រាជធានី​ភ្នំពេញ ៖ យុវជន​បួន​នាក់​ក្នុង​ចំណោម​បក្សពួក​៦​ទៅ​៧​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​អោយ​បោសសំអាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បន្ទាប់​ពី​វាយតប់​គ្នា​រត់​ចោល​ម៉ូតូ រួចរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ថា គេ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​វិញ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ក្លឹ​ប​កម្សាន្ត​ហ្ស៊ូ​ក ក្លឹ​ប តាម​បណ្ដោយ​ផ្លូវ​១០៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ទាំង​បួន​នាក់​ខាងលើ និង​បក្សពួក​៦​ទៅ​៧​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​ចេញ​មក​ពី​ក្នុង​ក្លឹ​ប​កម្សាន្ត​ខាងលើ ។

យុវជន​ទាំងនោះ​ប្រដាប់​ដោយ​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ​គ្នា​ជាមួយ និង​យុវជន​មួយ​ក្រុម​ផ្សេង​ទៀត ដែល​នៅ​កន្លែង​កើតហេតុ​ខាងលើ ប៉ុន្តែ​យុវជន​ទាំង​បួន​នាក់​រួម និង​បក្សពួក​វាយ​មិន​ឈ្នះ​ភាគី​ម្ខាង​ទៀត​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ជើង​ស​ព្រាត បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស័​រ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1GR-8941​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ភ្លាម​ៗ​នោះ​ក៏​មាន​សន្តិសុខ​យាម​នៅ​ក្លឹ​ប​កម្សាន្ត​ខាងលើ​បាន​ចេញ​មក​អន្តរាគមន៍ បណ្តាល​ឲ្យ​ក្រុម​យុវជន​ដែល​ជា​ភាគី​ម្ខាង​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​ផង​ដែរ ។ សន្តិសុខ​ក៏​បាន​ទៅ​យក​ម៉ូតូ​ខាងលើ​ដែល​យុវជន​ទាំង​បួន​នាក់ និង​បក្សពួក​បាន​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​យុវជន​ទាំង​បួន​នាក់​ខាងលើ និង​បក្សពួក​ក៏​បាន​នាំ​ជិះម៉ូតូ​ទៅ​ប្តឹង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ដែល​ប្រចាំការ​នៅ​គោលដៅ​ខាងលើ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ថា ខ្លួន​ត្រូវ​បាន​គេ​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​នោះ​ក៏​ប្រញាប់ប្រញាល់​រាយការណ៍​តាម​វិទ្យុទាក់ទង (ID) ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចុះ​មក​ធ្វើការ​នាំ​យុវជន​ទាំងនោះ​ទៅ​សាកសួរ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្ដង ។ ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​សន្តិសុខ​យាម​ក្លឹ​ប​កម្សាន្ត​ហ្ស៊ូ​ក ក្លឹ​ប បាន​ប្រាប់​ទៅ​កាន់​សមត្ថកិច្ច​វិញ​ថា​«​មិនមែន​ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ​នោះ​ទេ គឺជា​ករណី​ឈ្លោះ​ទាស់ទែង​គ្នា​ដោយ​ក្រុមយុវជន​ទាំងនោះ​បាន​ដេញ​វាយ​ទៅ​លើ​ក្រុម​យុវជន​ម្ខាង​ទៀត តែ​ដោយ​ក្រុម​យុវជន​ម្ខាង​ទៀត​មាន​គ្នា​ច្រើន ហើយ​វាយ​មិន​ឈ្នះ​យុវជន​ទាំង​បួន​នាក់ និង​បក្សពួក​ខាងលើ​ក៏​នាំ​គ្នា​រត់​ចោល​ម៉ូតូ​ម្តង​ទៅ​» ។

ក្រោយមក​សន្តិសុខ​ក៏​បាន​យក​ម៉ូតូ​របស់​យុវជន​ខាងលើ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​បន្ត​។ ក្រោយ​ពេល​កើតហេតុ​យុវជន​ទាំង​បួន​នាក់​ខាងលើ​ត្រូវ​បាន​សម្ថ​កិច្ច​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ចំណែកឯ​បក្សពួក​ផ្សេង​ទៀត​បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នាំ​ដឹង​រឿង ។ ដោយឡែក​ចំពោះ​យុវជន​ទាំង​បួន​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​អប់រំ​ពិន័យ អោយ​បោសសម្អាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ឲ្យ​ស្អាត​រង់ចាំ​ព្រឹកស្អែក​ទាក់ទង​ហៅ​អាណាព្យាបាល​ឲ្យ​មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]