អាជ្ញាធរជាតិព្រះវិហារចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

//s9.kh1.co/9e/9ebeee7cc910c8b638e19a81c2a8ab8be8564d55.jpg
សង្គម

 ០៦-ឧសភា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

អាជ្ញាធរជាតិព្រះវិហារចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

អាជ្ញាធរជាតិព្រះវិហារចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទ​ក្រហមក្នុងរមណីយដ្ឋានបេតិកភណ្ឌ​ពិភព​លោក​ប្រាសាទកោះកេរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ​ថា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំបើក​ការដ្ឋានអភិរក្ស និងជួសជុលប្រាសាទក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។ គម្រោងនេះមានរយៈពេល៣ឆ្នាំ(២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួស​ជុលដូចជា សម្អាតដីចាក់បង្គរ ជួសជុល​រចនាសម្ព័ន្ធប្រាសាទទាំងមូលដោយគោរពតាមបទដ្ឋានអន្តរជាតិ និងថែរក្សាគំនូរ​ពណ៌នៅផ្នែកខាងក្នុង និងបាយអនៅលើផ្ទៃជញ្ជាំងខាងក្រៅ ដើម្បីរក្សាតម្លៃ​ប្រវត្តិសាស្ត្រ និងភាពដើមរបស់​សំណង់​ប្រាសាទនេះ ទុកសម្រាប់អ្នកជំនាញ​ក្រោយ។

គួរបញ្ជាក់ដែរថា ប្រាសាទក្រហមមានបាតប្រវែង១២ម៉ែត្របួនជ្រុង និងកម្ពស់​១៧ម៉ែត្រ ជាប្រាសាទឥដ្ឋធំជាង​គេក្នុង​រមណីយដ្ឋានបេតិកភណ្ឌ​ពិភពលោក​ប្រាសាទកោះកេរ។ ប្រាសាទនេះតម្កល់បដិមាព្រះឥសូររាំសង់អំពីថ្មភក់ កម្ពស់​ប្រហែល៦ម៉ែត្រតម្កល់លើបល្ល័ង្ក មានលម្អរូបពស់ព័ទ្ធជុំវិញ រួមទាំងសត្វតោ​ឈរចំនួន៨នៅតាមជ្រុងនីមួយៗ។

ដោយឡែកនៅជុំវិញបល្ល័ង្កក៏មានបដិមាចំនួន៤ផ្សេងទៀតដូចជា បដិមាព្រះនាង​ឧម៉ារាំ នាងចាមុនដា មហាកាល និង​នន្ទិកេស្វរ។ បច្ចុប្បន្ន ប្រាសាទនេះបាន​រងការខូចខាតដោយសារការទុកចោលជាយូរឆ្នាំ កត្តាធម្មជាតិ និងកត្តាមនុស្ស តាមរយៈការការបំផ្ទុះគ្រាប់ និងជីកកាយដើម្បីលួចវត្ថុបុរណ ធ្វើឱ្យរចនាសម្ព័ន្ធ​ប្រាសាទពុំមានលំនឹង មានស្នាមប្រេះ​បែក​នៅលើផ្ទៃជញ្ជាំង ឥដ្ឋដាច់សសៃរ ពុកផុយ ជម្រាបទឹកភ្លៀង និងមានដុះរុក្ខជាតិនៅលើប្រាង្គ។

អាជ្ញាធរជាតិព្រះវិហារក៏បានថ្លែងអំណរដល់ ALIPH នៃប្រទេសស្វីស​ចំពោះការគាំទ្រផ្នែកថវិកាលើកិច្ចការអភិរក្ស និង​ជួសជុលប្រាសាទនេះ ដើម្បីរក្សាកេរមត៌កសម្រាប់អ្នកជំនាន់ក្រោយ។

​គប្បីជម្រាបជូនថា វេលាម៉ោង​៤ល្ងាច​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៣​ ​គណៈកម្មការ​​បេតិកភណ្ឌ​ពិភពលោក​សម្រេច​ធ្វើការ​ចុះបញ្ជី​ដាក់បញ្ចូល​ប្រសាទ​កោះកេរ​ដាក់​ក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភលោក​នៃអង្គការ​យូណេស្កនៅ ក្នុងកិច្ចប្រជុំលើក​ទី៤៥​ របស់​គណៈកម្មាធិកា​របេតិកភណ្ឌ​ពិភពលោក​ នៅទីក្រុងរីយ៉ាដ​ ​ប្រទេសអារ៉ាប៊ីសាអូឌីត ។ ប្រាសាទ​កោះ​កេរ​ ជា​រមណីយដ្ឋាន​បុរាណវិទ្យា​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាងជើង​​នៃ​ប្រទេស​កម្ពុជា​ ចម្ងាយ​ប្រហែល​ ១២០​ គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប​ និង​ជា​រាជធានី​បុរាណ​នៃ​អាណាចក្រ​ខ្មែរ​ ត្រូវ​បាន​កំណត់​ឱ្យ​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​។ នៅ​ឆ្នាំ​២០០៤ រដ្ឋាភិបាល​បានកំណត់​តំបន់​ប្រាសាទ​កោះ​កេរ​មាន​ចំនួន​៨.១០០ ហិកតា​។ ក្រោយមក​អ្នកជំនាញ​អន្តរជាតិ ដែល​បាន​ជួយ​រៀបចំ​ពាក្យសុំ​បេតិកភណ្ឌ​បាន​ពិនិត្យមើល​សក្តានុពល នៃ​រមណីយដ្ឋាន បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ចេញ​ក្រឹត្យ​ថ្មី ដោយ​កំណត់​តំបន់​ប្រាសាទ​ទំហំ​៨.៧០០ ហិកតា​។

ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ទីតាំង​ប្រជុំ​ប្រាសាទ​កោះ​កេរ​នេះ គឺជា​អតីត​រាជធានី “​ឆោ​កគ​គ៌្យ​រ​” របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ដែល​ត្រូវបាន​កសាងឡើង​ក្នុង​សតវត្ស​ទី​១០ (៩២៨-៩៤២)​។ ព្រះអង្គ​បាន​ផ្លាស់ប្តូរ​រាជធានី​ពី​ក្រុង​យ​សោធរ​បុ​រៈ (​ក្រុង​អង្គរ​) ទៅកាន់​តំបន់​កោះ​កេរ​នេះ​ក្រោយពេល​ដណ្ដើម​រាជបល្ល័ង្ក​ពី​ក្មួយ​របស់​ព្រះអង្គ គឺ​ព្រះបាទ​យ​សោ​វរ្ម័នទី​២ ដែល​សោយរាជ្យ​នៅ​ក្រុង​អង្គរ​។ ប្រាសាទ​នេះ​កសាងឡើង​តាម​រចនាប័ទ្ម​កោះ​កេរ ដែលមាន​រាង​ស្រដៀង​នឹង​ពីរ៉ាមីត។

ដោយឡែករយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះមាន ភ្ញៀវទេសចរជាតិ និង​បរទេស ទៅកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ សរុបចំនួន ​១៦ ៣៥៩នាក់​។ក្នុងនោះរមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលភ្ញៀវ​ទេសចរសរុបចំនួន៣ ៦៨១នាក់ រួមមានភ្ញៀវជាតិ ចំនួន៣ ៦២០នាក់ ភ្ញៀវ​បរទេស ចំនួន៦១នាក់។ ចំណែកភ្ញៀវចូលទស្សនាសសរមន្ទីរធម្មជាតិសកល​សម្តេចតេជោ​ ហ៊ុន​ សែន​ ព្រះវិហារសរុប​ ១៨៣នាក់​ ក្នុងនោះភ្ញៀវជាតិ​ចំនួន​១៧៩នាក់​ ភ្ញៀវបរទេសចំនួន៤នាក់។

ដោយឡែកនៅរមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវសរុប​ចំនួន​ ១២ ៤៩៥នាក់​ ក្នុងនោះទេសចរជាតិសរុប១២ ៤១៧​នាក់​ ភ្ញៀវបរទេស​ចំនួន៧៨នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T