ភ្នំពេញ៖ តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ បន្តហក់ឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៤នេះ ដែលតម្លៃកើនឡើងជាមធ្យមចន្លោះពី៥ ទៅ១០ដុល្លារអាម៉េរិកក្នុង១តោន អាស្រ័យទៅតាមប្រភេទអង្ករ ខណៈឆ្នាំ២០២៣ តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនដល់ ២១ភាគរយ ដោយសារមានការព្រួយបារម្ភអំពីអាកាសធាតុ និងការកាត់បន្ថយការនាំចេញអង្ករ ស របស់ឥណ្ឌា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមតារាងតម្លៃអង្ករ ដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ មករា ឆ្នាំ២០២៤នេះថា តម្លៃអង្ករកម្ពុជានាំចេញនៅត្រឹមកំពង់ផែ គិតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ គឺអង្ករម្លិះអង្ករ ឬអង្ករផ្កាម្លិះJasmine (Malys Angkor) មានតម្លៃហក់ឡើងដល់ ៩៣៥ដុល្លារអាម៉េរិកក្នុង១តោន និង អង្ករសែនក្រអូប Fragrant Rice (SKO) មានតម្លៃ ៨៤៥ដុល្លារអាម៉េរិក ក្នុង១តោន ។ អង្ករទាំងពីរប្រភេទនេះ មានតម្លៃកើនឡើងចំនួន ៥ដុល្លារអាម៉េរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។
សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងទៀតថា អង្ករចំហុយ ឬហៅថា Parboiled Rice មានតម្លៃ ៧៩០ ដុល្លារអាម៉េរិក ក្នុង១តោន និង អង្ករ ស បាយរឹង ឬហៅថា White Rice (Hard Texture) មានតម្លៃ ៧៩០ដុល្លារអាម៉េរិក ក្នុង១តោន ដែលអង្ករទាំងពីរប្រភេទនេះ មានតម្លៃហក់ឡើងចំនួន ១០ដុល្លារអាម៉េរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ ដោយឡែក អង្ករសែនក្រអូប Fragrant Rice (SRO) មានតម្លៃ ៧៩០ដុល្លារអាម៉េរិក ក្នុង១តោន និងអង្ករ ស បាយទន់ (Soft Texture) មានតម្លៃ ៧៨០ដុល្លារអាម៉េរិក ក្នុង១តោន ។ ដោយអង្ករទាំងពីរប្រភេទនេះមានតម្លៃធ្លាក់ចំនួន ១០ដុល្លារអាម៉េរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។
បើទោះជា តម្លៃអង្ករទាំងពីរប្រភេទនេះធ្លាក់ចុះបន្តិចនៅក្នុងខែមករា ឆ្នាំ២០២៤នេះ ប៉ុន្តែតម្លៃនេះនៅតែខ្ពស់ បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ដែលមានតម្លៃជាមធ្យម ៧០០ដុល្លារអាម៉េរិក ក្នុង១តោនប៉ុណ្ណោះ ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា ដោយសារតម្លៃអង្ករបន្តកើនឡើងជាវិជ្ជមាន បាននាំឱ្យប្រាក់ចំណូលពីការនាំចេញអង្ករនៅក្នុងឆ្នាំ២០២៣ កើនរហូតដល់ ១៣ភាគរយ ខណៈបរិមាណ នៃការនាំចេញអង្ករកើនត្រឹម ៣ភាគរយប៉ុណ្ណោះ ។
លោកមានប្រសាសន៍បន្តថា « កត្តាដែលកើនឡើង ទី១- តម្លៃវារៀងឡើងថ្លៃជាងឆ្នាំមុន បរិមាណវាកើនតិច ក៏ប៉ុន្តែតម្លៃលក់បានថ្លៃជាងឆ្នាំមុន អីចឹងបានធ្វើឱ្យឃើញកំណើនបរិមាណតិចល្មម ក៏ប៉ុន្តែកំណើនជាទឹកប្រាក់ វាច្រើនជាងមុន » ។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ២១ភាគរយ ក្នុងឆ្នាំ២០២៣ ពីព្រោះការព្រួយបារម្ភអំពីផលប៉ះពាល់នៃឥទ្ធិពលបាតុភូទធម្មជាតិ El Niño លើផលិតកម្មស្រូវ និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ។
នៅក្នុងខែធ្នូ ឆ្នាំ២០២៣ សន្ទស្សន៍តម្លៃអង្កររបស់អង្គការ FAO បង្ហាញថា កើនឡើង ១,៦ភាគរយ លើសពីខែវិច្ឆិកា ដោយការកើនឡើងនេះបណ្តាលមកពីការសម្រុកទិញរបស់អាជីវករមួយចំនួនធំនៅតំបន់អាស៊ី ព្រមទាំងការធ្លាក់ចុះ នៃការប្រកួតប្រជែងក្នុងចំណោមអ្នកនាំចេញ ក៏ដូចជាការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌា និងការធ្លាក់ចុះ នៃបរិមាណអង្ករនៅក្នុងប្រទេសវៀតណាម ។
កម្ពុជាបាននាំចេញអង្ករ ក្នុងបរិមាណសរុប ៦៥៦ ៣២៣តោន ដែលគិតជាទឹកប្រាក់ចំនួនជាង ៤៦៦លានដុល្លារអាម៉េរិក ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣។ ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣នេះ មានកំណើនលើបរិមាណ ៣ភាគរយ និងទឹកប្រាក់មានកំណើន ១៣ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ពីសហព័ន្ធស្រូវអង្ករកម្ពុជា ៕
ប្រភព៖ ក្រសួងព័ត៌មាន



