
ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករចំនួន ៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥។ នេះបើតាម សហព័ន្ធស្រូវអង្ករកម្ពុជា។
កម្ពុជា បាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៥ ក្នុងនោះ៖
-ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៩២លានដុល្លារ។
-ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០៥ ៦២១តោន គិតជាទឹកប្រាក់ចំនួន ៦២.១៣លានដុល្លារ។
-ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៧ប្រទេស បានបរិមាណចំនួន ៥៧ ១៧៩តោន គិតជាទឹកប្រាក់ចំនួន ៤០.១៤លានដុល្លារ។
និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន-ល- បានចំនួន ៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣លានដុល្លារ។
គួបញ្ជាក់ថា ចំពោះប្រភេទអង្ករ ដែលបាននាំចេញមានប្រភេទ អង្ករក្រអូបចំនួន ៧៧,៦៥%, ប្រភេទអង្ករសគ្រាប់វែង ១៥,៦១%, អង្ករចំហ៊ុយ ៣,២៧%, អង្ករសរីរាង្គចំនួន ២,៦១% និងអង្ករផ្សេងៗចំនួន ០,៨៦%។
កម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)