អាហ្រ្វិកខាងត្បូង៖ បុរសវ័យចំណាស់ជាភ្ញៀវទេសចរម្នាក់ ប៊ិះតែនឹងដាច់ដៃ ក្រោមថ្វីមាត់សត្វតោដ៏កំណាចមួយក្បាល ក្រោយក្លាហានហ៊ានលូកដៃចូលក្នុងទ្រុងរបស់វា (ឬរបងការពារ) ស្ទាបអង្អែលក្បាល ព្រោះតែស្រលាញ់ខ្លាំងពេក បង្កឲ្យមានការភ្ញាក់ផ្អើល និងរងរបួសធ្ងន់ធ្ងរ។

រូបភាពក្នុងថ្ងៃកើតហេតុ

បុរសវ័យចំណាស់រងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Piter Nortje មានអាយុ ៥៥ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុ កាលពីសប្តាហ៍កន្លងទៅនេះ រូបគាត់និងភរិយា Ilze បាននាំគ្នាធ្វើដំណើរទៅលេង នៅឯតំបន់កម្សាន្តមួយកន្លែង ដែលមានចិញ្ចឹមសត្វតោ (Tikwe River Lodge មានផ្ទះស្នាក់នៅផងដែរសម្រាប់អ្នកទេសចរ) ក្នុងគោលបំណងដើម្បីទៅអបអរខួបអាពាហ៍អាពាហ៍ ១០ឆ្នាំ របស់ពួកគាត់។

យ៉ាងណាមិញ នៅពេលដើរលេងកម្សាន្តមើលសត្វជាមួយនឹងភរិយា លោកតា Nortje ត្រូវបានគេរាយការណ៍ រូបគាត់បានលូកដៃ(ស្ដាំ)ចូលទៅក្នុងទ្រុងសត្វតោ ដែលត្រូវបានគេហាមឃាត់ ព្រោះតែរូបគាត់ចង់ផ្តល់ភាពកក់ក្តៅដល់វា ដោយការស្ទាបអង្អែលក្បាលថ្នមៗ និងពោរពេញដោយការស្រលាញ់។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតដោយលោកយាយ Ilze ក្នុងថ្ងៃកើតហេតុ ពីសកម្មភាពរបស់លោកតា Nortje នោះ ដំបូងឡើយនៅពេលដែលគាត់ស្ទាបអង្អែលតោឈ្មោលមួយក្បាល វាហាក់មិនមានបញ្ហាអ្វីនោះទេ។ ហើយគាត់ថែមទាំងបាននិយាយលេងសើចតិចៗថា «ប្រសិនបើឯងហ៊ានតែខាំយើង យើងនឹងខាំឯងវិញជាមិនខាន»

រូបភាពក្នុងថ្ងៃកើតហេតុ

ផ្ទុយទៅវិញ នៅពេលដែលតោឈ្មោលនោះ បានរើខ្លួនចេញពីគាត់ កូនតោញី(Lioness)សប្បុរ.សមួយក្បាលទៀត ក៏បានចូលមករកគាត់វិញម្តង។ ហើយអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះ វាក៏ស្រាប់តែស្ទុះខាំកំភួនដៃលោកតា Nortje ខាំអូសជាប់ទាំងកំរោលតែម្តង។

គេអាចឮសំឡេងលោកយាយ Ilze ជាប្រពន្ធបានស្រែកថា «វាខាំគាត់ហើយ! វាខាំគាត់ហើយ!»

ប៉ុន្តែជាសំណាងល្អ ដែលលោកតា Nortje បានព្យាយាមរើបម្រាស់ដកដៃគាត់ ចេញពីមាត់សត្វតោកំណាចនោះវិញបាន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រោយកើតហេតុ លោកតា Nortje ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Pelonomi Hospital ក្នុងទីក្រុង Bloemfontein ផងដែរ ទាំងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជុំវិញនឹងករណីនេះ អ្នកនាំពាក្យពីខាងកន្លែងកម្សាន្ត Tikwe River Lodge ក៏បានធ្វើការបដិសេធ ពុំទទួលខុសត្រូវនូវហេតុការណ៍ ដែលបានកើតឡើងចំពោះលោកតា Nortje នោះឡើយ។ ដោយពួកគេលើកហេតុផលថា នេះគឺជាភាពធ្វេសប្រហែសដោយខ្លួនឯង ព្រោះថាខាងពួកគេក៏បានប្រកាស និងដាក់ស្លាកសញ្ញាហាមឃាត់នៅគ្រប់ទីកន្លែងផងដែរ។

ទោះជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះទៀតសោត លោកតា Nortje និងភរិយារបស់គាត់ ក៏ពុំបានធ្វើការអត្ថាធិប្បាយឲ្យលម្អិតនោះឡើយ។ ហើយខណៈមកទល់ពេលនេះ គេក៏ជឿជាក់ថា ស្ថានភាពរបស់លោកតា Nortije ប្រាកដជាបានធូរស្បើយច្រើនជាងមុនផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

លោកតា Nortije និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]