ភ្នំពេញ៖ ឆ្នាំ ២០១៩ នេះ គឺជាលើកដំបូងដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងយុវជនខ្នាតអន្តរជាតិស្ដីពីសមត្ថភាពធ្វើបទបង្ហាញជាសាធារណៈ និងការតស៊ូមតិដោយប្រើប្រាស់ភាសាអង់គ្លេស។

កម្មវិធី CamDEBATE គឺជាវេទិការអភិវឌ្ឍន៍វិជ្ជាជីវៈតាមរយៈការធ្វើបទបង្ហាញជាសាធារណៈ និងការស៊ូមតិដោយប្រើប្រាស់ភាសាអង់គ្លេស។ ដោយមានការគាំទ្រពីស្ថាប័ន IDP Education ដែលជាស្ថាប័នឈានមុខគេក្នុងការបណ្ដុះបណ្ដាល និងបញ្ជូនសិស្សនិសិត្សទៅសិក្សានៅក្រៅប្រទេស កម្មវិធី CamDEBATE ស្វះស្វែងលើកស្ទួយនូវវប្បធម៌សន្ទនា ចែករំលែកទស្សនៈវិស័យនានា រវាងយុវជនកម្ពុជាក្នុងនាមលើកកម្ពស់ និងពង្រឹងការយល់ដឹង ចំណងមិត្តភាព និងចំណេះដឹងផ្សេងៗ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានមានប្រសាសន៍ថា៖

«កម្មវិធីនេះផ្ដោតលើការខិតខំ និងការព្យាយាមយ៉ាងផ្ចិតផ្ចង់ទៅលើការចែករំលែកគំនិតល្អៗរវាងសិស្សានុសិស្ស និងអ្នកជំនាញវ័យក្មេងក្នុងសង្គម ហើយកម្មវិធីនេះក៏ខិតខំលើកកម្ពស់និងជម្រុញកិច្ចពិភាក្សាដោយចេះយោគយល់រវាងបុគ្គល និងបុគ្គល។ កម្មវិធីនេះក៏ជាវេទិការអភិវឌ្ឍជំនាញសំខាន់ៗដែលមានប្រយោជន៍ដល់ការសិក្សារបស់បេក្ខជន បូករួមទាំងការអភិវឌ្ឍផ្ទាល់ខ្លួន និងផ្នែកការងារផងដែរ»។

បេក្ខជននឹងទទួលបានឱកាសចូលរួមចែករំលែកទស្សនៈវិស័យក្នុងបរិយាកាស ដែលសម្បូរបែប ចាប់តាំងពីវគ្គប្រកួតសាកល្បងលើកទីមួយរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាមួយគ្នានេះដែរ បេក្ខជនក៏នឹងទទួលបានការយល់ដឹងដ៏ស៊ីជម្រៅស្ដីអំពីប្រធានបទនានាទាំងក្នុង និងក្រៅប្រទេសផងដែរ។

ខណៈដែលប្រទេសកម្ពុជាកំពុង និងបន្តអភិវឌ្ឍន៍ឥតឈប់ឈរជាមួយនឹងតួលេខនៃផលិតផលក្នុងស្រុកសរុបប្រមាណ ៧ ភាគរយ ជាងមួយទសវត្សរ៍មកនេះ តម្រូវការការអប់រំដែលមានគុណភាពក៏កើនឡើងដូចគ្នា។ ប្រជាជនប្រមាណ ៦៥ ភាគរយនៃចំនួនប្រជាជនសរុប គឺជាយុវជនដែលមានអាយុក្រោម ៣០ ឆ្នាំ ដែលនេះគឺជាតម្រូវការដ៏ខ្លាំងក្លាទៅលើការអប់រំ។ សមត្ថភាពបច្ចេកទេស ភាពឆ្នៃប្រឌិត ការគិតពិចារណា ការធ្វើបទបង្ហាញ និងការដោះស្រាយបញ្ហា គឺសុទ្ធសឹងជាជំនាញសំខាន់ៗដែលយុវជនកម្ពុជាកំពុងស្វែងរក ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ពួកគេនៅលើទីផ្សារការងារ។

មកទល់ពេលនេះ កម្មវិធី CamDEBATE មានដៃគូរសហការមកពីសាលា មហាវិទ្យាល័យ ក្រុមហ៊ុន និងស្ថាប័ននានាចំនួន ១៨ រួមមាន៖ សាលា ACE ស្ថាប័ន IELTS វិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យន័រតុន សកលវិទ្យាល័យបញ្ញាសាស្រ្ត សកលវិទ្យាល័យវេស្ទើន សកលវិទ្យាល័យប៊ែលធីអន្តរជាតិ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀនវ៉េស្ទឡាញន៍ សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សកលវិទ្យាល័យកម្ពុជា សកលវិទ្យាល័យអង្គរ សកលវិទ្យាល័យមានជ័យ សកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ រួមទាំងស្ថាប័នអប់រំរបស់ Cambridge ដូចជា Stafford House CATS College និង ONCAMPUS ជាដើម។

«IELTS គឺជាតេស្ដប្រឡងសមត្ថភាពភាសាអង់គ្លេសដែលសុក្រិត និងពេញនិយមជាងគេសម្រាប់ប្រើប្រាស់ក្នុងការសិក្សា ធ្វើការងារ និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ IELTS មានបេក្ខជនប្រឡងដល់ទៅជាង ៣ លាននាក់នាឆ្នាំមុន ខណៈដែលស្ថាប័នទូទាំងពិភពលោកជាង ១ ម៉ឺនកន្លែងទទួលស្គាល់គុណភាពនៃការប្រឡង។ ស្ថាប័ន IELTS កម្ពុជា មានមោទនភាពក្នុងការឧបត្ថម្ភ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងកម្មវិធី CamDEBATE ដើម្បីផ្ដល់ឥទ្ធិពលល្អទៅយុវជនកម្ពុជាយើង ដែលទស្សនវិស័យទាំងនេះគឺជាអ្វីដែលកម្មវិធី CamDEBATE និងស្ថាប័ន IELTS យល់ឃើញដូចគ្នា។»

នេះជាការលើកទ្បើងរបស់លោក Neil Wilford មកពីស្ថាប័ន IELTS ប្រចាំកម្ពុជា។

លោក យស ថានិន្ទ ដែលជាអ្នកគ្រប់គ្រងកម្មវិធី CamDEBATE ជឿជាក់ថាកម្មវិធីនេះនឹងជម្រុញយុវជនឲ្យមានឯករាជ្យភាពក្នុងការសិក្សាស្វែងយល់ និងការបញ្ចេញមតិ លើប្រធានបទដែលស៊ីជម្រៅ និងទូលំទូលាយ ហើយជំនាញទាំងអស់នេះនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍បុគ្គលនីមួយៗឲ្យកាន់តែប្រសើរឡើង។ ចំណុចទាំងនេះ គឺជាការបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតធនធានមនុស្ស ដែលពោរពេញទៅដោយសក្ដានុពល។ លោក ថានិន្ទ រំពឹងថានឹងមានបេក្ខជនប្រមាណ ៣០០ នាក់ទេ ដែលនឹងចូលរួមប្រកួតនាឆ្នាំ ២០១៩ នេះ។

នាយិកា Leigh McIntyre អនុប្រធានផ្នែកលក់សកលនៃ Stafford House នៃស្ថាប័នអប់រំ Cambridge បានឲ្យដឹងថា៖

«ស្ថាប័នអប់រំ Cambridge និងមិត្តរួមការងារនៅ Stafford House រងចាំស្វាគមន៍បេក្ខជនជ័យលាភីទាំង ១០ រូបរបស់កម្មវិធី CamDEBATE មកស្នាក់នៅចក្រភពអង់គ្លេស។ នាងខ្ញុំជឿជាក់ថាពួកគេនឹងទទួលបានបទពិសោធន៍មួយ ដែលសប្បាយរីករាយ សម្បូរបែប និងដិតជាប់ក្នុងការចងចាំរបស់ពួកគេក្នុងអំឡុងពេល ២ សប្តាហ៍នៅចក្រភពអង់គ្លេសនេះ»។
ដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសរយៈពេល ២ សប្តាហ៍

ការប្រកួតចាប់ផ្ដើមទទួលពាក្យពីគ្រប់សំណាក់បេក្ខជនទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយមិនរើសអើងជាតិសាសន៍នោះឡើយ។ បេក្ខជនត្រូវមានអាយុចាប់ពី ១៥ ដល់ ២៥ ឆ្នាំ។ ពួកគេនឹងត្រូវបែងចែកជា ២ ប្រភេទក្នុងការប្រកួត៖ ប្រភេទសិស្សវិទ្យាល័យ និងប្រភេទនិសិ្សត និងអ្នកជំនាញវ័យក្មេង។

បេក្ខជននឹងទទួលបានការហ្វឹកហាត់ និងចូលរួមបទបង្ហាញនានាដើម្បីឲ្យពួកគេត្រៀមខ្លួនកាន់តែស្ទាត់ជំនាញសម្រាប់ការប្រកួត។ បទបង្ហាញទាំងនោះនឹងត្រូវបានផ្ដល់ជូនដោយគ្រូបង្វឹកមកពីស្ថាប័នដៃគូររបស់ CamDEBATE ដែលក្នុងនោះក៏មានមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) ផងដែរ។

នាយកសាលា ACE លោក Ashley Irving ក៏បានថ្លែងផងដែរថា៖

«កម្មវិធី CamDEBATE នឹងផ្ដល់ឲ្យបុគ្គលដែលមានបំណងចង់ចូលរួមប្រកួតការស៊ូមតិ និងការធ្វើបទបង្ហាញសាធារណៈជាភាសាអង់គ្លេស នូវឱកាសក្នុងការបង្ហាញសមត្ថភាព និងបង្កើនភាពស្ទាត់ជំនាញរបស់ខ្លួន។ ខ្ញុំជឿថាបេក្ខជននឹងទទួលបានបទពិសោធន៍ល្អៗពីការប្រកួតនេះ បើទោះបីជាពួកគេមិនទទួលជ័យជំនះក៏ដោយ។ សាលា ACE មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយនេះនៅក្នុងប្រទេសកម្ពុជា»។
សិស្សានុសិស្សធ្វើដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស

បេក្ខជនអាចជ្រើសរើសចូលរួមប្រកួតក្នុងការស៊ូមតិ ឬការធ្វើបទបង្ហាញជាសាធារណៈតែមួយមុខក៏បាន ឬអាចចូលរួមប្រកួតទាំងពីរមុខតែម្ដងក៏បាន។ បេក្ខជនជ័យលាភីទាំង ១០ រូប នឹងទទួលបានមេដាយ ពានជ័យលាភី ព្រមទាំងដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសរយៈពេល ២ សប្តាហ៍ បូករួមនឹងរង្វាន់ផ្សេងៗជាច្រើនទៀត។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចបំពេញពាក្យចូលរួមប្រកួតឲ្យបានមុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ នេះ តាមរយៈ www.CamDEBATE.org

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]