ក្រុមហ៊ុន Wuxi Guolian ចិនអាយុកាលជាង១០០ឆ្នាំ បង្ហាញឆន្ទៈអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

//s9.kh1.co/49/490fd1e8a5b16ade862fa34dd4285fb4110119da.png
Khmerhome

 ២៧-មិថុនា-២០២៥ ៣ល្ងាច · ៥ ម៉ោងមុន

ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន។

https://s9.kh1.co/__image/w=650,h=342,q=100/49/490fd1e8a5b16ade862fa34dd4285fb4110119da.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន។

តាមការបង្ហាញឆន្ទៈនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

លោក ហ័រ សៀវហ្វុង បានគូសបញ្ជាក់ថា សង្ឃឹមថាតាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ីក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោក អរគុណអគ្គលេខាធិការដែលតែងតែគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ និងបានផ្តល់នូវអនុសាសន៍ល្អៗពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចនៅកម្ពុជា។

អគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

បន្ថែមពីនេះ លោក ជា វុទ្ធី បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។  

បើតាម អនុប្រធានក្រុមហ៊ុន បានលើកឡើងពីសាវតាររបស់ក្រុមហ៊ុន Wuxi Guolian ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ, ផ្សារមូលបត្រ, កម្មន្តសាល, ថាមពលបៃតង និងថាមពលកកើតឡើងវិញ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ។

នា​ឱកាសនោះ អគ្គលេខាធិការ ក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។

អគ្គលេខាធិការ បានបង្ហាញនូវសុទិដ្ឋិនិយម ហើយសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Wuxi Guolian នឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ហើយការណ៍នេះជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីវិនិយោគរវាងទីក្រុងអ៊ូស៊ី និងកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T