រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

//s9.kh1.co/00/00125a3f63bc5b02a4b76ae5656c69e4b8b43ddf.jpg
សង្គម

 ១១-មេសា-២០២៤ ១០ព្រឹក · ១៩ ថ្ងៃមុន

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួម រក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ខណៈពេលអាកាសធាតុ កំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

២- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣- ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យ បានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T