កម្ពុជា៖ ស្របពេលដែលអ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា កំពុងល្បីខ្លាំង ថ្មីៗនេះស្រាប់តែកាសែត Forbes ដ៏ល្បីរបស់ សហរដ្ឋអាមេរិក បានចុះផ្សាយពីជីវប្រវត្តិសង្ខេបរបស់គាត់ ហើយថែមទាំងបានចាត់ថ្នាក់រូបគាត់ថាជាអត្តពលិកដ៏មានឥទ្ធិពលម្នាក់នៅ អាស៊ី ទៀតផង (30 Under 30 Asia Class of 2024)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីកីឡាករគុនខ្មែរបច្ចុប្បន្ន នរណាៗក៏ទទួលស្គាល់ដែរ ថាធឿន ធារ៉ា គឺជាកីឡាករលំដាប់កំពូលម្នាក់របស់កម្ពុជា ហើយតាមរយៈសមត្ថភាពដ៏លេចធ្លោរ និងភាពល្បីល្បាញរបស់គាត់បែបនេះ គឺកំពុងធ្វើឱ្យពិភពលោកបានស្គាល់គុនខ្មែរកាន់តែច្រើនឡើងៗ ជាក់ស្តែងសូម្បីកាសែត Forbes ក៏បានទទួលស្គាល់ពីសមត្ថភាពរបស់កូនសិស្សលោកគ្រូ អេ ភូថង រូបនេះដែរ។
ដកស្រង់ខ្លឹមសារដើមពីកាសែត Forbes ពួកគេបានសរសើរយ៉ាងដូច្នេះថា៖
ទោះបីជាគុនខ្មែរ ដែលជាទម្រង់ក្បាច់គុនរបស់កម្ពុជា មិនទាន់ត្រូវបានទទួលស្គាល់ច្រើនដូចក្បាច់គុន Muay Thai របស់ ថៃ ក៏ពិតមែន ប៉ុន្តែពេលនេះធឿន ធារ៉ា កំពុងជួយផ្សព្វផ្សាយធ្វើឱ្យគេទទួលស្គាល់ពីវា តាមរយៈការឈ្នះនូវពានលំដាប់កំពូលៗផ្សេងៗ។ តាំងពីគាត់មានអាយុ ១០ ឆ្នាំមកម្ល៉េះ ធឿន ធារ៉ា បានចូលធ្វើការ ដើម្បីផ្គត់ផ្គង់គ្រួសារនៅ កម្ពុជា ដោយគាត់បានធ្វើជាពលករចំណាកស្រុកទៅកាន់ប្រទេស ថៃ។ រហូតដល់គាត់មានអាយុ ១៥ ឆ្នាំគាត់ក៏បានចូលហ្វឹកហាត់គុនខ្មែរនៅភ្នំពេញ។ លុះដល់ឆ្នាំ ២០១៨ គាត់ក៏បានក្លាយជាកីឡាករជម្រើសជាតិគុនខ្មែរ និងនៅឆ្នាំ ២០២៣ តាមរយៈកណ្តាប់ដៃរបស់គាត់ ធឿន ក៏បានផ្តួលតារាលំដាប់កំពូលរបស់ ថៃ ពីរនាក់ ហើយវាក៏បានធ្វើឱ្យគាត់ក្លាយជាអត្តពលិកកំពូលម្នាក់ នៅក្នុងវិញ្ញាសាកីឡាពិភពលោក។
