ប្រដាល់៖ ថ្មីៗនេះមានដំណឹងដ៏គួរឱ្យចាប់អារម្មណ៍មួយថា កីឡាករក្របីព្រៃពេជ្រ សម្បត្តិ របស់កម្ពុជា អាចនឹងត្រូវជួបគ្នាជាមួយកីឡាករ អាហ្វ្រិកខាងត្បូង Ncedo Gomba ជាលើកទី ២ បន្ទាប់ពីប្រធានចាប់គូប្រចាំសង្វៀនគ្រុឌគុនខ្មែរ លោក មុល នី បានបង្ហើបថា "ប្រសិនបើមិនមានអ្វីប្រែប្រួលទេ គឺ ពេជ្រ សម្បត្តិ នឹងត្រូវជួបគ្នាជាមួយ Ncedo Gomba ម្តងទៀត ប៉ុន្តែលើកនេះពិសេសត្រង់ថា ការប្រកួតគឺបែបហ្គង់ចេញម្រាម ៥ទឹក និងដាក់ខ្សែក្រវាត់ថ្មីឲ្យដណ្តើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា កាលពីថ្ងៃទី ២៨ ខែកញ្ញា កន្លងទៅ ពេជ្រ សម្បត្តិ បានជួបជាមួយ Gomba នៅសង្វៀន គ្រុឌគុនខ្មែរ ម្តងរួចមកហើយ ហើយជាលទ្ធផល សម្បត្តិ បានរបូតខ្សែក្រវាត់គ្រុឌគុនខ្មែររបស់ខ្លួនមួយគ្រឿងទៅដៃរបស់អ្នកប្រដាល់សញ្ជាតិ អាហ្វ្រិកខាងត្បូង ក្រោយឆ្លងកាត់ការប្រកួតពេញ ៥ ទឹកពេញយ៉ាងស្វិតស្វាញ កូនសិស្សរបស់លោកគ្រូពេជ្រ សុផាន់បានបរាជ័យដោយពិន្ទុ។
បន្ទាប់ពីដណ្តើមបានខ្សែប្រយុទ្ធគ្រុឌមួយគ្រឿងនេះ បានធ្វើឱ្យបច្ចុប្បន្ន Gomba កំពុងកាន់កាប់ខ្សែក្រវាត់គ្រុឌគុនខ្មែរ ២ គ្រឿងម្នាក់ឯង ដោយមួយគ្រឿងទៀត គឺរូបគេដណ្តើមបានពីខ្ញីចាស់នាគខ្មៅឃុន ឌីម៉ា កាលពីចុងខែ កក្កដា កន្លងទៅ។
ងាកមកកាន់ពេជ្រ សម្បត្តិ វិញ បច្ចុប្បន្នរូបគេក៏មានខ្សែក្រវាត់គ្រុឌគុនខ្មែរ ២ គ្រឿងនៅក្នុងដៃផងដែរ ដ្បិតទើបតែរបូតមួយគ្រឿងក្តី ហើយថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអេដមីនខាត់ ស្តង់ដា សម្បត្តិ បាននិយាយថា បើបានជួប Gomba ម្តងទៀតមែន "គេសុំដាក់ខ្សែក្រវាត់គ្រុឌគុនខ្មែរម្នាក់ ២ គ្រឿងតែម្តង"។
យ៉ាងណាក៏ដោយ លោកមុល នី បានបញ្ជាក់រួចហើយ ថាការប្រកួតនេះអាចនឹងដាក់ខ្សែក្រវាត់ថ្មីឱ្យដណ្តើម ប៉ុន្តែយើងនឹងរង់ចាំមើល ថាតើប្រធានចាប់គូនៅ ទ.ទ.ក អាចនឹងកែប្រែឱ្យមានការដណ្តើមខ្សែក្រវាត់ម្នាក់ ២ ខ្សែវិញដែរឬទេ បន្ទាប់ពីមានការសំណូលពរពី សម្បត្តិបែបនេះ។