កម្ពុជា៖ ទីបំផុតស្ថាប័នពិភពលោក I-1 World Championship បានប្រកាសពីសមាសភាពដៃគូរបស់កីឡាករគុនខ្មែរនាគខ្មៅឈឿង ល្វៃ ដែលត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់មាសនៅថ្ងៃទី ២៥ ខែ មិថុនា ខាងមុខនេះហើយ នោះគឺកីឡាករអ៊ីតាលីដែលមានឈ្មោះថា Luca Lombardo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រម្លឹកថា កាលពីពាក់កណ្តាលខែ មីនា ឆ្នាំ ២០២៤ កន្លងទៅឈឿង ល្វៃ ធ្លាប់បានឡើងសង្វៀន I-1 ដែលធ្វើឡើងនៅទឹកដីហុងកុងនេះម្តងរួចមកហើយ ដោយពេលនោះរូបគេបានយកឈ្នះលើកីឡាករ ថៃ Fahsang និងកីឡាករ Elysee Kochiese នៅវគ្គផ្តាច់ព្រ័ត្រ រហូតដណ្តើមបានខ្សែក្រវាត់ I-1 World Championship លើប្រភេទទម្ងន់ ៧២ គ.កមួយខ្សែ។ រីឯ Lombardo វិញ គាត់ក៏ជាម្ចាស់ខ្សែក្រវាត់ I-1 មួយរូបដែរ ដោយគាត់បានឈ្នះខ្សែក្រវាត់នេះ មុនឈឿង ល្វៃ ពោលគឺតាំងពីពាក់ខែ ឧសភា ឆ្នាំ ២០២៣ មកម្ល៉េះ។

ដោយឡែកនៅថ្ងៃទី ២៥ ខែ មិថុនា ខាងមុខនេះ ខាងស្ថាប័ន I-1 គឺបានផ្គូរផ្គងឱ្យម្ចាស់ខ្សែក្រវាត់ I-1 ទាំង ២ ត្រូវជួបគ្នានៅលើទឹកដី ហុងកុង ដដែល ដើម្បីស្វែងរកជើងខ្លាំង ថានរណាដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់មាសរបស់ I-1។

ងាកមកកាន់កីឡាករ អ៊ីតាលី Lombardo បើយើងមើលពីស្ថិតិប្រកួតកន្លងមករបស់រូបគេគឺមិនធម្មតានោះទេ ជាពិសេសអ្នកប្រដាល់វ័យ ៣០ ឆ្នាំរូបនេះគឺធ្លាប់មានប្រវត្តិឡើងសង្វៀនធំៗជាច្រើនដូចជាសង្វៀន I-1 នេះឯង, សង្វៀន RWS, សង្វៀន Thai Fight និង សង្វៀន ONE ជាដើម។
ហើយបើនិយាយពីស្ថិតិប្រកួតវិញ ដោយរាប់តែប្រកួតផ្លូវការ Lombardo ធ្លាប់បានប្រកួតចំនួន ៨០ ដង ក្នុងនោះគេឈ្នះចំនួន ៦៥ ដង ចាញ់ ១៣ ដង និង ស្មើ ២ ដង ខណៈការប្រកួតចុងក្រោយ គឺរូបគេបានយកឈ្នះលើកីឡាករ ថៃ Wanchana នៅសង្វៀន RWS ដោយពិន្ទុ។

