ប្រដាល់៖ ទីបំផុត ដំរីយោលដៃ ពេជ្រ ប៊ុនសិដ្ឋ បានចេញមុខឆ្លើយតបទៅកាន់ ហនុមាន ពាន់ស្នៀត កាន់ ម៉េងហុង វិញហើយ បន្ទាប់ពីថ្មីៗនេះមានរឿងក្តៅគគុកតែម្តង ជុំវិញ កាន់ ម៉េងហុង ដែលបានប្រកាសក្តែងៗថា ចង់ជួបជាមួយ ពេជ្រ ប៊ុនសិដ្ឋ បែបលក្ខណៈហ្គង់ធំ ៣ទឹកក៏បាន ៥ទឹកក៏បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាពេលថ្មីៗនេះ អ្នកគាំទ្រប្រដាល់គុនខ្មែរ ច្បាស់ជាបានតាមទាន់ហើយអំពី ការលេងសម្តីគ្នានៅលើបណ្តាញសង្គមរវាង កាន់ ម៉េងហុង និង លោកគ្រូ ពេជ្រ សុផាន់ រឿង ម៉េងហុង ប្រកាសចង់ជួប សិស្សលោកគ្រូផាន់ ដាក់នរណាក៏បានគីឡូ ៥៧ ហ្គង់ធំ មិនថា ពេជ្រ អទិទេព មិនថា ពេជ្រ ប៊ុនសិដ្ឋ ប៉ុន្តែ អ្នកដែលខ្លួនចង់ជួបបំផុត គឺ ប៊ុនសិដ្ឋ ប្រកួតបែបហ្គង់ធំ ៣ទឹក ឬ ៥ទឹក យ៉ាងណា លោកគ្រូ ផាន់ នឹងទទួលការប្រកួត លុះត្រាណា ម៉េងហុង ព្រមប្រកួតបែបហ្គង់ចេញម្រាម ដើម្បីឲ្យដាច់ស្រាច់។
យ៉ាងណាមិញ ថ្មីៗនេះ ពេជ្រ ប៊ុនសិដ្ឋ ក៏បានចេញវីដេអូ ឆ្លើយតបទៅកាន់ ម៉េងហុង ដែលចង់ប្រកួតជាមួយខ្លួន យ៉ាងដូច្នេះថា៖
បើប្អូនចង់ជួបមែនទែនហើយ បងក៏មិនថាអ្វីដែរ ប៉ុន្តែបងមានពីរជម្រើស លក្ខខណ្ឌទីមួយ ឲ្យទៅជួបជាមួយ ពេជ្រ អទិទេព និង ពេជ្រ កក្កដា បើឈ្នះហើយ បងនឹងចាំទទួល ក៏ ប៉ុន្តែ លក្ខណៈទីពីរ បងអត់ទទួលការប្រកួតបែបហ្គង់ចេញម្រាម ឬ ហ្គង់ធម្មតាទេ គឺ ប្រកួតបែបរុំស្កុត រុំតែដៃទេ ១ទឹក១០នាទី គ្មានចៅក្រមកាត់ក្តី បើគ្មានអ្នកសន្លប់ ថែមទឹកទៀត៕
