
អន្តជាតិ៖ ក្រុមហ៊ុន Ford Motor Company បានប្រមូលរថយន្ត Mustang Mach-Es ជាង 197,000គ្រឿងមកវិញ ដោយសារបញ្ហាដែលអាចធ្វើអោយអ្នកដំណើរជាប់ក្នុងរថយន្ត។
គ្រោះថ្នាក់ដែលប៉ះពាល់ដល់ឆ្នាំគំរូ 2021-2025 គឺមានគ្រោះថ្នាក់ជាពិសេសសម្រាប់កុមារ ដែលអាចជាប់គាំងនៅកៅអីខាងក្រោយកំឡុងពេលកំដៅខ្លាំង។ នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ។
បញ្ហានេះ ប៉ះពាល់ដល់សោទ្វារខាងក្នុងរថយន្តអគ្គិសនី ប្រសិនបើថ្មរបស់រថយន្តមានកម្រិតទាបពេក សោទ្វារអេឡិចត្រូនិចអាចនៅតែចាក់សោបាន នៅពេលដែលអ្នកបើកបរ ឬអ្នកដំណើរខាងមុខចេញពីរថយន្ត ហើយបិទទ្វារ។
អ្នកដំណើរនៅកៅអីខាងក្រោយ រួមទាំងកុមារអាចជាប់នៅខាងក្នុង ប្រសិនបើពួកគេមិនអាចដោះសោទ្វារដោយដៃដោយប្រើចំណុចទាញទ្វារខាងក្នុង។
ក្រុមហ៊ុនរថយន្តយក្ស បានព្រមានថា ការមិនអាចចូល ឬចេញពីរថយន្តក្នុងគ្រាអាសន្នបង្កើនហានិភ័យនៃការរងរបួស។
ជាលទ្ធផល ក្រុមហ៊ុន Ford បានប្រមូលរថយន្ត Mach-E សរុបចំនួន 197,432គ្រឿង នៅសហរដ្ឋអាមេរិក និង 120,000 នៅក្នុងទីផ្សារអន្តរជាតិ។
រហូតមកដល់ពេលនេះ មិនមានការរងរបួសណាមួយត្រូវបានគេរាយការណ៍ទេ ហើយការអាប់ដេតកម្មវិធីនឹងដោះស្រាយបញ្ហានេះ អ្នកនាំពាក្យបានប្រាប់ CBS News។
ក្រុមហ៊ុន Ford បានផ្ញើលិខិតទៅកាន់អ្នកបើកបរដែលរងផលប៉ះពាល់នៅថ្ងៃទី២៣ ខែមិថុនា ហើយនឹងផ្ញើលិខិតជុំទីពីរនៅពេលដែលការអាប់ដេតកម្មវិធីអាចប្រើបាន។
អ្នកបើកបរនឹងត្រូវទៅជួបអ្នកបច្ចេកទេសដើម្បីធ្វើបច្ចុប្បន្នភាពម៉ូឌុលត្រួតពិនិត្យថាមពលអគ្គិសនីរបស់ពួកគេ និងកម្មវិធីត្រួតពិនិត្យការវិភាគលើបន្ទះទីពីរ ម៉ូឌុល C ដោយមិនគិតថ្លៃ។
ការប្រមូល Mach-E ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានប្រមូលរថយន្ត Ford និង Lincolns ជាង 1លានគ្រឿង ក្នុងខែឧសភា ដោយសារការព្រួយបារម្ភអំពីកាមេរ៉ាមើលក្រោយរបស់ពួកគេ។ ក្រុមហ៊ុន Ford ក៏បានប្រមូលមកវិញនូវរថយន្ត Expedition និង Lincoln-branded Navigator SUVs បន្ថែមទៀតចំនួន 274,000គ្រឿងនៅទូទាំងសហរដ្ឋអាមេរិក ដោយសារ បញ្ហាហ្វ្រាំងដែលបង្កើនហានិភ័យនៃការធ្លាក់៕
ប្រភព៖ The Hill
ប្រែសម្រួលដោយ៖ MD-Angkor