
ភ្នំពេញ៖ លោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី នាជំនួបជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នឹងប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកម្ពុជា-ចិនតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងការហោះហើរត្រង់។
បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មានប្រតិភូចម្រុះដែលជាវិនិយោគិនលើវិស័យទេសចរណ៍ និងសំណង់ធំៗ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធ។
ប្រតិភូចម្រុះ បានស្នើសុំកិច្ចសហការគាំទ្រលើគម្រោងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា។
លោក ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា-ចិន ដែលឈានដល់ការបណ្តាក់ទុនរួមគ្នារៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ។
លោក បានបន្តថា ការឈានដល់ការបណ្តាក់ទុនរួមគ្នានេះ នឹងជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង ៣០លាននាក់ និងប្រទេសកម្ពុជា ដោយការភ្ជាប់នូវបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និងរបស់ខេត្តសានស៊ី វប្បធម៌ ប្រពៃណីដ៏ចំណាស់ និងទាក់ទាញ ទេសភាពដ៏ស្រស់ត្រកាលរួមបញ្ជូលគ្នា ដែលជាចំណុចពិសេស និងទាក់ទាញភ្ញៀវទេសចរជាវកញ្ចប់ទស្សនកិច្ចថ្មីមួយនេះ។
បើតាមជំនួបជំនួបនេះ បានឱ្យដឹងថា ការតភ្ជាប់ជើះហោះហើរត្រង់រវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងទីក្រុងធំៗ នានារបស់ខេត្តសានស៊ី ក៏ត្រូវលើកមកពិភាក្សាដើម្បីជំរុញឱ្យចាប់ផ្តើមឆាប់ៗខាងមុខនេះ រួមទាំងការរៀបចំ FamTrip ដឹកនាំវិនិយោគិនខេត្តសានស៊ីមកប្រទេសកម្ពុជា ដើម្បីពិនិត្យកាលានុវត្តវិនិយោគក្នុងប្រទេសកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)