចង់ដឹងតើយើងត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះទើបអាចទទួលបានអាហាររូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ឬនៅក្រៅប្រទេសផ្សេងទៀត? ខាងក្រោមនេះជាការចែករំលែកបទពិសោធន៍ ព្រមទាំងគន្លឹះល្អៗដល់និស្សិតទាំងអស់។

លោកសាស្រ្តាចារ្យ ជឿង ជីវ័ន្ត

លោក ជឿង ជីវ័ន្ត សព្វថ្ងៃជាសាស្រ្តាចារ្យនៃមហាវិទ្យាល័យអគ្គិសនី មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ «NPIC» បានចែករំលែកបទពិសោធន៍ទាក់ទិនទៅនឹងប្រវត្តិសិក្សារបស់លោកថា៖

កាលពីឆ្នាំ២០១០ លោកជានិស្សិតថ្នាក់បរិញ្ញាបត្រម្នាក់ រៀនជំនាញផ្នែកវិស្វកម្ម និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៤។ ក្នុងនាមជានិស្សិតពូកែ និងស្រលាញ់ការសិក្សាម្នាក់ លោកបានបេជ្ញាចិត្តស្វែងរកឱកាសទៅសិក្សានៅក្រៅប្រទេសឱ្យទាល់តែបាន។ លុះដល់ឆ្នាំ២០១៥ លោកក៏បានជាប់អាហាររូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូល ឬហៅកាត់ «Seoultech» នៃប្រទេសកូរ៉េខាងត្បូង ហើយបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញវិស្វកម្មអគ្គិសនីនៅក្នុងឆ្នាំ២០១៨។

លោកបានបន្តនិយាយថា មូលហេតុដែលជំរុញចិត្តលោកទៅសិក្សាថ្នាក់អនុបណ្ឌិតឯប្រទេសកូរ៉េខាងត្បូង ព្រោះលោកយល់ថាកូរ៉េខាងត្បូងជាប្រទេសដែលអភិវឌ្ឍន៍រួច ហើយខាងបច្ចេកវិទ្យា ជាពិសេសជំនាញផ្នែកវិស្វកម្មអគ្គិសនីនៅទីនោះ មានការអភិវឌ្ឍន៍ និងជឿនលឿនខ្លាំង។ ដូច្នេះបានជាលោកសម្រេចចិត្តថារៀននៅទីនោះ។

បើនិយាយពីផលលំបាកដែលលោកជួបប្រទះពេលសិក្សានៅទីនោះគឺបញ្ហាអាកាសធាតុ។  ជាក់ស្តែងនៅស្រុកខ្មែរយើងជាប្រទេសក្តៅ ហើយនៅកូរ៉េត្រជាក់ខ្លាំងមែនទែន ពេលខ្លះអាចក្រោម ០អង្សាសេក៏មាន។ ដូច្នេះវាមានផលលំបាកដែរក្នុងការសម្របខ្លួន។

លោកសាស្រ្តាចារ្យ ជឿង ជីវ័ន្ត

ចំណែកទីពីរគឺបញ្ហាផ្នែកភាសា។ ទោះបីជានៅទីនោះ លោករៀនដោយភាសាអង់គ្លេសក្តី ក៏តម្រូវឱ្យលោកត្រូវចេះភាសាកូរ៉េគួរសមខ្លះៗដែរ សម្រាប់ទំនាក់ទំនងជាមួយមនុស្សទូទៅ។ ដោយហេតុថាលោកពុំសូវពូកែភាសាកូរ៉េ ដូច្នេះលោកមានផលលំបាកខ្លះៗដែរ ក្នុងការទំនាក់ទំនងជាមួយប្រជាជនកូរ៉េទូទៅ រួមមានការទិញម្ហូបអាហារ និងការប្រាស្រ័យទាក់ទងជាមួយប្រជាជនកូរ៉េទូទៅជាដើម។

បន្ថែមពីនេះទៀត វាលំបាកសម្រាប់លោកប្រហែលជា ២ខែដំបូង ព្រោះលោកត្រូវការពេលសម្រាប់សម្របខ្លួន។ លោកយល់ថា បើទោះបីជាការសិក្សានៅប្រទេសកម្ពុជាមានការល្អពិតមែន ប៉ុន្តែនៅមានកម្រិតខុសគ្នាច្រើន ដូច្នេះបានជាលោកជ្រើសរើសទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង។

លោកគិតថា និស្សិតខ្មែរយើងដែលទៅសិក្សានៅប្រទេសកូរ៉េភាគច្រើន អាចរៀនសម្របខ្លួនបានលឿន ហើយគ្រាន់តែពេលខ្លះក៏នឹកផ្ទះតិចតួចទៅតាមហ្នឹងដែរ។

បើនិយាយអំពីកម្លាំងជំរុញចិត្តលោកដើម្បីតស៊ូរៀនរហូតដល់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនេះវិញ ព្រោះលោកចូលចិត្ត ហើយជាក្តីស្រមៃ។ 

ម្យ៉ាងវិញទៀត លោកយល់ថាប្រទេសកម្ពុជាពុំសូវមានអ្នកចូលចិត្តរៀនបច្ចេកវិទ្យា ជាពិសេសជំនាញផ្នែកវិស្វកម្មអគ្គិសនីនេះទេ។ ដូច្នេះលោកក៏ជំរុញខ្លួនលោក និងតាំងចិត្តរៀនឱ្យបានខ្ពស់។ ហើយបច្ចុប្បន្នលោកក៏កំពុងបណ្តុះចិត្តក្មេងៗជំនាន់ក្រោយ ក៏ដូចជាសិស្សរបស់លោកឱ្យស្រលាញ់ជំនាញមួយនេះ និងរៀនឱ្យបានខ្ពស់ដល់ថ្នាក់ឧត្តម និងក្រោយឧត្តមផងដែរ។

លោកសាស្រ្តាចារ្យ ជឿង ជីវ័ន្ត
លោកសាស្រ្តាចារ្យ ជឿង ជីវ័ន្ត

លោកសាស្រ្តាចារ្យ ជឿង ជីវ័ន្តក៏បានផ្តល់ជាដំបូន្មានចំពោះការត្រៀមខ្លួន មិនត្រឹមតែទៅសិក្សានៅប្រទេសកូរ៉េនោះទេ ប៉ុន្តែដ៏ដូចជាទៅសិក្សានៅក្រៅប្រទេសដទៃទៀតផងដែរ ឱ្យនិស្សិតត្រូវត្រៀមខ្លួនពង្រឹកភាសាអង់គ្លេសឱ្យបានល្អ។

លោកលើកទឹកចិត្តដល់និស្សិតឱ្យត្រៀមខ្លួនប្រលងតេស្តអន្តរជាតិ IELTS ឬ TOEFL។

លោកបាននិយាយថា បើប្អូនៗជំនាន់ក្រោយមានបំណងចង់សិក្សានៅក្រៅប្រទេស ប្អូនៗត្រូវតែត្រៀមខ្លួន និងប្រលងតេស្ត IELTS ឱ្យបានយ៉ាងតិច ៦ពិន្ទុ ឬតេស្ត TOEFL iBT ឱ្យបានយ៉ាងតិច ៨០ពិន្ទុ។ ក្រៅពីនេះទៀត ពិន្ទុ GPA ក៏សំខាន់ដែរ។ 

លោកបាននិយាយថា ដើម្បីដឹងព័ត៌មានអាហាររូបករណ៍ និស្សិតអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតដើម្បីឆែកនៅតាមគេហទំព័រនានា ក៏ដូចជាតាមសាលា និងសួរមិត្តភក្កិជាដើម។ ជាក់ស្តែងលោកទទួលបានដំណឹងអាហាររូបករណ៍តាមរយៈខាងសាលាផ្ទាល់ ហើយលោកបានស្គាល់សាស្រ្តាចារ្យម្នាក់នៅសាលា ទើបគាត់បានជួយណែនាំលោកឱ្យស្គាល់សាស្រ្តាចារ្យម្នាក់ទៀតនៅកូរ៉េ ហើយលោកបានសុំអាហាររូបករណ៍ពីសាកលវិទ្យាល័យនៅកូរ៉េនោះ ដោយត្រូវរៀបចំសំណុំឯកសារពាក់ព័ន្ធដូចជា ពិន្ទុ GPA ពិន្ទុ IELTS ផែនការសិក្សា និងរបាយការណ៍ផ្ទាល់ខ្លួន (personal statement) ជាដើម។

លោកសាស្រ្តាចារ្យ ជឿង ជីវ័ន្ត

ជាចុងក្រោយ លោកសាស្រ្តាចារ្យ ជឿង ជីវ័ន្តបានលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយទាំងអស់ ឱ្យមានទឹកចិត្តស្រែកឃ្លានការសិក្សា ហើយខិតខំប្រឹងប្រែងរៀនសូត្រឱ្យចប់ថ្នាក់ឧត្តម ហើយជាពិសេសអាចក្រោយថ្នាក់ឧត្តមទៀត។ ហើយតាំងខ្លួនធ្វើជាទំពាំងស្នងឬស្សី សសរទ្រូងប្រទេសជាតិ និងចូលរួមក្នុងអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អានបន្ត៖

ចង់បានអាហាររូបករណ៍ ទៅសិក្សានៅក្រៅប្រទេសមែនទេ? តោះយល់ដឹងពីបទពិសោធន៍ និស្សិតដែលបានប្រឡងជាប់ ទាំងនេះជាមុនសិន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]