ប្រដាល់៖ តាមការទម្លាយដោយលោកគឹម ស៊្រុនកុសល ឬ Tommy Kim ដែលទីប្រឹក្សារបស់ស្ថានីយទូរទស្សន៍ Town បានឱ្យដឹងថា លោកធ្លាប់បានទាក់ទងទៅកាន់កីឡាករជើងខ្លាំងរបស់ ប៊ុលហ្គារី Stoyan Koprivlenski ម្តងហើយ ដើម្បីចរចាឱ្យរូបគេមកជួបជើងខ្លាំងរបស់កម្ពុជាកីឡាករ ធឿន ធារ៉ា ប៉ុន្តែចុងក្រោយរូបគេបានបដិសេធសំណើចំពោះជំនួបមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយើងរម្លឹកបន្តិច ទៅកាន់ដើមខែ កក្កដា កន្លងទៅ ដែលពេលនោះ Stoyan បានជួបជាមួយអ្នកប្រដាល់ថៃ Buakaw Banchamek លក្ខណៈ Kick Boxing នៅសង្វៀន K-1 របស់ជប៉ុន ហើយពេលនោះទៀតសោត Stoyan បានធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីរូបគេបានយកឈ្នះ Buakaw ដែលគេស្គាល់ថា ជាស្តេចប្រដាល់របស់ថៃ ដោយពិន្ទុ និងបានឡើងទៅកាន់វគ្គនីមួយៗជាបន្តបន្ទាប់ រហូតដណ្តើមបានខ្សែក្រវាត់ និងពានពីសង្វៀន K-1។
យ៉ាងណាមិញ បន្ទាប់ពីការប្រកួតនេះត្រូវបានបញ្ចប់ មានអ្នកគាំទ្រកម្ពុជាជាច្រើន បានសំណូមពរចង់ឱ្យ កម្ពុជា យើងនាំយកកីឡាករ ប៊ុលហ្គារី រូបនេះ ដើម្បីឱ្យមកជួបជាមួយ ធឿន ធារ៉ា ដោយសារតែមើលឃើញថា Stoyan ទាំងសមត្ថភាព ទម្ងន់ និងកម្ពស់រាងរៅ គឺពិតជាសក្តិសមជាមួយ ធារ៉ា ខ្លាំងណាស់។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយអេដមីនខាត់ ស្តង់ដា លោក Tommy Kim បានមានប្រសាសន៍ថា តាមពិតទៅលោកធ្លាប់បានទាក់ទងដោយផ្ទាល់ទៅកាន់ Stoyan រួចម្តងហើយ ដើម្បីឱ្យរូបគេមកជួបជាមួយធឿន ធារ៉ា វាយជាលក្ខណៈគុនខ្មែរ ប៉ុន្តែចុងក្រោយ Stoyan បានបដិសេធនូវសំណើនេះភ្លាមៗ ដោយរូបគេសំអាងថា គេនឹងមិនវាយជាលក្ខណៈគុនខ្មែរនោះទេ ដោយសារតាំងពីដើមមក គឺគេមិនដែលបានហាត់លក្ខណៈគុនខ្មែរទាល់តែសោះ ប៉ុន្តែបើវាយជាលក្ខណៈ Kick Boxing វិញ គេអាចនឹងទទួលជំនួបនេះបាន៕