អាមេរិក៖ ថ្មីៗនេះក្មេងស្រីអភ័ព្វអាយុ ១១ឆ្នាំម្នាក់ បានស្លាប់ដោយសារតែប្រតិកម្មជាមួយនឹងថ្នាំដុសធ្មេញម្យ៉ាង ដែលផ្សំចេញពីសារធាតុទឹកដោះគោ។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

មុនពេលកើតហេតុ ម្តាយក្មេងស្រីឈ្មោះ Monique Altamirano បាននាំកូនស្រីពៅឈ្មោះ Denise Saldate ទៅពេទ្យធ្មេញ ហើយគ្រូពេទ្យបានឱ្យថ្នាំដុសធ្មេញម្យ៉ាងឈ្មោះ MI Paste One ដើម្បីជួយឱ្យធ្មេញនាងរឹងមាំ។ 

ក្មេងស្រី Denise ដែលបានស្លាប់បាត់ទៅ

ក្រោយមកនៅពេលល្ងាច ក្មេងស្រី Denise ចាប់ផ្តើមប្រើប្រាស់ថ្នាំដុសធ្មេញនេះជាលើកដំបូង ហើយភ្លាមៗនោះ នាងមានអារម្មណ៍ថាដូចជាមិនសូវស្រួលខ្លួនយកតែម្តង។ បបូរមាត់នាងប្រែជាខៀវ ហើយនាងបានរត់ទៅរកម្តាយនាងយ៉ាងលឿន។ ពេលនោះអ្នកស្រី Monique ដឹងថា កូនស្រីគាត់ប្រាកដជាមានប្រតិកម្មជាមួយនឹងថ្នាំដុសធ្មេញនេះហើយ។

ដូច្នេះម្តាយនាងបានយកនាងដាក់លើគ្រែ ហើយគាត់ក៏រត់សំដៅទៅបន្ទប់ទទួលភ្ញៀវដើម្បីយកថ្នាំ EpiPen មកចាក់ឱ្យនាង។ ហើយគាត់បានប្រាប់កូនស្រីច្បងគាត់ឱ្យតេហៅឡានពេទ្យជាបន្ទាន់។

ខណៈពេលកំពុងតែរង់ចាំរថយន្តសង្រ្គោះ អ្នកស្រី Monique បានធ្វើចលនាបេះដូង ឬ CPR ឱ្យកូនស្រី Denise ដើម្បីឱ្យនាងងាយស្រួលដកដង្ហើម។ ក្រោយមករថយន្តសង្រ្គោះក៏បានមកដល់ ហើយបញ្ជូនក្មេងស្រីនេះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ ប៉ុន្តែជាអកុសលក្មេងស្រីរូបនេះបានស្លាប់បាត់ជីវិតបាត់ទៅហើយ។

អ្នកស្រី Monique បាននិយាយថា៖

«កូនស្រីពៅខ្ញុំគឺជាពន្លឺនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់។» 

ក្មេងស្រី Denise ដែលបានស្លាប់បាត់ទៅ

គូសបញ្ជាក់ផងដែរ មូលហេតុដែលក្មេងស្រីនេះស្លាប់ ព្រោះតែនាងមានប្រតិកម្មជាមួយនឹងសារធាតុទឹកដោះគោ។ ដូច្នេះនាងមិនអាចហូបទឹកដោះគោ ឬក៏ប្រើប្រាស់របស់អ្វីមួយដែលមានសារធាតុផ្សំពីទឹកដោះគោបាននោះទេ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកស្រី Monique តែងតែពិនិត្យមើលម៉ាកថ្នាំដុសធ្មេញរបស់កូនស្រីគាត់ ហើយគាត់មិនដែលឃើញថ្នាំដុសធ្មេញណាមួយ ដែលផ្សំចេញពីសារធាតុទឹកដោះនោះទេ។ ដូច្នេះ គាត់ក៏ជឿជាក់ថា គ្មានថ្នាំដុសធ្មេញណាផ្សំចេញពីសារធាតុទឹកដោះនោះទេ។ ហើយគាត់ក៏មិនបានពិនិត្យមើលថ្នាំដុសធេ្មញ ដែលទន្តពេទ្យបានឱ្យដែរ។ 

«ខ្ញុំមិនបានពិនិត្យមើលសារធាតុផ្សំចេញពីថ្នាំដុសធ្មេញនេះទេ។ ពេលនោះកូនស្រីខ្ញុំពិតជារំភើបចិត្តណាស់ ពេលនាងទទួលបានថ្នាំដុសធ្មេញពិសេសនេះ។» (សម្តីរបស់អ្នកស្រី Monique)

ថ្នាំដុសធ្មេញ MI Paste One

បន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើងហើយ អ្នកស្រី Monique បានផ្តាំដល់ក្រុមគ្រួសារដែលមានសមាជិកមានជំងឺប្រតិកម្មជាមួយនឹងចំណីអាហារ សូមប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវពិនិត្យរាល់សារធាតុផ្សំទាំងអស់ មុនពេលយកទៅប្រើប្រាស់ ឬទទួលទាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]