អគ្គមេបញ្ជាការកងទ័ពប្រទេសម៉ាឡេស៊ីបានដឹកនាំក្រុមចុះឃ្លាំមើលការអនុវត្តកិច្ចឈប់បាញ់គ្នានៅតាមព្រំដែន កម្ពុជា-ថៃ ហើយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន អំពីបច្ចុប្បន្នភាពនៃការវិវត្តបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះបានអោយដឹងថា ដើម្បីធានាដល់ការអនុវត្តពេញលេញនិងមុតមាំមានការឯកភាពគ្នាបង្កើតនូវយន្តការត្រួតពិនិត្យមួយឡើងក្នុងនោះក្រុមអង្កេតការណ៍ត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់គ្នា។

ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពប្រទេសម៉ាឡេស៊ីបានបង្កើតក្រុមអង្កេតការណ៍ចំនួនពីរដែលមានមួយក្រុម ជាអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ជាប្រធាន និងមួយក្រុមទៀតជាអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍ នៅថ្ងៃទី៣០ ខែកក្កដានេះ។
ការចេញសង្កេតការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន បានបញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានមកដល់កម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
គណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនេះក៏បាន ចុះទៅពិនិត្យមើលតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ដោយបាន ធ្វើការជាមួយនឹងអគ្គមេបញ្ជាការយោធពលភូមិភាគទី១ និងទី២ របស់ភាគីថៃ និងអគ្គមេបញ្ជាការយោធពលខេមរភូមិន្ទភូមិភាគទី៤ និងទី៥ របស់ភាគីកម្ពុជា
បន្ទាប់ពីគណៈប្រតិភូនេះបានជួបពិភាក្សាការងារជាមុនជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជារួចមក។

ការចេញសង្កេតការណ៍នេះ គាប់ជួនក្រុមអ្នកនាំពាក្យរបស់កម្ពុជាបានប្រកាសបដិសេធចំពោះការលើកឡើងរបស់កងទ័ពភាគីថៃ ដែលចោទប្រកាន់ដោយគ្មានភស្តុតាងថា កងទ័ពកម្ពុជានៅបន្តផ្ទុះអាវុធនោះ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសំដែងនូវការជឿជាក់និងសុទិដ្ឋនិយមយ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដរយៈពេលវែង តាមរយៈកិច្ចប្រឹងប្រែងដោយស្មោះត្រង់ តម្លាភាពនិងជឿទុកចិត្តគ្នាទៅវិញទៅមក៕
