សម្រាប់​ម៉ាក់​ប៉ា​ឥឡូវ​នេះ មាន​ការ​យល់​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ច្រើន ហើយ​ក៏​នាំ​កូន​ស្រី​ៗទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ច្រើន​ជាង​​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាមនៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​ប្រាប់​មក «Helloគ្រូពេទ្យ»

ទន្ទឹម​នឹង​ការ​យល់​ដឹង​ពី​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​នេះ យើង​ក៏​គួរតែ​ដឹង​ពី​ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ផង​ដែរ ថា​តើ​មាន​ប៉ុន្មាន​ជម្រើស និង​មាន​ប្រសិទ្ធភាព​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ? 

លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ 

«នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​ពីរ​ប្រភេទ មួយ​របស់​អឺរ៉ុប និង​មួយ​ប្រភេទ​ទៀត​ជា​របស់​អាមេរិក»។

ចំពោះ​ប្រសិទ្ធភាព​​វ៉ាក់សាំង​របស់​អឺរ៉ុប និង​អាមេរិក មាន​លក្ខណៈ​ដូចគ្នា ខុស​គ្នា​ត្រង់​ថ្នាំ​អាមេរិក អាច​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​សិរមាន់ ហើយ​វ៉ាក់សាំង​ប្រភេទ​នេះ ប្រើ​សម្រាប់​ប្រទេស​ណា​ដែល​មាន​អត្រា​កើត​ជំងឺ​សិរមាន់​នៅ​លើ​ស្ត្រី​ខ្ពស់​តែ​ប៉ុណ្ណោះ ព្រោះ​ក្នុង​ថ្នាំ​អាច​ការពារ​ជំងឺ​មហារីក​ផង និង​សិរ​មាន់​ផង។ សម្រាប់​ប្រទេស​ណា​ដែល​គ្មាន​ជំងឺ​សិរមាន់​កម្រិត​ខ្ពស់​ទេ ភាគ​ច្រើន​ប្រើ​ថ្នាំ​របស់អឺរ៉ុប។

សម្រាប់​ប្រទេស​កម្ពុជា​វេជ្ជបណ្ឌិត​រូប​នេះបាន​ឲ្យ​ដឹង​ថា ប្រហែល​ជា ២០ ឆ្នាំ​មុន ស្រី​ៗ​​មាន​ជំងឺ​សិរមាន់​ច្រើន តែ​មក​ដល់​ឥឡូវ​លែង​សូវ​ឃើញ​ទៀត​ហើយ ដូចនេះ​ចាក់​ថ្នាំ​មួយ​ណា​ក៏​ល្អ​ដែរ។

ទាក់ទិន​នឹង​ទិន្នន័យ​អ្នក​ជំងឺ​មហារីក​ លោក​គ្រូពេទ្យ​ដដែល​បាន​ពន្យល់​ថា កម្ពុជា​មាន​អត្រា​អ្នក​កើត​មហារីក​ខ្ពស់​ដោយ​ក្នុង​ឆ្នាំ ២០១៧-២០១៨ មាន​ចំនួន ១៥.០០០ ករណី​ថ្មី​នៃ​ជំងឺ​មហារីក​ទាំងអស់ ក្នុងនោះ​មហារីក​មាត់​ស្បូន​មាន​ដល់​ទៅ ២.៥០០ ទៅ ៣.០០០ ករណី​ក្នុង​មួយឆ្នាំ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]