ចិន៖ ដើម្បីមិនចំណាយពេលច្រើនទៅធ្វើការ បុរសម្នាក់រស់នៅក្នុងប្រទេសចិន បានបែកគំនិត ហែលទឹកឆ្លងទន្លេទៅធ្វើការជារៀងរាល់ថ្ងៃ ហើយបច្ចុប្បន្នលោកកំពុងតែល្បី និងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាជាច្រើន។

លោក Zhu Biwu

យោងតាមប្រភពព័ត៌មានចិនបានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ Zhu Biwu អាយុ ៥៣ឆ្នាំ។ ពីមុនលោកត្រូវចំណាយពេលវេលាជាង ១ម៉ោងដើម្បីទៅធ្វើការ ដោយជិះរថភ្លើងពីផ្ទះរបស់លោក ក្នុងស្រុក ហាន់យ៉ាង ក្រុងអ៊ូហាន ខេត្តហ៊ូប៉ី។

ប៉ុន្តែព្រោះតែចំណាយពេលវេលាក្នុងការធ្វើដំណើរច្រើនពេក ដូច្នេះលោកក៏បែកគំនិត ហែលទឹកទៅធ្វើការយកតែម្តង។ លោកហែលទឹកឆ្លងទន្លេយ៉ង់ហ្សេ ដែលមានចម្ងាយជាង ២.២គីឡូម៉ែត្រទៅធ្វើការ។ ដូច្នេះ លោកចំណេញបាន៣០នាទី និងចំណេញទាំងបានសុខភាពផងដែរ។ 

នៅក្នុងវីដេអូថតដោយក្រុមសារព័ត៌មានចិនច្បាស់ការណ៍មួយបានបង្ហាញថា លោក Zhu ដែលកំពុងតែធ្វើការងារជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង កំពុងតែរៀបចំផ្លាស់ប្តូរសំលៀកបំពាក់ប្រហែលជាម៉ោងជាង៧ព្រឹក ដើម្បីហែលទឹកទៅធ្វើការ។

លោកបានយករបស់របរទាំងអស់របស់លោក រួមទាំងសំលៀកបំពាក់ការងារ ស្បែកជើង និងរបស់ផ្សេងៗទៀតដាក់ចូលទៅក្នុងថង់ការពារទឹកម្យ៉ាង។

លោក Zhu Biwu
លោក Zhu Biwu

បន្ទាប់ពីរៀបចំរួចរាល់ហើយ លោកក៏ចាប់ផ្តើមហែលទឹកពីទន្លេយ៉ង់ហ្សេយកតែម្តង។

លោកបាននិយាយថា លោកបានហែលទឹកទៅធ្វើការបែបនេះតាំងពីឆ្នាំ២០០៨មកម្ល៉េះ ហើយការធ្វើបែបនេះពិតជាធ្វើឱ្យលោកមានសុខភាពល្អ រាងកាយស្រស់ស្អាត មាំងមួនថែមទៀត។

កាលពីមុនលោក Zhu ត្រូវបានគ្រូពេទ្យរកឃើញថា លោកមានជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងឆ្នាំ១៩៩៩។ ពេលនោះលោកមានទម្ងន់ជាង ១០០គីឡូក្រាម។ ដូច្នេះលោកក៏ស្វែងរកវិធីដើម្បីសម្រកទម្ងន់។ 

នៅក្នុងឆ្នាំ២០០៤ លោកចាប់ផ្តើមហែលទឹកទន្លេ ហើយបានហ្វឹកហាត់ខ្លួនតាំងពីពេលនោះមកជាហូហែ។ លោកមិនដែលទៅធ្វើការយឺតម៉ោងនោះទេ។

លោកបានប្រាប់ក្រុមសារព័ត៌មានថា៖

«ទម្ងន់ និងកម្រិតជាតិស្កររបស់ខ្ញុំបានត្រលប់ទៅជាធម្មតាវិញ ហើយសុខភាពរបស់ខ្ញុំស្រាប់តែល្អប្រសើរតាំងពីពេលនោះមក។»  

លោក Zhu Biwu

លោកបាននិយាយបន្ថែមទៀតថា៖

«អ្នកដែលចង់ធ្វើដូចខ្ញុំ ត្រូវតែឆ្លងកាត់ហ្វឹកហាត់ហែលទឹកឱ្យស្ទាត់ជំនាញជាមុនសិន។»

ក្រោយមករឿងនេះបានល្បីកក្រើកពេញបណ្តាញសង្គម Weibo។ មនុស្សម្នាជាច្រើនបានសរសើរលោកថា លោកពិតជាក្លាហានពិតមែន។ អ្នកខ្លះក៏បាននិយាយថា ការធ្វើបែបនេះចំណេញទាំងពេលវេលា ថវិកា និងសុខភាពថែមទៀត។ ប៉ុន្លែអ្នកខ្លះក៏បាននិយាយថា បើទោះបីមិនស្ទុះផ្លូវក៏ដោយ ប៉ុន្តែលោកអាចមានហានិភ័យក្នុងការលង់ទឹកស្លាប់ក៏ថាបានដែរ។

គូសបញ្ជាក់ផងដែរ លោក Zhu មិនមែនជាមនុស្សតែម្នាក់គត់ដែលបែកគំនិតឆ្លងទន្លេយ៉ង់ហ្សេដោយការហែលទឹកនោះទេ។ ជាក់ស្តែងក៏មានបុរសម្នាក់ជាបុគ្គលិកលក់ធានារ៉ាបរង បែកគំនិតឆ្លងទន្លេយ៉ង់ហ្សេ ដោយការចែវទូកទៅធ្វើការផងដែរ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោក Zhu Biwu
លោក Zhu Biwu
បុគ្គលិកលក់ធានារ៉ាបរងចែវទូកឆ្លងទន្លេយ៉ង់ហ្សេទៅធ្វើការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]