វៀតណាម៖ បន្ទាប់ពីផ្សារទំនើប Rimping Supermarket ក្នុងខេត្តឈៀងម៉ៃ (Chiangmai) ប្រទេសថៃ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជុំវិញនឹងគំនិច្នៃប្រឌិត យកស្លឹកចេកមករុំបន្លែស្រស់ៗ ជំនួសដោយការប្រើប្រាស់ថង់ប្លាស្ទិចនោះ ថ្មីៗនេះស្រាប់តែផ្សារទំនើបប៉ុន្មានកន្លែង នៅឯប្រទេសវៀតណាម ក៏បានបែកគំនិតចាប់ផ្តើមអនុវត្តន៍យុទ្ធសាស្រ្តថ្មីនេះ ដោយទទួលបានការសរសើរផងដែរ។

បន្លែរុំដោយស្លឹកចេក

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា បណ្ដាផ្សារទំនើបធំៗដូចជា Lotte Mart និង Saigon Co.op ក្នុងទីក្រុងហូជីមិញ បច្ចុប្បន្នកំពុងតែប្រើប្រាស់យុទ្ធសាស្រ្តថ្មីនេះ ពោលគឺ ការប្រើប្រាស់ស្លឹកចេកនៅក្នុងការវេចខ្ចប់ ឬរុំបន្លែស្រស់ៗ ដែលមានដូចជា ស្លឹកខ្ទឹម ជីរ ត្រកួន ពោតបារាំង -ល- ដើម្បីជួយរក្សាអនាម័យ បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច។

បន្លែរុំដោយស្លឹកចេក

ទន្ទឹមនឹងសន្ទុះនៅក្នុងការប្រើប្រាស់ស្លឹកចេកវេចខ្ចប់បន្លែស្រស់ៗនេះ ក្នុងនោះក៏មានបណ្តាដៃគូផ្សារទំនើប (Saigon Co.op) និងតូបម៉ាតជាច្រើនកន្លែងផ្សេងទៀត ដែលរួមមាន Co.op Xtra hypermarkets, Co.op Food stores, និង Co.op Smiles ក៏បាននឹងកំពុងតែអនុវត្តន៍នូវយុទ្ធសាស្រ្តថ្មីនេះ ជាបន្តបន្ទាប់ផងដែរ។

បន្លែរុំដោយស្លឹកចេក

ក្រៅពីនេះ ក៏នៅមានផ្សារទំនើបថៃដ៏ល្បីឈ្មោះ Big C Supermarket ដែលមានមូលដ្ឋាន (ឬសាខា) ក្នុងប្រទេសវៀតណាមនោះ ក៏បានប្រើប្រាស់ស្លឹកចេកវេចខ្ចប់នេះ ចាប់តាំងពីថ្ងៃទី៣ មេសា ឆ្នាំ២០១៩ មកផងដែរ។

អ្នកតំណាងផ្សារទំនើប (ឬក្រុមហ៊ុន) Lotte Mart ម្នាក់ បានឲ្យដឹងថា ខាងពួកគេក៏នឹងមានគម្រោងពង្រីកយុទ្ធសាស្រ្តនេះឲ្យកាន់តែច្រើននៅទូទាំងប្រទេសផងដែរ។

បន្លែរុំដោយស្លឹកចេក

គួរឲ្យដឹងផងដែរថា វៀតណាម ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយបោះចោលសំណល់ប្លាស្ទិចច្រើនជាងគេលំដាប់ទី៤ លើពិភពលោក (២,៥០០តោន ក្នុងមួយថ្ងៃ)។ ដូច្នេះជុំវិញនឹងការប្រើប្រាស់ស្លឹកចេកវេចខ្ចប់ ជំនួសប្លាស្ទិចនេះ វាក៏ត្រូវបានគេសង្ឃឹម និងរំពឹងថា នឹងចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិចបានច្រើនជាងមុនផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បន្លែរុំដោយស្លឹកចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]