ចិន៖ ជំនឿបោះកាក់ចូលទៅក្នុងយន្តហោះ ឬម៉ាស៊ីនយន្តហោះ របស់ប្រជាជនចិនមួយចំនួនតូច ដើម្បីបួងសួងសុំសេចក្តីសុខ និងសំណាងល្អក្នុងពេលហោះហើរ នៅតែជាប្រធានបទដ៏គួរឲ្យព្រួយបារម្ភ និងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានទូទៅ។

ព្រោះជាក់ស្តែង វាបង្កនូវហានិភ័យខ្លាំងបំផុត ចំពោះសុវត្ថិភាពអ្នកដំណើរ ឬអ្នកនៅលើយន្តហោះទាំងអស់។

ស្រ្តីវ័យចំណាស់ដែលបានទម្លាក់កាក់

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីវ័យចំណាស់ជនជាតិចិនម្នាក់ទៀតហើយ ដែលត្រូវបានចាប់ឃាត់ខ្លួន ក្រោយតាមទាន់សកម្មភាពលួចបោះកាក់ ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបួងសួងសុំសេចក្តីសុខ ពេលឡើងជិះរៀបចេញដំណើរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅឯអាកាសយានដ្ឋានមួយកន្លែង ក្នុងទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិន។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាព នៅក្នុងថ្ងៃកើតហេតុនោះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពស្រ្តីអបិយជំនឿ វ័យចំណាស់ខាងលើនេះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Chen អាយុ ៦១ បានបោះទម្លាក់កាក់ចូលទៅក្នុងយន្តហោះ នៅពេលដើរចូល។

យ៉ាងណាមិញ ក្រោយចាប់បានសកម្មភាពមួយនេះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរលេខ CZ8427 ក្នុងគោលដៅហោះហើរចេញពីខេត្ត Guangxi ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃនោះ ក៏ត្រូវបានពន្យាពេលចេញដំណើរអស់ ៧៨នាទី (ឬជាង១ម៉ោង)។

កាក់ដែលបានរកឃើញ

ក្រោយកើតហេតុ បុគ្គលិកបម្រើការលើយន្តហោះ បានស្វែងរកឃើញកាក់ចំនួន ៦កាក់ ដែលស្រ្តីវ័យចំណាស់ខាងលើនេះ បានបោះទម្លាក់ចូលម៉ាស៊ីនយន្តហោះ និងនៅកន្លៀតៗយន្តហោះ។

បន្ទាប់ពីធ្វើការចាប់ខ្លួន ស្រ្តីរូបនេះបានអះអាងថា ដោយសារតែនេះ គឺជាសេចក្តីជំនឿពេលឡើងជិះយន្តហោះ និងបានប្រាប់ថា នេះក៏ជាលើកទី១ផងដែរ ដែលរូបគាត់បានជិះយន្តហោះ។

ជុំវិញនឹងករណី ក៏ដូចជាសកម្មភាពបង្កគ្រោះថ្នាក់នេះ ស្រ្តីវ័យចំណាស់ Chen ខាងលើនេះ ក៏ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ សម្រេចដកគាត់ចេញមិនឲ្យហោះហើរ និងត្រូវបានប៉ូលិសធ្វើការឃុំខ្លួនរយៈពេល ៧ថ្ងៃ ដើម្បីជាការព្រមានផងដែរ។

ស្រ្តីវ័យចំណាស់ដែលបានទម្លាក់កាក់

គួរឲ្យដឹងផងដែរថា ក្រុមអាកាសចរណ៍ក៏បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យអ្នកដំណើរទាំងអស់ គួរណាស់ត្រូវតែបញ្ឈប់នូវរាល់សកម្មភាព បែបអបិយជំនឿទាំងអស់នេះ ព្រោះថាវាពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លាបំផុត ប្រសិនណាបើកាក់ទាំងនោះ ធ្លាក់ចូលនិងជាប់គាំងនៅក្នុងម៉ាស៊ីនយន្តហោះ ដែលអាចនឹងធ្វើឲ្យម៉ាស៊ីនញ័រ បាត់បង់ល្បឿន ពិសេសថែមទាំងអាចធ្លាក់យន្តហោះកណ្តាលអាកាសមកដីវិញតែម្តង។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]