«ដល់ដីខ្ញុំវិញហើយ!» សម្រែកពលរដ្ឋខ្មែរវិលត្រឡប់ចូលកម្ពុជាវិញ

//s9.kh1.co/82/82eb6b07e8b4849a53e4bc4e6aa126e7b3134883.jpeg
សង្គម

 ២៥-មិថុនា-២០២៥ ១២ល្ងាច · ៤ ម៉ោងមុន

«ដល់ដីខ្ញុំវិញហើយ!» សម្រែកពលរដ្ឋខ្មែរវិលត្រឡប់ចូលកម្ពុជាវិញ

ពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលជាអាជីវករ និងពលករធ្វើការនៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រុកវិលត្រឡប់ចូលមកកាន់ទឹកដីកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាកចេញនេះ កើតឡើងដោយសារភាពតានតឹងរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាជម្លោះព្រំដែន ដែលបានបង្កឡើងដោយទាហានថៃដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសជិតខាងមួយនេះ។

ដើម្បីធានាបាននូវដំណើរការវិលត្រឡប់ប្រកបដោយរលូន និងសុវត្ថិភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ត្រី បានសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ក្រុមការងារចម្រុះនេះ បានរៀបចំ និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកវិញ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងទាំងទឹកមុខញញឹមរាក់ទាក់ថា«យើងខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ដែលបានវិលត្រឡប់មកដល់ទឹកដីកំណើតវិញ។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ចាប់ពីពេលចុះពីឡាន រហូតដល់ការរៀបចំមធ្យោបាយដឹកជញ្ជូនបន្តទៅកាន់ភូមិកំណើតរបស់ពួកគាត់រៀងៗខ្លួន»។

ឯកឧត្តមបានបន្តទៀតថា «យើងបានរៀបចំទីតាំងសម្រាប់សម្រាកបណ្ដោះអាសន្ន ទឹកបរិសុទ្ធ អាហារ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពបឋមជូនពួកគាត់។ អ្វីដែលសំខាន់បំផុតនោះ គឺយើងចង់ឱ្យបងប្អូនមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព នៅពេលដែលបងប្អូនបានមកដល់ផ្ទះរបស់យើងវិញ»។

បរិយាកាសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាល្ងាចថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥នេះពោរពេញទៅដោយអារម្មណ៍ចម្រុះ។ ទឹកមុខស្រពាប់ស្រពោន បង្ហាញពីភាពនឿយហត់អស់សង្ឃឹម លាយឡំជាមួយស្នាមញញឹមនៃក្តីសង្ឃឹម និងការធូរស្បើយ ដែលបានវិលត្រឡប់មកដល់មាតុភូមិវិញ។

អ្នកស្រី សុខា អាយុ ៤០ ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ប្រទេសថៃ បានបង្ហូរទឹកភ្នែកដោយក្ដីរំភើប ខណៈពេលដែលគាត់បានបោះជំហានចូលមកទឹកដីកម្ពុជា។ អ្នកស្រីបានស្រែកទាំងអួលដើម.កថា៖ «ដល់ដីខ្ញុំវិញហើយ! អរគុណព្រះ អរគុណប្រទេសខ្ញុំ!» អ្នកស្រី សុខា បានរៀបរាប់ទាំងញ័រមាត់ថា«ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ពីស្ថានភាពនៅទីនោះ។ ពេលលឺថាមានបញ្ហាព្រំដែន ខ្ញុំសម្រេចចិត្តមកវិញភ្លាម ព្រោះខ្លាចមានរឿងអ្វីកើតឡើង។ ខ្ញុំបារម្ភពីសុវត្ថិភាពកូនៗ និងប្តីខ្ញុំ។ ឥឡូវមកដល់ដីខ្មែរវិញហើយ ខ្ញុំមានអារម្មណ៍ធូរស្រាលខ្លាំងណាស់»។

ចំណែកឯលោក វណ្ណៈ អាយុ ២៥ ឆ្នាំ ជាពលករសំណង់ បានថ្លែងទាំងស្នាមញញឹមស្រស់ស្រាយថា «ខ្ញុំមិនចង់មកទេ តែចាំបាច់។ ពេលដែលខ្ញុំឆ្លងមកដល់ត្រើយម្ខាង ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាព ហើយសប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញបងប្អូនខ្មែរយើងនៅទីនេះចាំទទួល»។ លោកបានបន្តថា «អាជ្ញាធរបានជួយសម្រួលច្រើនណាស់ ទាំងការចុះឈ្មោះ ទាំងការរៀបចំរថយន្តជូនទៅផ្ទះ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់»។

ការវិលត្រឡប់របស់ពលរដ្ឋខ្មែរទាំងនេះ មិនមែនគ្រាន់តែជាការចាកចេញពីភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីសេចក្តីស្រឡាញ់ និងការជឿជាក់យ៉ាងមុតមាំរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះមាតុភូមិរបស់ខ្លួន។ នេះគឺជាពេលវេលាមួយ ដែលបង្ហាញពីសាមគ្គីភាព និងការរួបរួមគ្នារវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីជំនះរាល់ឧបសគ្គទាំងអស់។

សូមបញ្ជាក់ថា នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតអាជ្ញាធរកម្ពុជា-ថៃ បានសម្រេចឲ្យពលរដ្ឋនៃប្រទេសទាំងពីរ ត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញអស់ ត្រឹមម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ពិសេសប្រជាពលរដ្ឋខ្មែរដែលប្រកបអាជីវកម្មនៅផ្សាររ៉ុងកឿ និងអ្នកធ្វើការនៅក្នុងប្រទេសថៃ។ ដោយឡែក សម្រាប់ជនជាតិថៃ ដែលធ្វើការនៅកម្ពុជា ជាពិសេសនៅប៉ោយប៉ែត ក៏ត្រូវវិលត្រឡប់ចូលប្រទេសខ្លួនវិញដូចគ្នា។

នៅម៉ោងដូចគ្នានេះ សម្រាប់រថយន្ដ នៃប្រទេសទាំងពីរ ក៏ត្រូវបើកត្រឡប់ទៅប្រទេសរៀងៗខ្លួនផងដែរ តែមិនអនុញ្ញាតឲ្យមានដឹកទំនិញអ្វីទាំងអស់។

ដោយឡែកសម្រាប់ច្រកទ្វារតំបន់ដែលមាននៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គឺភាគីកម្ពុជា-ថៃ ឯកភាពគ្នាទុកពេលត្រឹមម៉ោង១ប៉ុណ្ណោះ ពោលនៅម៉ោង៥ ដល់ម៉ោង៦ល្ងាចថ្ងៃនេះ ពលរដ្ឋត្រូវវិលត្រឡប់ ចូលប្រទេសរៀងៗខ្លួនវិញ ហើយបញ្ឈប់ឲ្យមានការចេញចូលឆ្លងកាត់បន្ដទៀត។

សូមជម្រាបថា ដូចអ្វីដែលបានប្រកាសក្រោយសម្រេចចិត្តដោយឯកតោភាគី ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា។ ការសម្រេចចិត្តបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ ពិសេសទាំងជនជាតិថៃខ្លួនឯងដែលត្រូវចេញចូលមកប្រកបរបរ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ឈុនសារ៉ាត AKP

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/c4/c409f63863894b1ed5da6bb95208cfff99ea0da5.png

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

 ២៤-មិថុនា-២០២៥ 
 ១០ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T