
ជប៉ុន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជា។ លោក បានគូសបញ្ជាក់ថា ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ ។ល។
តាមការ ជំរុញលើកទឹកចិត្តវិនិយោគិនជប៉ុន លោក ស៊ុន ចាន់ថុល អមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដោយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន ក្នុងកម្មវិធីផ្គូផ្គងវិនិយោគជាមួយសមាគមឧកញ៉ាកម្ពុជា។

បើតាមជំនួបនេះ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) លោក បានលើកឡើងអំពីកាលានុវត្តន៍ភាពក្នុងវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ដែលកំពុងរង់ចាំវិនិយោគិនពីគ្រប់ទិសទី ជាពិសេសវិនិយោគិនជប៉ុន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ក៏ដូចជាមានប្រសិទ្ធភាពសម្រាប់លើកកម្ពស់ផលិតភាពក្នុងខ្សែច្រវាក់ផលិត ដោយធ្វើអានុភាវូបនីយកម្មគោលនយោបាយនានាពាក់ព័ន្ធនឹងវិនិយោគប្រកបដោយភាពអនុគ្រោះសម្រាប់ជំរុញការវិនិយោគឱ្យកាន់តែមានប្រសិទ្ធផលសេដ្ឋកិច្ចខ្ពស់។
ការតភ្ជាប់សមត្ថភាពផលិតក្នុងតំបន់ក៏ជាលទ្ធភាពចម្បង អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ ។ល។

នាឱកាសនោះ លោក លើកឡើងថា លើសពីលទ្ធភាពនៃការតភ្ជាប់សមត្ថភាពផលិតនេះ វិនិយោគិនក៏អាចសម្លឹងមើលទីតាំងជាយុទ្ធសាស្ត្រដែលកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំលើមូលដ្ឋានសំខាន់ទាំងបីគឺ៖
ទី១-ការតាំងទីនៅត្រង់ចំណុចកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានការអភិវឌ្ឍប្រកបដោយថាមវ័ន្ត។
ទី២-ទីតាំងអំណោយផលក្នុងអភិក្រមអបធុរកិច្ចដែលរាជរដ្ឋាភិបាលបានកំណត់យកជាអភិក្រមធ្វើការរួមគ្នាជាមួយផ្នែកឯកជន សំដៅជំរុញក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដើម្បីវិបុលភាពរួម ព្រមទាំងគោលនយោបាយវិនិយោគផ្តោតលើអភិក្រមផ្តល់កិច្ចសម្រួលវិនិយោគកាន់តែងាយស្រួល សាមញ្ញ ឆាប់រហ័ស។
និងទី៣-ការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃនិងមានភាពប្រកួតប្រជែងជាមួយនឹងឧត្តមភាពប្រៀបធៀបខ្ពស់នៅក្នុងតំបន់ ហើយថែមទាំងផ្តល់នូវសេវាថែទាំគាំទ្រវិនិយោគដ៏កក់ក្តៅជូនដល់វិនិយោគិនថែមទៀតផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)