រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សល់​តែ​១៥​ថ្ងៃ​ទៀត​នឹង​ចូល​រោងការ បែរជា​ឆ្លៀត​ឌុ​បស្រី​ស្នេហ៍​ដើរ​រលេ​ង​នៅ​កោះ​ពេជ្រ ហើយ​ត្រូវរថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិចិន បុកនៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​របងការដ្ឋាន​សំណង់​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ផ្ទៃមុខ សន្លប់​ស្តូកស្តឹងនៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​១០​ និង១៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែមេសា នៅ​ក្នុង​ម​ជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ចំណុច​ផ្លូវ​សួនច្បារ​កែង​នឹង​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ខណ្ឌ​ចំការមន ។

រថយន្ត​ដែល​បុក​នេះ​ម៉ាក Fortuner ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BA-៨៦៨៥ បើកបរ​និង​រួម​ដំណើរ​ដោយ​បុរស​ជនជាតិ​ចិន​៥​នាក់ ។ ចំណែក​ម៉ូតូ​ដែល​យុវជន​រង​គ្រោះ​ជិះ​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១GM-៨៦៧៧ ។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹងថា យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​វិ​ថី​កោះ​ពេជ្រ ពីខាងត្បូង​ទៅ​ខាងជើង​ក្នុង​ល្បឿន​លឿន ខណៈនោះ​​រថយន្ត​ខាងលើ​ ក៏​បើក​ចុះ​ស្ពាន​ឥន្ទធនូ តាម​វិ​ថី​សួនច្បារ មក​ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ។

លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បុក​គ្នា​ជាមួយនឹង​ម៉ូតូ​ត្រង់​ផ្លូវបំបែក​ជា​បួន បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​របង​ការដ្ឋាន​សំណង់​បោក​នារី​ជា​ស្រី​ស្នេហ៍​ផ្ទប់​របង​បែកក្បាល​ហូរ​ឈាមនិង​បាក់​ថ្គាម​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ។ ចំណែ​ក​យុវជន​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ រីឯ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ។ តាម​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​បង្ហើប​ឲ្យ​កោះសន្តិភាព​ដឹង​ថា យុវជន​រូប​នេះ​នៅ​សល់​តែ​១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ ពិតជា​ស៊យ​ធំ​មែន ។ ចំណែក​នារី​ដែល​រូបគេ​ឌុ​ប​ហើយ​រង​របួស​នោះជា​ស្រី​ស្នេហ៍​ហេងស៊យ ដោយ​មិនមែន​ជា​កូនក្រមុំ​គូ​អនាគត​ ដែល​ត្រូវ​ចូល​រោងការ​ជាមួយ​ទេ ។

បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ។ រីឯ​ម៉ូតូ​និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ ចំពោះ​ទ​ង្វើ​អ​នាគត​កូនកំលោះ​រូប​នេះ ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ ឆ្លៀត​បណ្តើរ​ស្រី​ស្នេហ៍​ទៅ​វិញ ។ មិនដឹង​ថា រយៈពេល​១៥​ថ្ងៃ​ការ​ព្យាបាល​របួស​នេះ​អាច​ជា​សះស្បើយ​ ឬ​យ៉ាងណា​នោះ​ទេ ដឹង​ជា​បាន​ចូល​រោងការ​ដែរ​ឬ​អត់ ៕ ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]