កូនតូចទើបនឹងកើតតម្រូវឲ្យម៉ាក់ប៉ាថែទាំឲ្យបានដិតដល់ ម៉ឹមទឹកដោះឲ្យបានគ្រប់គ្រាន់ នោះទើបអាអូនមានសុខភាពល្អឆ្លាតវាងវៃ។ ខាងក្រោមនេះជាតិចនិកចិញ្ចឹមបេប៊ីអាយុក្រោម ៦ ខែ ដែលម៉ាក់ប៉ាថ្មីថ្មោងត្រូវដឹង និងកត់ចំណាំទុក។
១- ឲ្យកូនបៅទឹកដោះដំបូង
ទឹកដោះដំបូងមានពណ៌លឿងថ្លាខុសពីទឹកដោះធម្មតា មានបរិមាណតិចតួចក្នុងអំឡុង ២-៣ ថ្ងៃដំបូងក្រោយម៉ាក់ៗសម្រាលអាអូន។ ទឹកដោះដំបូងសំខាន់ចំពោះបេប៊ី វាសម្បូរជីវជាតិ A និងជាថ្នាំបង្ការដំបូងបង្អស់ដោយសារមានអង់ទីគ័រសម្រាប់ការពារទារកប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ ជួយឲ្យអង់ទីគ័រក្នុងខ្លួនកុមាររឹងមាំ អាចជួយបញ្ចុះលាមកព្រៃបានលឿន ជួយភ្នែក ការវិវត្តក្រពះពោះវៀនទារកឲ្យទុំជោ អាចកិនរំលាយអាហារបាន មិនមានប្រតិកម្មជាមួយអ្វីផ្សេងធ្វើឲ្យរាករូស។
២- បំបៅដោះកូនយ៉ាងតិច ៦ ខែ
ទឹកដោះម្តាយមានប្រយោជន៍ច្រើនណាស់ ដូច្នេះហើយទើបអង្គការសុខភាពពិភពលោក ណែនាំឲ្យម៉ាក់ៗបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ។ កូនម៉ឹមទឹកដោះម្តាយជួយបន្ថយហានិភ័យកើតជំងឺរលាកក្រពះពោះវៀន ការឆ្លងមេរោគទៅសួត និងការប្រឈមជំងឺផ្សេងៗ ឯសុខភាពក៏មាំមួន។
៣- កុំឲ្យកូនញ៉ាំទឹក
ចាប់ពីពេលកើតរហូតដល់អាយុ ៦ ខែ ម៉ាក់ៗឲ្យកូនញ៉ាំតែទឹកដោះមួយមុខគត់គ្រប់គ្រាន់ហើយមិនចាំបាច់បន្តក់ទឹកបន្ថែមនោះទេ ព្រោះទឹកដោះម៉ាក់មានជាតិទឹកដល់ទៅ ៨០%។
៤- ចាក់វ៉ាក់សាំង
ពេលកើតភ្លាម គ្រូពេទ្យនឹងចាក់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេង។ បន្ទាប់ត្រូវចាក់វ៉ាក់សាំងផ្សេងៗទៀតនៅពេលកូនអាយុបាន ១ ខែកន្លះ អាយុ ២ ខែកន្លះ និងអាយុ ៣ ខែកន្លះ។ ដូច្នេះយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមកាលកំណត់។
៥- ឧស្សាហ៍ប្តូរខោទឹកនោមកូន
កូនតូចនោមក៏ញឹក ជុះក៏ញឹក ដូច្នេះហើយម៉ាក់ៗត្រូវឧស្សាហ៍ប្តូរខោទឹកនោមកូន ព្រោះការផ្អាប់ទឹកនោមនៅក្នុងកន្ទបងាយឲ្យបេប៊ីកើតកន្ទួលរមាស់ ឬរលាកគូទ។
៦- ដឹងពីជំងឺសើស្បែក
ស្បែកកូនក្មេងខ្ចីខ្លាំងណាស់ ហើយការសម្របខ្លួននឹងបរិយាកាសខាងក្រៅផ្ទៃម្ដាយអាចបង្កបញ្ហាដល់ស្បែកជាច្រើនដូចជា ចំហាយក្តៅ ឬចែងថ្ងៃ អាចម៍ក្របីលើក្បាល ស្រែងទឹកដោះ កន្ទួលក្រហមៗលើស្បែក។ ត្បិតជំងឺស្បែកទាំងនេះឧស្សាហ៍លើក្មេងៗ និងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពបេប៊ី តែម៉ាក់ប៉ាមិនគួរធ្វេសប្រហែសនោះទេ ត្រូវសួរគ្រូពេទ្យពីប្រភេទក្រែមលាបការពារ ឬព្យាបាលកន្ទួលរមាស់។
៧- និយាយជាមួយកូនឲ្យបានច្រើន
ក្រៅពីការបីថ្នាក់ថ្នម មិនថាពេលបំបៅ ពេលប្រឡែងលេងជាមួយកូននោះទេ ម៉ាក់ៗត្រូវតែសំឡឹងមើលមុខកូន និយាយលេងជាមួយកូនឲ្យបានច្រើន។ ការធ្វើបែបនេះជួយឲ្យការវិវត្តន៍ផ្នែកបញ្ញាស្មារតីកូនបានកាន់តែលឿន កូនតូចងាយនឹងចំណាំមុខប៉ាម៉ាក់បាន មានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]