(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា រហូតមកដល់ពេលនេះ បាតុភូតអ៊ែលនីណូ (El Nino) នៅតែមានឥទ្ធិពល ហើយនឹងបន្ដគ្របដណ្ដប់លើប្រមាណពាក់កណ្ដាល នៃភពផែនដីទាំងមូល។

ក្រសួងបានអះអាងទៀតថា សម្រាប់តំបន់ និងប្រទេសកម្ពុជា ក៏នៅតែបន្តទទួលឥទ្ធិពលនេះដែរ ហើយកត្តានេះធ្វើឲ្យសីតុណ្ហភាពអតិបរមា នៅកម្ពុជា បន្តកើនឡើង នឹងអាចឈានទៅដល់៤០-៤១ អង្សាសេ ក្នុងសប្តាហ៍នេះ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្រាប់ការកើនឡើងកម្ដៅដោយសារឥទ្ធិពល បាតុភូតអ៊ែលនីណូនេះ សម្រាប់ប្រទេសកម្ពុជា នឹងថយកម្ដៅទៅវិញនៅអំឡុងសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០១៩។

ក្រសួងបានឲ្យដឹងទៀតថា «បើនិយាយអំពីកម្ដៅ នឹងក្ដៅរហូតដល់សប្ដាហ៍ទី៣ នៃខែឧសភា ទើបចាប់ផ្ដើមថយទៅវិញដោយសារ មានភ្លៀងធ្លាក់មក ប៉ុន្ដែទន្ទឹមនឹងការថយកម្ដៅនេះ បាតុភូតផ្គរ រន្ទះ គឺនៅតែបន្ដមានរហូតដល់ចុងខែមិថុនា ទើបធូរស្រាលទៅវិញ»។

ស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងញឹកញាប់ នឹងមានឥទ្ធិពលខ្លាំង ដូចនេះសូមអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតទាំងពីរនេះ។ ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ដែលអាចមានការប៉ះពាល់ ដោយសារការកើនឡើងនៃកម្ដៅ។

ក្រសួងបន្តថា ជាទម្លាប់ ក្រោយរដូវចូលឆ្នាំ បងប្អូនប្រជាកសិករតែងតែចាប់ផ្ដើមការដាំដុះស្រូវរដូវវស្សា ប៉ុន្តែ ដោយសារឆ្នាំនេះ កម្ពុជាទទួលឥទ្ធិពល El Nino ដូចនេះធ្វើឲ្យការមកដល់នៃរដូវវស្សា យឺតជាងធម្មតា ហើយការដាំដុះស្រូវវស្សាដើមរដូវ គួរចាប់ផ្ដើមនៅសប្ដាហ៍ទី៣ នៃខែឧសភា៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]