ចិន៖ ការងារផ្នែកលក់រមែងត្រូវមនុស្សភាគច្រើនចាត់ទុកថា ជាការងារដែលបានកម្រៃជើងសារច្រើន និងធ្វើការក្នុងពេលវេលាដែលអាចបត់បែនបាន។ ប៉ុន្តែពួកគេទាំងនោះមិនដឹងថា តើសម្ពាធការងារដែលបុគ្គលិកផ្នែកលក់ទទួលបានគឺច្រើនប៉ុណ្ណានោះទេក្នុងមួយថ្ងៃ។

ដោយថ្មីៗនេះ បុគ្គលិកផ្នែកលក់ម្នាក់មានវ័យប្រហែល២៥ឆ្នាំ បានយំបោកខ្លួននៅទីសាធារណៈ បន្ទាប់ពីផឹកជាមួយភ្ញៀវរួច។ គេត្រូវបានប្រទះឃើញកំពុងតែយំ និងក្អួតខ្លាំងនៅលើដី។ ដូច្នេះក៏មានមនុស្សនៅជិតនោះបានតេហៅប៉ូលិសដើម្បីជួយមើលគេ។

មិនយូរប៉ុន្មាន ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ ហើយបានជួយទាក់ទងទៅក្រុមគ្រួសាររបស់បុរសម្នាក់នេះ។

នៅពេលប៉ូលិសសួរនាំបុរសរូបនេះ ហេតុអ្វីក៏គេស្រវឹង ហើយយំខ្លាំងបែបនេះ។ រូបគេក៏បាននិយាយថា គេគ្មានជម្រើសទេ មានតែផឹកជាមួយភ្ញៀវ ព្រោះនេះគឺជាការងាររបស់គេទៅហើយ។ ក្រោយមកគេក៏ស្រាប់តែយំបន្ថែមទៀត និងរៀបរាប់ទុក្ខប្រាប់ប៉ូលិស។

ក្រោយមក ប៉ូលិសម្នាក់នេះក៏បានប្រាប់ក្រុមសារព័ត៌មានថា៖

«យុវជនរូបនេះ មិនមែនជាអ្នកស្រុកនៅទីនេះទេ។ គេមកណានជីងព្រោះតែប្រពន្ធរបស់គេ។ គេបានប្រាប់ខ្ញុំថា ក្រុមគ្រួសារគេមិនក្រទេ ប៉ុន្តែគេមិនដែលសុំប្រាក់គ្រួសារគេទេ។ ដោយសារតែគេជាបុគ្គលិកផ្នែកលក់ ដូច្នេះគេគ្មានជម្រើសអ្វី ក្រៅពីបង្ខំចិត្តទៅផឹកជាមួយភ្ញៀវដើម្បីតែពិភាក្សាការងារនោះទេ។»

គួរឱ្យសោកស្តាយដែលគេមិនអាចលក់បានសម្រេចកាលពីយប់នោះ បន្ទាប់ពីផឹកចប់ ហើយគេត្រូវរង់ចាំការឆ្លើយតបរបស់ភ្ញៀវនៅពេលក្រោយ ដែលពេលនោះបានធ្វើឱ្យគេបាក់ទឹកចិត្តជាខ្លាំង។ យើងអាចយល់បានថា រូបគេមិនចូលចិត្តផឹកស្រានោះទេ ប៉ុន្តែគេគ្មានជម្រើសនោះទេ ព្រោះតែនេះគឺជាផ្នែកមួយនៃការងាររបស់គេ។

១០នាទីក្រោយមក ប្រពន្ធគេក៏បានមកទទួលគេ ហើយក៏បានឱបគេភ្លាមៗ។ រូបគេបានសូមទោសប្រពន្ធគេ ខណៈពេលនាងបានប្រាប់ប្តីនាងថាអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ។ ពេលនោះពិតជាធ្វើឱ្យមនុស្សនៅទីនោះស្ទើរតែស្រក់ទឹកភ្នែកគ្រប់ៗគ្នាទៅហើយ។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនបាននិយាយថា ពួកគេអាចនឹងយល់ពីការឈឺចាប់របស់បុរសម្នាក់នេះ ដែលត្រូវចាកចេញពីស្រុកកំណើត ដើម្បីធ្វើការងារក្នុងទីក្រុង ហើយត្រូវរស់នៅជាមួយនឹងសម្ពាធការងារដើម្បីតែចិញ្ចឹមជីវិត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពបុរសម្នាក់នេះកំពុងតែអង្គុយយំ
រូបភាពបុរសម្នាក់នេះកំពុងតែអង្គុយយំ
រូបភាពបុរសម្នាក់នេះកំពុងតែអង្គុយយំនិងឱបប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]